photo_2023-06-13_13-48-23

ព្រះបរមរាជវាំង រាជធានីភ្នំពេញ

ព្រះបរមរាជវាំង មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស សាងសង់ឡើងនៅឆ្នាំ១៨៦៦ ក្នុងរជ្ជកាលហ្លួងនរោត្តម។ នៅក្នុងព្រះបរមរាជវាំងមាន ៖

  • ប្រាសាទទេវាវិនិច្ឆ័យ ជាកន្លែងសម្រាប់ព្រះមហាក្សត្រឡើងសោយរាជ្យ
  • ប្រាសាទខេមរិន្ទ ជាកន្លែងសម្រាប់ព្រះមហាក្សត្រ និង អគ្គមហេសីគង់នៅ
  • ប្រាសាទសំរានភិរម្យ ជាកន្លែងដែលព្រះមហាក្សត្រឡើងគង់លើដំរីរាជ្យ
  • ហោរបាគូ ឬ ហោរព្រះខ័ន ជាកន្លែងទុកដាក់វត្ថុសម្រាប់សោយរាជ្យ
  • ច័ន្ទឆាយា ជាទីកន្លែងដែលគេហាត់រាំរបាំព្រះរាជ្យទ្រព្យ និង របាំថ្វាយព្រះមហាក្សត្រព្រះញាតិវង្សានុវង្ស និង ពួកមន្រ្តីជាន់ខ្ពស់។ នៅពីមុខច័ន្ទឆាយាមានព្រះទិវា សម្រាប់ព្រះមហាក្សត្រធ្វើសវនការជាមួយប្រជារាស្រ្ត និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់។
image 12 1

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង ពេលវេលា និងតម្លៃសំបុត្រ ចូលទស្សនា ៖

-ទីកន្លែង : ស្ថិតនៅខណ្ឌដូនពេញ ក្រុងភ្នំពេញ រាជធានីភ្នំពេញ.

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/RKdmi9MxVZizPaxP6

-ពេលវេលា និងតម្លៃសំបុត្រ :

  • ពេលវេលាចូលទស្សនា : ពេលព្រឹកចាប់ពីម៉ោង ០៨:០០-១១:០០ព្រឹក និង ពេលរសៀលចាប់ពីម៉ោង ០២:០០ ដល់ ០៥:០០រសៀល
  • តម្លៃសំបុត្រទស្សនា : សម្រាប់ភ្ញៀវជាតិ ១,០០០រៀល/នាក់, សម្រាប់ភ្ញៀវបរទេស ១០ដុល្លារ/នាក់ (ការចូលក្នុងព្រះបរមរាជវាំង តម្រូវអោយពាក់ម៉ាស់).

image
image 1
image 2
image 3

វត្តព្រះកែវមរតក

image 12 7 edited

វត្តព្រះកែវមរតកត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨៩២ ដល់ឆ្នាំ១៩០២ តាមលំនាំស្ថាប្យកម្មខ្មែរ ហើយត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញ នៅក្នុងឆ្នាំ១៩៦២។

វត្តនេះពីដើមគេហៅថា វត្តឧបោសថរតនារាម ដោយមកពីព្រះមហាក្សត្រទ្រង់យកទីកន្លែងនោះកាន់ឧបោសថសីលជារៀងរាល់ថ្ងៃសីល។ ក្រៅពីនេះ ក៏មានព្រះរាជវង្សានុវង្ស និង នាមុឺនសព្វមុខមន្រ្តីក៏បានប្រារព្ធពិធីបុណ្យផ្សេងៗតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនានៅទីនេះដែរ។

ប៉ុន្តែក្នុងវត្តនេះគ្មានព្រះសង្ឃគង់នៅទីនេះទេ មានតែព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ដែលទ្រង់គង់នៅទីនេះទេ ក្នុងពេលសាងព្រះផ្នួសរយៈពេលមួយព្រះវស្សា (ថ្ងៃទី១៤កើត ខែទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស ២៤៩០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៤៧)។ ហេតុដូច្នេះហើយបានជាមានពាក្យសាមញ្ញហៅថា ព្រះវិហារព្រះកែវ ពោលគឺឥតមាន “វត្ត” ក្នុងពាក្យហៅនោះទេ។ នៅពេលណាដែលព្រះរាជាទ្រង់ប្រារព្ធព្រះរាជពិធីតាមព្រះពុទ្ធសាសនាគឺត្រូវនិមន្តព្រះសង្ឃគង់ពីវត្តដ៏ទៃទៀតក្នុងរាជធានីភ្នំពេញដូចជានៅវត្តឧណ្ណាលោម វត្តបទុមវត្តីជាដើម។

វត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំង ដែលហ៊ុមព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះ។ នៅតាមបណ្ដោយថែវនេះ គេធ្លាប់បានប្រើប្រាស់ជាថ្នាក់រៀនភាសាបាលីសម្រាប់ព្រះសង្ឃដែលគង់នៅតាមវត្តក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តមួយចំនួនមុនពេលបង្កើតសាលាបាលីនៅភ្នំពេញ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៣០។

នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណដែលនិទានពីរឿងរាមកេរ្ដិ៍ពីដើមដល់ចប់។ គំនូរនេះត្រូវបានគូរឡើងនៅក្នុងឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំរបស់លោកឧកញ៉ាទេពនិមិត្តធ្លាប់រួមជាមួយវិចិត្រករខ្មែរចំនួន ៤០នាក់។

គំនូរនេះចាប់ផ្ដើមរឿងពីថែវខាងកើតផ្នែកខាងត្បូងទៅព័ន្ធមួយជុំថែវទាំងមូលដែលមានប្រវែង ៦៤២ម៉ែត្រ និង មានកម្ពស់ ៣ម៉ែត្រ ដូច្នេះមានន័យថាគេមើលថែវរូបគំនូរនេះតាមរង្វង់ប្រទក្សិណ។ គំនូរបុរាណនៅជុំវិញថែវ រឿងរាមកេរ្ដិ៍ បានបង្ហាញពីលក្ខណៈពិសេសប្លែកដែលពុំមានផ្ដិតយក ឬ ក៏ចម្លងទាំងស្រុងពីរឿងរាមាយណៈរបស់ឥណ្ឌាឡើយ ពីព្រោះក្នុងរឿងរាមកេរ្ដិ៍ដំណើររឿងមានអន្លើខ្លះ ហាក់ដូចជាស្ថិតក្នុងអាថ៌កំបាំងទាល់តែមើលឲ្យឆ្ងាយតៗទៅមុខ ទើបដឹងដំណើរប្រវត្តិរៀងខាងក្រោមវិញ។ ឬមួយទាល់តែដឹងរឿងបែបរាមាណៈខ្លះទើនឆាប់យល់។ ខ្លឹមសាររឿងរាមកេរ្ដិ៍នេះត្រូវបានគេបកស្រាយឈុតខ្លះជាល្ខោនខោលស្បែកធំ ឬ ធ្វើជារូបចម្លាក់ផ្សេងៗ និង ប្រើជាការទស្សន៍ទាយហោរាមើលជោគជតារាសី។

សព្វថ្ងៃគំនូរនេះ មានសភាពទ្រុឌទ្រោម និងរលុបបាត់បន្តិចម្ដងៗដោយធាតុអាកាស និង មេរោគសុីថ្ម ព្រមទាំងការបំផ្លិចបំផ្លាញដោយមនុស្ស។ នៅក្នុងឆ្នាំ១៩៨៥ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលបូឡូញ លើកគម្រោងការពារ និង ជួសជុលរូបគំនូរ តែការជួសជុលនោះដំណើរការបានតែ ៥ឆ្នាំប៉ុណ្ណោះ ក្រោយមកក៏ត្រូវបានបញ្ចប់ ដោយមកពីថវិកាសម្រាប់ចំណាយលើគម្រោងនេះផុតកំណត់។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងរកមធ្យោបាយក្នុងការថែរក្សា និង ជួសជុលបេតិកភ័ណ្ឌវប្បធម៌នេះឡើងវិញ។

នៅខាងមុខព្រះវិហារមានព្រះចេតីយ៍ធំពីរ និង រូបសំណាកមួយគ្របដោយដំបូលពីលើ។ ព្រះចេតីយ៍ខាងត្បូងគឺជាព្រះចេតីយ៍ដែលបញ្ចុះព្រះអដ្ធិធាតុព្រះបាទអង្គឌួង ដែលបានកសាងនាថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំមមែ នព្ពស័ក ព.ស ២៤៥០ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩០៨ (ត្រូវជាអយ្យកោលួតរបស់ព្រះចេតីយ៍ដែលបញ្ចុះអដ្ធិធាតុ ព្រះនរោត្ដម សីហនុ)។ ព្រះចេតីយ៍ខាងជើង គឺជាព្រះចេតីយ៍ដែលបញ្ចុះអដ្ធិធាតុព្រះបាទនរោត្ដម ដែលបានកសាងនាថ្ងៃសុក្រ ទី១១កើត ខែផល្គុន ឆ្នាំមមែ នព្ពស័ក ព.ស២៤៥០ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩០៨ (ត្រូវជាអយ្យកោទួតរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ)។

រូបសំណាកគង់លើសេះស គឺជាព្រះបរមរូបព្រះបាទ សម្តេចព្រះនរោត្តម ដែលបានកសាងឡើងនៅក្នុងឆ្នាំ១៨៧៥ គឺជាវត្ថុអនុស្សាវរីយ៍ពីព្រះចៅ ណាប៊ូលឡេអុង ទី៣ នៃប្រទេសបារាំង ហើយបានយកមកតម្កល់ទុកនៅ ខាងមុខព្រះវិហារក្នុងឆ្នាំ១៨៩២ ប៉ុន្តែមិនទាន់មានដំបូល គ្របពីលើនៅឡើយទេ។ លុះមកដល់ឆ្នាំ១៩៥៣ ក្នុងពេលដែលសម្ដេចព្រះប្រមុខរដ្ឋរៀបចំបូជនីយកិច្ច ទាមទារឯករាជ្យពីនឹមអាណានិគមបារាំង ព្រះអង្គទ្រង់ បានមកបួងសួងសុំជ័យជំនះ នៅចំពោះមុខ ព្រះបរម រូបនេះ។ ក្រោយពីទទួលបានជ័យជំនះក្នុងការទាមទារ ឯករាជ្យជាតិពីពួកអាណានិគម ព្រះអង្គទ្រង់បានចាត់ឱ្យ គេកសាងដំបូលនេះគ្របពីលើជាកិច្ចតបស្នងសងគុណ ចំពោះបារមីព្រះបាទសម្តេចព្រះ នរោត្ដម។

ព្រះវិហារត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសម្តេចព្រះ នរោត្តម តែនៅពេលនោះ សំណង់ព្រះវិហារនេះធ្វើអំពីឈើ និងឥដ្ឋ ហើយបានប្រារព្ធព្រះរាជពិធី បញ្ចុះសីមាឆ្លងនៅថ្ងៃ ៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៤៤៥ ត្រូវនឹង ថៃ្ងព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ១៩០៣។ លុះក្រោយមកសំណង់នេះក៏មាន សភាពទ្រុឌទ្រោម ហើយតម្រូវឱ្យមានការជួសជុលឡើងវិញ។ នៅក្នុងឆ្នាំព្រះរាជតម្រិះសម្តេចព្រះមហាក្សត្រីយានី កុសមៈ នារីរ័ត្ន និងក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់នៃសម្ដេចព្រះប្រមុខរដ្ឋ នរោត្ដម សីហនុ ព្រះវិហារចាស់នេះត្រូវបានគេរុះរើចោល រួចស្ថាបនាជាថ្មីឡើងវិញ អំពីបេតុង អាម៉េ តែគេនៅរក្សានូវស្ថាបត្យកម្មពីមុនដដែល ព្រមទាំងមានកម្រាលក្រាលពីលើ ប្រាក់ និងសសរបិទថ្មកែវដែលនាំចូលពីប្រទេសអ៊ីតាលី។

ព្រះវិហារនេះហៅថា ព្រះវិហារព្រះកែវមរកត ដោយយកព្រះនាមព្រះពុទ្ធរូបមួយអង្គ ក្នុងព្រះវិហារធ្វើអំពីត្បូងកែវដ៏មានតម្លៃ ហើយសន្មត់ថា “កែវមរកត”។ ប៉ុន្តែជនជាតិ អឺរ៉ុបតែងនិយមហៅថា ព្រះវិហារប្រាក់ ពីព្រោះគេសំអាងលើកម្រាលដែលក្រាលក្នុងព្រះវិហារទាំងមូល ដែលធ្វើអំពីការ៉ូប្រាក់សុទ្ធមានចំនួន ៥.៣២៩សន្លឹក ដែលក្នុងមួយសន្លឹក មានទម្ងន់ ១.១២៥ គ.ក។

វត្ថុសិល្បៈដែលតាំងក្នុងព្រះវិហារមានចំនួន ១.៦៥០ (ភាគច្រើនជាព្រះពុទ្ធរូប) ដែលសុទ្ធសឹងសាងអំពី មាស ប្រាក់ ទង្វា សម្រិត លង្ហិន ព្រមទាំងមាន ដាំត្បូងពេជ្រផង។ វត្ថុសិល្បៈទាំងនេះសុទ្ធតែជាពុទ្ធបូជារបស់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស នាម៉ឺនមន្ត្រី និងពុទ្ធសាសនិកជន ជាដង្វាយថ្វាយចំពោះព្រះកែវមរកត ដើម្បីប្រាថ្នាសុំសេចក្តី សុខសន្តិភាព សេចក្ដីសម្បូរសប្បាយក្នុងជាតិនេះ និងជាតិខាងមុខ និងទុកជាកេរដំណែល វប្បធម៌សម្រាប់កូនចៅជំនាន់ក្រោយផង។

នៅខាងមុខបុស្សបុកធំ មានព្រះពុទ្ធរូបទ្រង់ឈរមួយព្រះអង្គធំអំពីមាសទម្ងន់ ៩០គ.ក (រួមទាំងជើងទ្រ និងឆ័ត្ររួតខាងលើ) ព្រមទាំងមានដាំត្បូងពេជ្រទាំងតូចទាំងធំចំនួនសរុបទាំងអស់ ២,០៨៦គ្រាប់ពេជ្រ ដែលធំជាងគេគឺស្ថិត នៅលើម្កុដមានទំហំ ២៥ លី និង បន្ទាប់មកពេជ្រនៅលើ ព្រះសុរងមានទំហំ ២០លី។ ព្រះពុទ្ធរូប នេះកសាងឡើងក្នុងឆ្នាំ១៩០៤ ដោយព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ តាមព្រះរាជបណ្តាំរបស់ព្រះបាទសម្តេចព្រះ នរោត្ដម មុនពេលព្រះអង្គទ្រង់សោយទីវង្គត ព្រះអង្គ មានព្រះបន្ទូលផ្តាំថា “ ក្រោយពេលថ្វាយ ព្រះភ្លើង ព្រះអង្គហើយ ត្រូវយកកោដិមាស នេះមករំលាយ ដើម្បីធ្វើព្រះពុទ្ធរូបមួយអង្គ តំណាងឱ្យព្រះស្រីអារ្យមេត្រី”។ លុះក្រោយមក ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិទ្រង់បានចាត់ ឱ្យកសាងព្រះពុទ្ធនេះឡើង ដើម្បីឧទ្ទិសមគ្គផលថ្វាយដល់ព្រះបាទសម្ដេចព្រះនរោត្ដម សូមឱ្យព្រះអង្គបានទាន់ព្រះស្រីអារ្យមេត្រីក្នុងឆ្នាំ ៥០០០ នៃពុទ្ធស័ករាជ ហើយប្រទាន ព្រះនាម ព្រះពុទ្ធរូបនេះថា ព្រះជិនរង្សីរាជិកនរោត្តម។

វត្ថុសំខាន់ៗនៅក្នុងព្រះវិហារព្រះកែវមរកតរួមមាន ៖

  • នៅបុស្សបុក គឺព្រះកែវមរកតដែលជាវត្ថុសំខាន់ក្នុងការកំណត់ឈ្មោះ ព្រះវិហារនេះ។
  • នៅក្នុងទូរកញ្ចក់តូច គឺព្រះសិរីរិកធាតុរបស់ព្រះពុទ្ធដែលនាំមកពីប្រទេស សិរីលង្កា ដោយសម្តេចសង្ឃរាជល្វាឯម គង់នៅវត្តលង្កា ក្រុងភ្នំពេញឆ្នាំ ១៩៥៦។
  • នៅក្នុងទូរបន្ទាប់ជាព្រះរាជដង្វាយរបស់សម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្ន នៅក្នុងឆ្នាំ ១៩៦៩។ ព្រះរាជដង្វាយនេះគឺជាព្រះពុទ្ធរូប សាងអំពីមាស។
  • ព្រះពុទ្ធរូបប្រក់នាគ : ដែលជាតំណាងរបស់ព្រះពុទ្ធជាម្ចាស់កាលព្រះអង្គ គង់នៅលើភ្លឺស្រះមុចលទ្ទិ។
  • វត្ថុដែលដាក់ក្នុងទូរផ្សេងៗទៀត គឺជាវត្ថុអនុស្សាវរីយ៍ គ្រឿងប្រដាប់ប្រដា គ្រឿងលម្អក្នុងព្រះរាជពិធីបុណ្យផ្សេងៗ ព្រមទាំងគ្រឿងប្រដាប់ប្រដា សម្រាប់ពិធីសាសនា។

នៅខាងត្បូងនៃព្រះវិហារព្រះកែវមរកតគឺ មន្ទីរសធម្ម ឬ ធម្មសាលា ជាកន្លែងសម្រាប់ចម្រើនព្រះបរិត្ត និង សត្តប្បករណាធម្ម និងមានចេតីយ៍ ព្រះបាទសម្តេច ព្រះនរោត្ដម សុរាម្រិត ដែលត្រូវជាព្រះបិតារបស់ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ កសាងក្នុងឆ្នាំ ១៩៦០។ ក្រៅពីនេះ នៅមាន :

កឹងព្រះបាទ

កឹងព្រះបាទ ជាកន្លែងតម្កល់ទុកនូវស្នាមព្រះបាទ របស់ព្រះពុទ្ធទាំងបួនអង្គដែលបានត្រាស់ដឹងហើយមាន : កុកសន្ធោ នាគកមនោ កស្សបោ និង សមណគោតម។ ហើយនៅមានព្រះពោធិសត្វ មួយអង្គទៀតមិនទាន់ បានត្រាស់នៅឡើយ គឺ ព្រះស្រីអារ្យមេត្រី ដែលពុទ្ធសាស និកជនមានជំនឿថា ព្រះអង្គ និងចេញមកប្រោសសត្វ លោកនៅពេលខាងមុខ។

ភ្នំខ័ន្មមាលីនាទីបត៌តកៃលាស

ភ្នំខ័ន្ឋមាលីនាទីបត៌តកៃលាស ឬ ភ្នំមណ្ឌល ជា ភ្នំសិប្បនិមិត្តដែលតំណាង ឱ្យភ្នំកៃលាស ជាកន្លែងដែល ព្រះពុទ្ធទ្រង់យកព្រះបាទជាន់ថ្ម ធ្វើជាស្នាមព្រះពុទ្ធ។ នៅលើភ្នំមណ្ឌលមានតម្កល់រូបព្រះពុទ្ធ ហើយនៅលើនោះមាន រូបចម្លាក់តូច ចំនួន ១០៨ ដែលរៀបរាប់ពីមង្គលទាំង ១០៨ នៃការកើតស្លាប់រស់ ដែលព្រះអង្គបានស្វែងយល់មុនពេលបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ។

ប្រាង្គគន្ធបុប្ផា

image 12 8

ប្រាង្គគន្ធបុប្ផា កសាងក្នុងឆ្នាំ ១៩៦០ សម្រាប់តម្កល់អដ្ឋិធាតុរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម គន្ធបុប្ផា ជាព្រះរាជបុត្រីរបស់ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែល បានសុគតកាលពី ព្រះជន្ម៤ ព្រះវស្សាដោយរោគាព្យាធិ។ ប្រាង្គនេះមានលំនាំ ដូចប្រាសាទបុរាណ ដោយមានរចនាក្បូរក្បាច់តាមរចនាប័ទ្មបន្ទាយស្រី។

នៅខាងលិចនៃព្រះវិហារព្រះកែវមរកតគឺ រោងជួង សម្រាប់វាយជាសញ្ញា បើក និងបិទទ្វារព្រះវិហារព្រះកែវ មរកតក្នុងព្រះរាជពិធីបុណ្យធំៗ និងក្នុងពេលដែលព្រះ សង្ឃចូលសិក្សាភាសាបាលីនៅពេលកន្លងមក។

នៅខាងជើងព្រះវិហារគឺ មណ្ឌល សម្រាប់តម្កល់គម្ពីរព្រះត្រៃបិដក។ ព្រះត្រៃបិដក ឬ ប្រជុំនៃល្អី ៣ ជាប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនាមាន ៣ចំណែកគឺ :

  • វិន័យបិដក ជាច្បាប់ទូន្មានដែលព្រះសព្វញ្ញូពុទ្ធទ្រង់ត្រាស់បញ្ញត្តិ និង អនុបញ្ញត្តិ។
  • សុត្តន្តបិដក ជាឱវាទដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សម្តែងប្រាប់ពន្យល់ឱ្យដឹង ការខុសត្រូវ អាក្រក់ ល្អ តែទ្រង់មិនអនុញ្ញាត្តិដូចវិន័យបិដកទេ។
  • អភិធម្មបិដក ជាសេចក្តីពន្យល់ប្រាប់អំពីចិត្ត ចេត្តសិត រូប និព្វាន ដែលជា ធម៌ល្អិតសុខុម គម្ពីរភាព តែមិនមានបទបញ្ញត្តិ និងអនុបញ្ញត្តិទេ។

គម្ពីរព្រះត្រៃបិដកមានចំនួន ១១០ភាគ ចែកចេញជា ៨៤.០០០ធម្មក្ខន្ធ។ ក្នុងមណ្ឌលនេះក៏មានរូបគោនន្ទិ ដែលជាយានជំនិះរបស់ព្រះឥសូរ។ ព្រះគោ នេះត្រូវបានគេរកឃើញ នៅស្រុកកោះធំ ខេត្តកណ្តាល ពីឆ្នាំ១៩៨៣ នៅកប់ក្នុងដី។ តាមការប៉ាន់ស្មានរូបព្រះគោនេះធ្វើអំពីប្រាក់ ៨០% និង ២០% ជាស្ពាន់សំណរ ដែក ស័ង្កសី។

20230410 211507 2

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា