co administrative (1)

អ្វីជាលិខិតរដ្ឋបាល?

និយមន័យទូទៅ

យោងន័យតាមបែបនីតិសាស្ត្រ ឬស នៃពាក្យ “លិខិតរដ្ឋបាល

ពាក្យនេះ ជាសមាសពាក្យ ឬ ជាកន្សោមពាក្យ ៣ គឺ ៖

ក-លិខិត

ខ-រដ្ឋ

គ-បាល

យល់ដឹងពីន័យនៃពាក្យទាំង ៣ខាងលើ៖

ក- លិខិត : គឺជាសំបុត្រស្នាម ជាអត្ថបទសរសេរជាលាយលក្ខអក្សរ ជាការតែងអារមួយដែលមានក្បាល (បទដើម) ដងខ្លួន (បទកណ្តាល ខ្លឹមសារ អត្ថបទ) និងចុងបញ្ចប់ (អន្ត) ដែលម្ចាស់លិខិតសរសេរ រៀបរៀងតាក់តែងឡើងសំរាប់ថ្លែងទៅកាន់បុគ្គលរូបវន្ត ឬនីតិបុគ្គល (ក្រុម អង្គភាព ក្រសួង ស្ថាប័ន…) ណាមួយដោយបង្ហាញប្រាប់ពីវត្ថុបំណងរបស់ខ្លួន ឬជាការជូនដំណឹងដល់គម្យជន (អ្នកទទួល) ឲ្យបានជ្រាប និងមានវិធានការ ឬចំណាត់ការជាបន្តក្នុងករណីចាំបាច់។

ឧទាហរណ៍ : លិខិតឆ្លើយតប លិខិតជូនដំណឹង លិខិតស្នើ លិខិតឧទ្ទេសនាម

ខ- រដ្ឋ : នគរ ប្រទេស ភារា ដែន ខ្មែរច្រើនប្រើពាក្យរដ្ឋនេះផ្សំជាមួយពាក្យដទៃទៀត ធ្វើជាសមាសពាក្យ

ឧទាហរណ៍ : រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល រដ្ឋបុរស…។ល។

គ- បាល : គ្រប់គ្រង ថែរក្សា ការពារ ផ្គត់ផ្គង់ បីបាច់ មើលការខុសត្រូវ ត្រួតត្រា

ឧទាហរណ៍ : គោបាល = អ្នកគង្វាលគោ ទ្វារបាល = អ្នកយាមទ្វារ អាណាព្យាបាល អ្នកគ្រប់គ្រងមើលការខុសត្រូវ

រួមសេចក្តីមក : ក + ខ + គ បានសេចក្តីថា :

លិខិតរដ្ឋបាល : គឺជាសំបុត្រស្នាមទាំងឡាយ ដែលបេសកៈ (ម្ចាស់ ឬអ្នកផ្ញើ បានរៀបរៀងតាក់តែងឡើងជាលាយលក្ខអក្សរថ្លែងទៅកាន់បុគ្គលណាមួយ ជារូបវន្ត ឬនីតិបុគ្គល (អង្គភាព ក្រសួងស្ថាប័ន ក្រុម…) ក្នុងក្របខណ្ឌជាផ្លូវការ ជាផ្លូវរដ្ឋ ឬជាកិច្ចការពាក់ព័ន្ធនិងការថែរក្សា ការគ្រប់គ្រង ក្រុម អង្គភាព ក្រសួង ការគ្រប់គ្រងរដ្ឋ ឬប្រទេសជាតិតាមបែបបទមួយដែលមានសណ្ដាប់ធ្នាប់ ពោលគឺជាមធ្យោបាយ មួយក្នុងការធ្វើទំនាក់ទំនងគ្នារវាងអង្គភាពរដ្ឋឬបុគ្គល និងអង្គភាពដែលមានលក្ខណៈជាតឹកតាងសេ្ថរ មិនអាចប្រែប្រួលក្រឡាស់បាន។

ឧទាហរណ៍ : -លិខិតជូនដំណឹង (ស.ជ.ណ) ពីទីស្តីការគណៈរដ្ឋមន្ត្រី ទៅកាន់ក្រសួងបរិស្ថាន

                    -លិខិតស្នើ (ល.ស) របស់ក្រសួងធម្មការ ទៅកាន់អភិបាល ខេត្ត-ក្រុង

                    -លិខិតអញ្ជើញ (ល.អ.ជ) របស់មហាផ្ទៃ ជូនចំពោះឯកត្តម អនុរដ្ឋលេខាធិការ ឲ្យចូលបំភ្លឺពីបញ្ហា…៕

កំណត់ចំណាំ : ក្នុងចំណោមលិខិតរដ្ឋបាលទាំងអស់ គេសង្កេតឃើញមានលិខិតបីប្រភេទខាងលើនេះទេ ដែលសំបូរ និងប្រើញឹកញាប់ជាងគេក្នុងទំនាក់ទំនងរដ្ឋបាល រវាងអង្គភាព និងអង្គភាព អង្គភាពនិងបុគ្គល ឬ បុគ្គល និងអង្គភាព។

ដូចនេះការងាររដ្ឋបាលជាភារកិច្ចសំខាន់ចាំបាច់ដែលតម្រូវឲ្យមន្ត្រី ឬអ្នកទទួលបន្ទុកផ្នែកសរសរ (ស្មេរ) រៀបរៀងលិខិតប្រភេទនេះមានការយល់ដឹងអំពីច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីក្តាប់ឲ្យ បាននូវបែបបទនិងរបៀបតាក់តែងឲ្យបានសមស្របទៅក្នុងករណីជាបេសកៈ (អ្នកផ្ញើ) ក្ដី ឬគម្យជន រឺសម្តៅធានានូវទម្រង់មួយមាន “ឯកភាពរដ្ឋបាល” ប្រកបដោយនិត្យានុកូលភាព និងចំណេញពេលវេលាផង។

ដើម្បីសម្រេចបាននូវគោលបំណងខាងលើនេះស្មេរ ដែលពាក់ព័ន្ធត្រូវក្តាប់ឲ្យបានអំពី :

ក-ប្រភេទនៃលិខិត

ខ-ផ្នែក ឬ ទម្រង់របស់លិខិតនីមួយៗ

គ-តួនាទី និង ឋានៈរបស់បេសកៈ និង របស់គម្យជន

ឃ-ថា្នក់ ឬ ឋានានុក្រម

          ក- អំពីប្រភេទនលិខិត :

លិខិតរដ្ឋបាល បើយោងលើនីតិរដ្ឋបាល មានពីរប្រភេទធំៗគឺ :

ទី1- លិខិតរដ្ឋបាលធម្មតា សាមញ្ញ មិនមានលក្ខណៈជាច្បាប់

ទី2- លិខិតរដ្ឋបាលជាអត្ថបទ មានលក្ខណៈជាច្បាប់ ដូចជា : ច្បាប់ ក្រឹត្យ អនុក្រឹត្យ សារាចរ សេចក្តីសំរេច ប្រកាស…។

តែមានអ្នកខ្លះបានកំណត់ថាលិខិតរដ្ឋបាលគឺជាសញ្ញាណ ជាមូលដ្ឋាននៃនីតិរដ្ឋបាលដែលអាចត្រូវគេធ្វើវិភាគ ផ្តើមចេញពីច្រើនទស្សនៈនាំឲ្យមាននិយមន័យផ្សេងៗគ្នាជាច្រើនដូចជា :

-លិខិតយថាភូត-ពេញច្បាប់ (នីតិបវេណី)

-លិខិតអត្រានុកូលដ្ឋាន…(នីតិបវេណី)

-លិខិតឯកជន (នីតិបវណី)

            ចំពោះមុខនេះ យើងយកតែលិខិតរដ្ឋបាលសាមញ្ញធម្មតា មិនមានលក្ខណៈជាច្បាប់ មកបង្ហាញតែប៉ុណ្ណោះ។ ខាងក្រោមនេះជាប្រភេទលិខិតរដ្ឋបាល និងឯកសាររដ្ឋបាលផ្សេងៗ៖

  1. លិខិតរដ្ឋបាលទូទៅ ប្រើសម្រាប់គ្រប់គ្រងកិច្ចការផ្នែកបុគ្គលិក ដោយមិនមានលក្ខណៈជាច្បាប់ ដូចជាប្រវត្តិរូបសង្ខេប ពាក្យសុំចូលសិក្សា ឬចូលបម្រើការងារ លិខិតបញ្ជាក់ការងារ ពាក្យសុំច្បាប់ឈប់សម្រាក…។ល។
  2. លិខិតស្នើ (ល.ស) គឺជាអត្ថបទ (ពាក្យសុំ) ជាលាយលក្ខអក្សរដែលម្ចាស់លិខិត (បេសកៈ) ជាបុគ្គល ឬជាសមូហភាព (អង្គភាព) ថ្លែងទៅកាន់បុគ្គល ឬក្រសួងស្ថាប័ន (គម្យជន) ណាមួយ ដែលមានសិទ្ធិអំណាចសម្រេចចំពោះពាក្យស្នើសុំនោះ ដោយបញ្ជាក់ពីមូលហេតុនៃតម្រូវការឲ្យបានច្បាស់លាស់នៅក្នុងខ្លឹមសារ ឬតួសេចក្តី នៃអត្ថបទ។ ផ្នែកបញ្ចប់នៃលិខិតស្នើសុំ ត្រូវទុកចន្លោះខាងឆ្វេងរៀងធំ ដើម្បីទុកឲ្យ (គម្យជន) ចារមតិ ឬចុះហត្ថលេខាឯកភាព
  3. ដីកាអម ឬ ដីកាបញ្ជូន គឺជាឯកសាររដ្ឋបាលសម្រាប់អមសំណុំឯកសារ (លិខិត) ដែលត្រូវដាក់បញ្ជូន។ បើកិច្ចការសំខាន់ ហើយជាសំណើររបស់មន្ត្រីជាន់ខ្ពស់ ត្រូវធ្វើលិខិតបញ្ជូនវិញ គឺមិនត្រូវប្រើដីកាអមទេ។ ការចុះហត្ថលេខា ភាគច្រើនមិនមែនជាប្រធានស្ថាប័នជាអ្នកចុះហត្ថលេខាទេ គឺមន្ត្រីថ្នាក់ក្រោមជាអ្នកចុះហត្ថលេខាដោយប្រើ ជ ឬ តប ។ ក្នុងករណីមន្ត្រីថ្នាក់ខ្ពស់ស្នើសុំ អ្នកចុះហត្ថលេខាលើដីកាអម ឬដីកាបញ្ជូនត្រូវមានឋានៈស្មើ ឬ ប្រហាក់ប្រហែលនឹងមន្ត្រីនោះ ហើយអ្នកទទួលក៏ត្រូវបានចុះហត្ថលេខាលើដីកាអមដែរ ដោយចុះកាលបរិច្ឆេទជាមួយនឹងថ្ងៃ ខែ ឆ្នាំ ដែលទទួល ព្រមទាំងបញ្ជាក់ពីតួនាទីផង។
  4. លិខិតឧទ្ទេសនាម គឺជាលិខិតដែលចេញដោយប្រធានស្ថាប័ន ឬអង្គភាព ដើម្បីចាត់តាំងឲ្យមន្ត្រីរាជការ ឬបុគ្គលិកចុះបំពេញភារកិច្ចនៅខាងក្រៅអង្គភាព ឬ រាជធានី-ខេត្ត ឬ ទីកន្លែងណាមួយដើម្បីធ្វើការទំនាក់ទំនងតាមផ្លូវ ឬ ចុះសិក្សាស្រាវជ្រាវ ឬ ចូលរួមកម្មវិធីផ្សេងៗដែលពាក់ព័ន្ធ។ ផ្នែកបញ្ចប់នៃលិខិតឧទ្ទេសនាម ត្រូវមាន កន្លែងទទួល
  5. លិខិតបញ្ជាបេសកកម្ម គេចេញលិខិតបញ្ជាបេសកកម្មសម្រាប់ចាត់តាំងមន្ត្រី ឬ បុគ្គលិកឲ្យទៅបំពេញបេសកកម្មអ្វីមួយ​ក្នុង និងក្រៅប្រទេស ឬគេអាចនិយាយបានថា វាជាលិខិតបង្គាប់ការមានលក្ខណៈពិសេស។ មានន័យថា អ្នកកាន់លិខិតបញ្ជាបេសកកម្ម គឺមានអំណាច ឬសិទ្ធិដែលគេប្រគល់ឲ្យ ដើម្បីទៅបំពេញកិច្ចការអ្វីមួយ ហើយមានកំណត់ជាក់ប្រាកដថា ត្រូវធ្វើយ៉ាងនេះ ឬ ធ្វើយ៉ាងនោះ តាមអំណាចថ្នាក់លើបានប្រគល់ជូនដល់មន្ត្រី ឬ បុគ្គលិកពិសេសនោះ ដើម្បីធ្វើឲ្យបានសម្រេចការងារ។ ផ្នែកបញ្ចប់នៃលិខិតបញ្ជាបេសកកម្ម ត្រូវមាន កន្លែងទទួល
  6. លិខិតបង្គាប់ការ គឺជាលិខិតដែលមានវិសាលភាពតូចជាងលិខិតឧទ្ទេសនាម និងមានលក្ខណៈជាបណ្តោះអាសន្ន ចេញដោយប្រធានស្ថាប័ន អង្គភាព ដើម្បីបង្គាប់ទៅបុគ្គលិកជាបុគ្គល ឬសមូហភាពក្រោមឱវាទក្នុងករណីដូចតទៅ៖
    -ការសម្រេចដែលពាក់ព័ន្ធទៅនឹងស្ថានភាពមុខតំណែងមួយ និងការតែងតាំងមន្ត្រី ឬបុគ្គលិក ក្នុងរយៈពេលខ្លីណ្តោះអាសន្នមានកាលកំណត់។
    -ការចាត់តាំងមន្ត្រី ឬ បុគ្គលិកមួយរូប ឬ ច្រើនរូប ឲ្យទៅបំពេញភារកិច្ចក្នុងអង្គភាព ឬស្ថាប័ន។ ក្រោយពេលដែលសាមីជនទទួលបានលិខិតបង្គាប់ការទៅបំពេញភារកិច្ចតាមគោលដៅកំណត់ ប្រសិនបើអង្គភាព ឬស្ថាប័នចង់ប្រគល់ភារកិច្ចស៊ប់ជូនទៅបុគ្គល ឬសមូហភាព នោះត្រូវចេញជាសេចក្តីប្រកាស សេចក្តីសម្រេច អនុក្រឹត្យ ព្រះរាជក្រឹត្យ តែងតាំងមុខតំណែងជាលក្ខណៈផ្លូវការ ដោយយោងទៅលើមុខងារ និងតួនាទី។ ផ្នែកបញ្ចប់នៃលិខិតបង្គាប់ការ ត្រូវមាន កន្លែងទទួល
  7. លិខិតអញ្ជើញ ជាលិខិតមួយប្រភេទ ដែលក្រសួង ស្ថាប័ន ឬ អង្គភាព ចេញដើម្បីអញ្ជើញមន្ត្រីឲ្យចូលរួមប្រជុំពិភាក្សាការងារ ឬចូលរួមកម្មវិធីផ្សេងៗដែលពាក់ព័ន្ធ។
    បញ្ជាក់: លិខិតអញ្ជើញភាគច្រើនគេសរសេរពាក្យ “បញ្ជាក់” នៅខាងឆ្វេងនៃហត្ថលេខា ដោយបញ្ជាក់ប្រាប់ធុរៈមិនបានចូលរួមប្រជុំ ទំនាក់ទំនងមកអ្នកទទួលបន្ទុក សម្លៀកបំពាក់ចូលរួមប្រជុំ និងលេខទូរសព្ទដែលត្រូវទំនាក់ទំនង។ ជាទូទៅ លិខិតអញ្ជើញ មិនមានចុះលេខទេ គឺចុះតែទីកន្លែង និងកាលបរិច្ឆេទប៉ុណ្ណោះ។
  8. របាយការណ៍ ជាលិខិតពិពណ៌នាអំពីសភាពការណ៍រួមនៃការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ឬពិពណ៌នាការងាររបស់បុគ្គល ឬ ក្រុម​​ចុះមូលដ្ឋាន ការវាយតម្លៃរកចំណុចខ្លាំង ចំណុចខ្សោយ មានវិធានការលើទិសដៅ និងសំណូមពរ ដើម្បីពិនិត្យ សម្រេច និងពិចារណារកដំណោះស្រាយ។ របាយការណ៍ត្រូវឆ្លុះបញ្ជាំងពីសភាពការណ៍ ហេតុការណ៍ ដំណើរការប្រព្រឹត្តទៅ និងលទ្ធផលពិតប្រាកដនៃការងារ ដែលបានធ្វើកន្លងមកដោយប្រើពាក្យងាយៗ មានន័យច្បាស់ស្រួលយល់។
  9. កំណត់ហេតុ គឺការកត់ត្រាពីដំណើរការ​ប្រព្រឹត្តទៅនៃខ្លឹមសារកិច្ចប្រជុំ ដោយស្រង់មតិយោបល់ការសម្រេចចិត្តរបស់អង្គប្រជុំ និងការឯកភាពលើសកម្មភាពត្រូវអនុវត្តសម្រាប់ទុកជាឯកសារបង្អែកជាបន្ទាល់ (បន្ទាល់ មានន័យថា ភស្តុតាង ឬសាក្សី)។ ក្នុងកំណតហេតុ ត្រូវសរសេរប្រាប់ពីកាលបរិច្ឆេទ (ឆ្នាំ ខែ ថ្ងៃទី និងម៉ោង) ទីកន្លែងប្រជុំ ឬ (បន្ទប់ ឬ សាល) ប្រធានបទនៃការប្រជុំ អធិបតីភាពអង្គប្រជុំ (គោត្តនាម និងតួនាទី) របៀបវារៈអង្គប្រជុំ សមាសភាពអ្នកចូលរួមប្រជុំ និងអ្នកអវត្តមាន (បញ្ជាក់ពីមូលហេតុបើមាន)។ កាលបរិច្ឆេទដែលអង្គប្រជុំ ឬ ពិធីប្រព្រឹត្តឡើង ត្រូវសរសេរជាអក្សរ ដោយមិនសរសេរជាលេខទេ។ ភ្ជាប់មកជាមួយនូវសមាសភាព នៃសមាជិកចូលរួមប្រជុំ (ឈ្មោះ អង្គភាព តួនាទី ហត្ថលេខា លេខទូរសព្ទ)។ កត់ត្រាឲ្យបាននូវមតិយោបល់របស់វាគ្មិនម្នាក់ៗ ដែលបានលើកឡើង ដោយមិនត្រូវកែសម្រួលឡើយ។ ត្រូវសរសេរឈ្មោះវាគ្មិនឲ្យបានពេញលេញ និងត្រឹមត្រូវ។
  10. សេចក្តីជូនដំណឹង គឺជាលិខិតជូនព័ត៌មាន របស់ក្រសួង ស្ថាប័ន អង្គភាព ក្នុងការផ្សព្វផ្សាយដល់អង្គភាពស្ថិតក្រោមចំណុះ ឬសាធារណៈជនដើម្បីឲ្យជ្រួតជ្រាបជាទូទៅនូវកិច្ចការអ្វីមួយ។ គេក៏អាចចេញសេចក្តីជូនដំណឹងស្តីពីសេចក្តីសម្រេចរបស់អង្គប្រជុំណាមួយក៏បានដែរ។ ផ្នែកបញ្ចប់ នៃលិខិតជូនដំណឹងត្រូវមាន ចម្លងជូន
  11. លិខិតផ្ទេរសិទ្ធិ គឺជាលិខិតដែលប្រធានស្ថាប័ន អង្គភាព ផ្ទេរ ឬប្រគល់សិទ្ធិទៅឲ្យនរណាម្នាក់ ឬបុគ្គលណាមួយ ដើម្បីធ្វើការចាត់ចែងការងារក្នុងក្រសួង ស្ថាប័ន ឬអង្គភាព ព្រមជាមួយនឹងការទទួលខុសត្រូវរបស់អ្នកទទួល ដែលមានចែងក្នុងលិខិតផ្ទេរសិទ្ធិ ក្នុងអំឡុងពេលដែលអ្នកផ្ទេរសិទ្ធិអវត្តមាន ដោយជាប់បំពេញបេសកកម្ម ឬដោយបញ្ហាផ្សេងៗ។ ផ្នែកបញ្ចប់នៃលិខិតផ្ទេរសិទ្ធិត្រូវមាន ចម្លងជូន។ សម្គាល់ ៖ បើអ្នកផ្ទេរសិទ្ធិមិនមែនជាប្រធានស្ថាប័នទេ ជាអគ្គនាយក ប្រធាននាយកដ្ឋាន ឬប្រធានការិយាល័យ ត្រូវចុះបានឃើញ និងឯកភាព ប្រធានស្ថាប័ន ឬថ្នាក់ធំជាង លើលិខិតផ្ទេរសិទ្ធិនោះ។ ឧទាហរណ៍៖ អគ្គនាយក ប្រធានស្ថាប័នជាអ្នកចុះ (បានឃើញ និងឯកភាព), ប្រធាននាយដ្ឋាន និងអគ្គនាយកជាអ្នកចុះ (បានឃើញ និងឯកភាព), ប្រធានការិយាយល័យ ប្រធាននាយកដ្ឋានជាអ្នកចុះ (បានឃើញ និងឯកភាព)។
  12. វិញ្ញាបនបត្ររដ្ឋបាល គឺជាឯកសាររដ្ឋបាល ដែលចេញដោយប្រធានស្ថាប័ន ឬអង្គភាព ដើម្បីបញ្ជាក់ពីស្ថានភាពរបស់បុគ្គល៖ ឈ្មោះ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត ទីកន្លែងកំណើត សញ្ជាតិ តួនាទី មុខងារ កាំប្រាក់ ប្រាក់បៀវត្ស។ល។​ សម្រាប់ឲ្យបុគ្គលិកក្រោមឱវាទកាន់ជាសម្គាល់ ឬប្រើការក្នុងការបំពេញបែបបទផ្សេងៗ តាមតម្រូវការ។
  13. សេចក្តីប្រកាសព័ត៌មាន គឺជាលិខិត ដែលប្រធានស្ថាប័ន អង្គភាព ប្រកាសពីព័ត៌មានអ្វីមួយដល់អង្គភាពស្ថិតក្រោមចំណុះ ឬសាធារណជនដើម្បីឲ្យបានជ្រួតជ្រាបជាទូទៅនូវកិច្ចការអ្វីមួយ។
  14. សេចក្តីណែនាំ គឺជាលិខិត ដែលប្រធានស្ថាប័ន ឬអង្គភាពបញ្ជាក់ខ្លឹមសារជាលក្ខណៈ ច្បាប់ ឬសកម្មភាពរដ្ឋបាលដែលដាក់ចេញឲ្យថ្នាក់ក្រោមអនុវត្ត។ សេចក្តីណែនាំ ត្រូវមានខ្លឹមសារស្របទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បើពុំដូចច្នោះទេ សេចក្តីណែនាំនោះពុំមានសុពលភាពឡើយ​។ ផ្នែកបញ្ចប់នៃសេចក្តីណែនាំត្រូវមាន កន្លែងទទួល

កិច្ចការរដ្ឋបាល គឺមានសារៈសំខាន់ណាស់បន្ទាប់ពីជំនាញរបស់បុគ្គលម្នាក់ៗ ព្រោះថាការងាររបស់អង្គភាពស្ថាប័ននានាអាចប្រព្រឹត្តទៅដោយរលូន គឺអាស្រ័យដោយមានកិច្ចសហការពីគ្រប់អង្គភាព ស្ថាប័ន ដែលមានការពាក់ព័ន្ធ។ កិច្ចសហការ គេធ្វើឡើងតាមរយៈលិខិតស្នាម ឬឯកសាររដ្ឋបាល។ ដើម្បីឲ្យខ្លឹមសារលិខិតស្នាមដែលធ្វើការទំនាក់ទំនងគ្នា មានខ្លឹមសារល្អប្រសើរនិងចំបញ្ហ អ្នកតាក់តែងត្រូវស្វែងយល់បញ្ហាឲ្យបានស៊ីជំរៅ ឆ្លងកាត់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ដកស្រងបទពិសោធន៍កន្លែងការងារ ឧស្សាហ៍ព្យាយាមនិងអំណត់ខិតខំរៀនសូត្របន្ថែម សាកល្បងធ្វើការងារថ្មី ។ល។

  • ការងាររដ្ឋបាល គឺជាការគ្រប់គ្រង ថែរក្សា មើលការខុសត្រូវទៅលើអង្គភាពដែលខ្លួនបំពេញការងារឲ្យមានសណ្តាប់ធ្នាប់ល និងចរន្តឯកសារបានល្អប្រសើរ
  • រដ្ឋបាលត្រូវបានប្រើប្រាស់ក្នុងគោលបំណង ដើម្បីគ្រប់គ្រងនូវចរន្តការងាររបស់អង្គភាពនីមួយៗ សម្រួលដល់ការរៀបចំចាត់ចែងការការងាអង្គភាពកុំឲ្យមានភាពអនាធិបតេយ្យការងារ ។

ឯកសាររដ្ឋបាល គឺជាលិខិតស្នាមទាំងអស់ ដែលគេប្រើប្រាស់សម្រាប់ទំនាក់ទំនងក្នុងការងាររដ្ឋបាលចេញដោយរដ្ឋបាល ។

ឧទាហរណ៍ ៖ លិខិតបទដ្ឋាន និង លិខិតរដ្ឋបាល​។

ទម្រង់នៃលិខិតរដ្ឋបាលជាធម្មតាមាន ៣ចំណែក៖

ចំណែកដើម (ក្បាលលើ)

  • របបនយោបាយ
  • បាវចនាជាតិ
  • សញ្ញាសម្គាល់របស់អង្គភាពសាមី
  • ឈ្មោះស្ថាប័ន
  • ប្រភពលិខិត
  • លេខលិខិត និងទម្រង់អក្សរកាត់
  • ទីកន្លែង និងកាលបរិច្ចេទ
  • បេសកៈ
  • គម្យជន
  • តាមរយៈ
  • កម្មវត្ថុ
  • យោង

ចំណែកខ្លឹមសារ (តួសេចក្តី)

  • ពន្យល់នៃសេចក្តីនៃកម្មវត្ថុ
  • លើកសំណូមពរ
  • ពាក្យគួរសម

ចំណែកបញ្ចប់

  • ហត្ថលេខា
  • បោះត្រា មូល (ស្ថាប័ន)
  • បោះត្រាឈ្មោះ (ឈ្មោះបេសក)
  • ចម្លងជូន ឬទីកន្លែងទទួល
  • លិខិតភា្ជប់ (បើមាន)

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្ការ (ភ្នំ)

ចែករំលែក

2 Responses

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា