photo_2023-09-14_15-26-23

ពិធីប្រពៃណីរបស់ជាតិខ្មែរប្រចាំ១២ខែ

+សំណួរទី២០៩

តើពិធីប្រពៃណីនានារបស់ជាតិខ្មែរប្រចាំ១២ខែ មានពិធីអ្វីខ្លះ? ចូរប្រាប់ពីកាលបរិច្ឆេទប្រារព្ធពិធី និងប្រាប់ពីគោលបំណងនៃការប្រារព្ធពិធីនីមួយៗផង។

-ចម្លើយទី២០៩

ពិធីប្រពៃណីរបស់ជាតិខ្មែរប្រចាំ១២ខែ មានដូចតទៅ ៖

ក.ពិធីបុណ្យចូលឆ្នាំថ្មី

បុណ្យនេះប្រារព្ធធ្វើនៅខែចេត្រ ឬ ឆ្នាំខ្លះធ្វើនៅខពិសាររយៈពេល៣, ៤ថ្ងៃ តាមកាលកំណត់របស់ក្រុមហោរាសាស្ត្រ ភាគច្រើនថ្ងៃដំបូង ចំត្រូវថ្ងៃទី១៣ ឬ ១៤ ខែមេសា។

គោលបំណងនៃការប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្មែរ ៖

  • ទទួលអំនរសាទរ ការផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី គឺអបអរការផ្លាស់ប្តូរវេនគ្រប់គ្រងឆ្នាំពីទេវតាចាស់មកទេវតាថ្មី។
  • បុណ្យនេះ ប្រារព្ធឡើងដើម្បីផ្ដល់ឱកាសកម្សាន្តសប្បាយរីករាយដល់ពលរដ្ឋគ្រប់ជាន់ថ្នាក់ អោយអស់ចិត្តចង់មុនពេលចាប់យកការងារថ្មីៗ ចាប់ពីក្រោយចូលឆ្នាំទៅ និងជាឱកាសអោយយុវជនយុវនារីបានសំគាល់គ្នា ដើម្បីជ្រើសរើសគ្នាជាគូស្រករបន្តពូជពង្សមនុស្សនៅថ្ងៃមុខ។
  • ធ្វើដើម្បីបញ្ជូនផលាអានិសង្សដល់អ្នករស់ឬអ្នកស្លាប់ទៅ ដែលពួកគេសុទ្ធសឹងជាបុព្វការីជន ជាអ្នកមានគុណ ស្របតាមជំនឿខ្មែរ ដែលតែងមានគំនិតតបស្នងសងគុណដល់បុគ្គលធ្លាប់បានធ្វើគុណមកលើខ្លួន។
  • ធ្វើដើម្បីជំរះនូវបាបកម្ម គ្រោះកាចចង្រៃដែលកើតមានកន្លងមក និងពុំទាន់កើតមានសូមអោយបរវាសចៀសឆ្ងាយពីពួកគេទាំងឡាយ ដោយនៅក្នុងពិធីនោះខ្មែរ ទម្លាប់ធ្វើការពូនភ្នំខ្សាច់ បំណងកាត់គ្រោះរំដោះកម្ម អោយអស់នាឆ្នាំចាស់ សូមមកវិញជ័យមង្គលសិរីសួស្ដី ភាពចំរើនរុងរឿងនាឆ្នាំថ្មី។

ខ.ពិធិបុណ្យឡើងអ្នកតារក្សាស្រុក

ពិធីនេះធ្វើនៅជារៀងរាល់ឆ្នាំ ដោយពិធីនេះអនុលោមទៅតាមជំនឿ ទំនៀមទម្លាប់ខ្មែរ គោរពចំពោះកម្លាំងធម្មជាតិដែលខ្មែរបានកំណត់ថា អ្វីៗទាំងនោះជាអ្នកតា។

គោលបំណងនៃការប្រារព្ធឡើងអ្នកតារក្សាស្រុក ៖

  • អោយអ្នកតា ការពារសុខទុក្ខរាស្រ្ត និងអ្នកមុខអ្នកការក្នុងអាណាខេត្តរបស់ខ្លួន កុំអោយកើតផលរមាស់ កុំអោយឧបទ្រពចង្រៃមកបៀបបៀនបានឡើយ។
  • អោយអ្នកតា បញ្ចៀសជំងឺរាតត្បាត សត្វ មនុស្សនៅេពលរាំងភ្លៀងម្តងៗ។
  • អោយអ្នកតានាំទឹកភ្លៀងមកបានបរិបូរសម្រាប់បម្រើការងារកសិកម្ម កុំអោយកើតមានទុរភិក្សក្នុងស្រុក។

គ.ព្រះរាជពិធីច្រត់ព្រះនង្គ័ល

ពិធីនេះច្រើនតែប្រារព្ធធ្វើឡើងនៅថ្ងៃទី៤រោច ខែពិសាខជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះរាជា អ្នកមុខអ្នកការ គ្រប់ស្ថាប័ន និងប្រជារាស្ត្រទូទៅ។

គោលបំណងនៃការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ៖

  • ដើម្បីប្រកាសជាផ្លូវការស្តីពីការបើករដូវបង្កបង្កើតផលប្រចាំឆ្នាំដល់កសិករខ្មែរទូទាំងប្រទេស អោយចាប់ផ្តើមប្រឡូកការងារខ្លួនកុំបីបង្អែបង្អង់យូរឡើយ។
  • ដើម្បីពិនិត្យមើលប្រផ្នូលប្រចាំឆ្នាំសម្បូរផ្នែកណាមួយ ឬក៏កើតមានហេតុអាក្រក់ណាមួយក្នុងស្រុក ក្នុងតំបន់ពីទីក្រុងដល់ជនបទ។
  • ដើម្បីបួងសួង សូមអោយទេវតាបង្អុរទឹកភ្លៀងអោយបរិបូរ និងជួយបញ្ចៀសគ្រោះមហន្តរាយផ្សេងៗ កុំអោយកើតមាននូវទឹកជំនន់ ខ្យល់ព្យុះ ជំងឺរាតត្បាត អំពើចោរកម្ម អំពើឧក្រិដ្ឋនានា និងសង្គ្រាមជាដើម។

ឃ.ពិធីបុណ្យពិសាខបូជា

ពិធីនេះប្រារព្ធធ្វើនៅថ្ងៃ១៥កើត ខែពិសាខជារៀងរាល់ឆ្នាំ។ ពិធីនេះខ្មែរបានធ្វើចាប់ពីរជ្ជកាលព្រះអង្គឌួង។

គោលបំណងនៃពិធីបុណ្យពិសាខបូជា ៖

  • ធ្វើឡើងដើម្បីរំលឹកដល់ថ្ងៃមហាមង្គលនៃព្រះសម្ពុទ្ធជាបរមគ្រូ ដែលទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់ចូលបវិនិព្វាន។

ង.ពិធីបំបួសនាគ

ពិធីនេះអាចប្រារព្ធធ្វើនៅខែណាក៏បាន លើកលែងតែរយៈពេល៣ខែ ដែលព្រះសង្ឃចូលព្រះវស្សា។ ប៉ុន្តែទំនៀមរៀងមក ខ្មែរធ្វើពិធីបំបួសនាគនេះនៅថ្ងៃ១៥កើត ខែអាសាធជានិច្ច គឺមុនថ្ងៃចូលព្រះវស្សា។

គោលបំណងនៃពិធីបំបួសនាគ ៖

  • តាមទំនៀមខ្មែរពិធីបំបួសនាគធ្វើឡើង ដើម្បីជាការតបស្នងសងគុណព្រះគុណដ៏ថ្លៃថ្លារបស់មាតាបិតា ឬបងប្រុស បងស្រី ឬ ប្អូនប្រុស ប្អូនស្រី ឬ ញាតិកា ដែលធ្លាប់មានគុណបំណាច់ចំពោះអ្នកបួស។ គេធ្វើបែបនេះបំណងរំលោះគុណ។
  • តាមទស្សនៈមួយទៀត គឺដើម្បីអោយអ្នកបួសបានស្វែងយល់ពីរសព្រះធម៌ សម្រាប់ជាគ្រឿងពិចារណារំដោះជីវិតអោយអាកផុតពីទុក្ខក្នុងវាលវដ្តសង្សារយើងនេះ។

ច.ពីធីចូលព្រះវស្សា

ពិធីនេះតម្រូវអោយព្រះសង្ឃកាន់វស្សារយៈពេល៣ខែចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ង១៥កើត ខែអស្សុជ។

គោលបំណងនៃពិធីបុណ្យចូលព្រះវស្សា ៖

  • ដោយរដូវនេះជារដូវភ្លៀង បង្កអោយការលំបាកដល់ការត្រាច់ចរបិណ្ឌបាត្ររបស់ព្រះសង្ឃ។ ដូចនេះ ដើម្បីសម្រួលដល់បញ្ហានេះ ព្រះពុទ្ធទ្រង់តម្រូវអោយព្រះសង្ឃគង់ចាំព្រះវស្សាក្នុងទីអារាម។ ពទ្ធុបវិស័ទមានភារៈនាំយកចង្ហាន់ បង្អែមចំអាបប្រគេនព្រះសង្ឃ ដើម្បីទុកជាការគោរពបូជាដល់សង្ឃតំណាងពុទ្ធអង្គនោះឯង។

ឆ.បុណ្យភ្ជុំបិណ្ឌ

ពិធីនេះប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ គឺចាប់តាំងពីថ្ងៃ១ ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ក្នុងជ្ជកាលព្រះបាទយសោវរ្ម័ន (៨៨៩ – ៩១០) ព្រះអង្គតែងធ្វើពិធីបូជាបាយបិណ្ឌនៅគ្រប់អារាមដែលទ្រង់កសាង សម្រាប់បូជាចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងចំបាំងរាំងជល់ និងចំពោះខ្មោចដែលគ្មានបងប្អូនជាទីពឹងទាំងឡាយរៀងរាល់ឆ្នាំ។

គោលបំណងនៃពិធីបុណ្យភ្ជុំបិណ្ឌ ៖

  • ឧទ្ទិសផលបុណ្យជូនដល់ជីដូនជីតា មាតាបិតា ញាតិកាទាំង៧សន្តាន ដែលធ្វើមរណកាលអោយមកសពសោយអាហារភោជននានា រួចអោយពរស័ព្ទសាធុការដល់កូនចៅ ញាតិសន្តានផង។
  • ផ្តល់នូវបាយ បត្តបូរ បាយបិណ្ឌ ម្ហូបចំណី នំនែកផ្សេងៗអោយបានទៅដល់ខ្មោច ជីដូនជីតា ដែលកើតក្នុងទីសា្ថនពុំសមគួរ មានឱកាសមកទទួលនូវអ្វីដែលរៀបរាប់ខាងលើរយៈពេល១៥ថ្ងៃ តាមការដោះលែងពីយមរាជឋាននរក។

ជ.ពិធីបវារណាចេញវស្សា

ពិធីបុណ្យនេះធ្វើនៅថ្ងៃពេញបូរមី ខែអស្សុជ គឺក្រោយពេលព្រះសង្ឃបានគង់ចាំព្រះវស្សា៣ខែរួចចប់សព្វគ្រប់មក។

គោលបំណងនៃពិធីបុណ្យចេញវស្សា ៖

  • ប្រកាសថ្ងៃដែលព្រះសង្ឃអាចទៅគង់នៅទីកន្លងណាមួយបាន ក្រៅពីអារាមដែលគង់ចាំវស្សា។ នាឱកាសនោះ ព្រះសង្ឃប្រជុំគ្នាធ្វើកិច្ចបវារណាចេញវស្សា គឺសុំខមាទោសកំហុសរបស់ខ្លួនគ្រប់ព្រះអង្គ ។ នាពេលនោះ មានប្រារព្ធពិធីឧទ្ទិសបូជាប្រទីបចំពោះព្រះរតនត្រៃ និងនិយាយស្មាលាទោសព្រះគង្គា ព្រះធរណី ដែលខ្លួនបានបន្ទោរបង់នូវវត្ថុកខ្វក់ផ្សេងៗក្នុងឆ្នាំនីមួយៗ លើទឹកដី ដោយគេបានធ្វើក្បួនដាក់នំចំណី បានសម្លជាតង្វាយ បណ្ដែតតាមទឹក។

ឈ. ពិធីបុណ្យកឋិនទាន

ពិធីបុណ្យនេះប្រារព្ធធ្វើបានចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ជារៀងរាល់ឆ្នាំ។ វត្តនីមួយៗអាចទទួលបានតែកឋិនមួយក្នុងមួយឆ្នាំ។

គោលបំណងនៃពិធីបុណ្យកឋិនទាន ៖

  • ដើម្បីប្រគេននូវត្រៃចីវរដល់ព្រះសង្ឃគ្រប់អង្គសម្រាប់ទុកប្រើប្រាស់ ដណ្តប់ព្រះកាយ ជំនួសស្បង់ចីពរដែលបានប្រើប្រាស់កន្លងមកហើយ ពុកផុយរលួយ ដោយសារភ្លៀង ឬដោយសារប្រការផ្សេងៗ។ ក្រៅពីនេះធ្វើឡើងដើម្បីប្រគេននូវបរិក្ខារឯទៀតរួមមានបាត្រ កន្ទេល ខ្នើយ មុង ចាន និងសម្ភារប្រើប្រាស់ផ្សេងៗទៀតជាច្រើន ។
  • ដើម្បីប្រមូលបច្ច័យ កសាងសមិទ្ធផលផ្សេងៗនៅទីអារាម សម្រាប់ធ្វើទីសក្ការបូជា ធ្វើជាកុដិ សាលាបុណ្យ អោយមានភាពសមរម្យដែលញ៉ាំងចិត្តជ្រះថ្លាដល់ពុទ្ធសាសនិកទូទៅ។

ញ.ពិធីបុណ្យអុំទូក បណ្ដែតប្រទីប

ពិធីបុណ្យនេះប្រារព្ធធ្វើចំនួនបីថ្ងៃ គឺនៅថ្ងៃ១៤កើត ខែកត្តិក ថ្ងៃទី១៥កើត ខែកត្តិក និងថ្ងៃទី១រោច ខែកត្តិក។

គោលបំណងនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប

មានមតិជាច្រើនជុំវិញពិធីបុណ្យនេះគឺមាន ៖

  • មតិខ្លះថា ធ្វើដើម្បីសងគុណទឹកដី និងសុំខមាទោសទឹកដី ដោយមនុស្សបានបន្ទោរបង់នូវរបស់មិនស្អាតទៅលើទីនោះ។
  • មតិខ្លះថា ធ្វើដើម្បីគោរពចំពោះស្នាដៃព្រះពុទ្ធបាទ ដែលបានប្រតិស្ឋានទុកនៅលើផ្នូរខ្សាច់នម្មទា ដែលជាទន្លេយោនកៈ (វាលខាងលិច)។
  • មតិខ្លះថា គេធ្វើរំលឹកដល់ទូកដែលគេធ្វើថ្វាយព្រះពុទ្ធអង្គនៅពេល ដែលទ្រង់និមន្តទៅធ្វើអោយបាត់រាំងភ្លៀងនៅនាក្រុងវេសាលី។
  • មតិខ្លះថា ធ្វើដើម្បីជាការបូជាចំពោះព្រះចង្កូមកែរ ដែលប្រតិស្ឋានទុកឯពិភពនាគឯនោះ។
  • មតិខ្លះថា ពិធីនេះគឺជាការរំលឹកដល់ជោគជ័យនៃកងទ័ពជើងទឹកខ្មែរលើកងទ័ពបច្ចាមិត្រដែលចូលមកលុកលុយ ឈ្លានពានទឹកដីខ្មែរ។ ដូចនេះការប្រារព្ធបែបនេះ ជាការសមយុទ្ធ សមសាកផង និងជាការរំលឹកពីជ័យជំនះផង។

ដ.ពិធិសំពះព្រះខែ អកអំបុក

ពិធីនេះធ្វើនៅថ្ងៃពេញបូរមី ខែកត្តិក។ ព្រះរាជាប្រារព្ធធ្វើក្នុងរាជវាំង ឬព្រះតំណាក់ផែរ។ រីឯរាស្ត្រ ស្រែចម្ការធ្វើនៅវត្ត ឬទីវាលណាមួយ ដែលពុំមានស្លឹកឈើអ្វីបាំងឡើយ។ ឱកាសនេះគេរៀបចំតង្វាយព្រះច័ន្ទមាន នំចំណី ពិសេសអំបុកចក។

គោលបំណងនៃពិធីបុណ្យអកអំបុក សំពះព្រះខែ

  • ផ្សងមើលពីកម្រិតទឹកភ្លៀង ដែលធ្លាក់ប្រចាំឆ្នាំពីដើមឆ្នាំ កណ្ដាលឆ្នាំ និងចុងឆ្នាំ។ បើក្នុងរាជវាំងអាចផ្សងពីកម្រិតភ្លៀងតិច ឬច្រើននៅតាមខេត្តនីមួយៗទូទាំងប្រទេសផងដែរ។
  • សម្បូរសង្រូង បួងសួង សុំអោយវណាហកទេវបុត្របញ្ជូនទឹកភ្លៀងអោយធ្លាក់តាមរដូវកាល និងអោយព្រះធរណីប្រទេសកម្ពុជាមានដីជាតិល្អផង។
  • ត្រួតពិនិត្យផលិតផលក្នុងស្រុក តាមរយៈកម្រិតកំណត់ទៀនស្រក់លើស្លឹកចេក ដែលអ្នករៀបចំពិធីចាត់ចែងនៅពេលនោះ។
  • រំលឹក និងស្ងើចសរសើរដល់ទន្សាយពោធិសត្វ ដែលទ្រង់បានបរិច្ចាគជីវិតដល់ឥន្ទ្រព្រាហ្មណ៍ ដោយសុខចិត្តលោតចូលក្នុងភ្លើងអោយឆ្អិនសាច់សម្រាប់ធ្វើជាចំណីឥន្ទ្រព្រាហ្មណ៍ ។

ឋ.ពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា

ពីធីនេះធ្វើក្នុងរយៈពេល៥ថ្ងៃ។ ក្រោមមក គឺរជ្ជកាលព្រះករុណាព្រះនរោត្ដម សីហនុ ប្រារព្ធធ្វើរយៈពេល៣ថ្ងៃដោយកំណត់ធ្វើថ្ងៃដំបូងចាប់ពីថ្ងៃព្រះអង្គទ្រង់ប្រសូត។ តាមទំនៀមពីដើមរៀងមក ក្នុងពិធីនេះមានធ្វើពិធីតាំងតុ (តាំងបង្ហាញភោគផលផលិតបានក្នុងស្រុក) ពិធីសក្ការបូជាទេវរូប និងព្រះរតនត្រ័យ ពិធីចំរើន ទេសនា ស្រង់ទឹកឧទកធារាថ្វាយព្រះករុណា ដោយព្រះសង្ឃរាជគណៈមន្ត្រីសង្ឃ ពិធីបុណ្យកាំជ្រូច អមដោយរបាំ សិល្បៈកម្សាន្តនានា។

គោលបំណងនៃពិធីបុណ្យ ៖

  • ចំរើនព្រះជន្មព្រះវស្សានៃព្រះមហាក្សត្រអោយបានយឺនយូរដើម្បីគង់ជាម្លប់ដល់កូនចៅគ្រប់ៗគ្នាទូទាំងប្រទេស។
  • អំពាវនាវ បួងសួងសូមអោយគុណបុណ្យបារមីវត្ថុសក្ដិសិទ្ធ និងព្រះពុទ្ធជួយអោយភយន្តរាយទាំងអម្បាលម៉ាន រលត់វិនាសចេញឆ្ងាយពីព្រះករុណា សូមអោយសិរីសួស្តីជ័យមង្គលស្ថិតនៅនឹងព្រះអង្គដរាបរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។
  • លើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ដែលខិតខំបង្កបង្កើនផលិតផលមុខទំនិញផ្សេងៗ តាមរយៈការយាងទតរបស់ព្រះមហាក្សត្រ នាម៉ឺន សព្វមុខមន្ត្រី និងអាណាប្រជានុរាស្ត្រគ្រប់ខេត្តខណ្ឌ។

ឌ.ពិធិបង្ហើរខ្លែង

ពិធីនេះតាមទំនៀមពីបុរាណខ្មែរ គឺច្រើនប្រារព្ធធ្វើនៅថ្ងៃពេញបូរមី ខែមិគសិរក្នុងអំឡុងខែវិច្ឆិកា។ ពេលពិធីប្រព្រឹត្តទៅនោះ ខ្មែរបានធ្វើខ្លែងព្នងបង្ហោះ ដែលមានដាក់ឯកនៅក្បាលខ្លែង ពេលយប់បន្លឺសំលេងឆ្លងឆ្លើយគ្នាពិរោះរងំ។ ក្រោយមក ខ្មែរបានធ្វើពិធីបង្ហើរខ្លែងប្រជល់គ្នាប្រកួតប្រជែងយកឈ្នះចាញ់ដោយសន្មតលើខ្លែង ដែលដាច់ខ្សែធ្លាក់ដី ឬខ្លួនខ្លែងធ្លុះធ្លាយពុំអាចជក់ខ្យល់ ហោះបានទៀត។

គោលបំណងនៃពិធីបុណ្យបង្ហើរខ្លែង ៖

  • ក្នុងរជ្ជកាលព្រះអង្គឌួង ទ្រង់បានទុកទំនៀមបង្ហើរខ្លែងខ្សែនេះ ដើម្បីជាការគោរពបូជាចំពោះព្រះចូឡាមមណីចេតីយ។
  • សម័យក្រោយមក ពិធីនេះធ្វើឡើងដើម្បីបង្ហាញពីទេពកោសល្យខ្មែរ ក្នុងការផលិតខ្លែង និងជាការងារកីឡាមួយបែបបំបាត់ការអផ្សុកផង បំបាត់ភាពរងាផង រក្សាសុខភាពអោយល្អផង។

ឍ.ពិធីបុណ្យដារលាន

ពិធីនេះប្រារព្ធធ្វើឡើងនៅពេលដែលកសិករខ្មែរប្រមូលផលស្រូវ ពីស្រែមកទុកដាក់ក្នុងជង្រុករួចរាល់ហើយ។ តាមប្រទំនៀម គឺច្រើនធ្វើនៅអំឡុងខែមាឃត្រូវនឹងខែកុម្ភៈ ឬខែមីនា។

គោលបំណងនៃពិធីបុណ្យដារលាន

តាមជំនឿខ្មែរចាត់ទុកស្រូវជាព្រះពៃស្រពណ៍ឬពាក្យសាមញ្ញថាព្រះមេ។ ការប្រារព្ធធ្វើពិធីនេះ គឺមានបំណងដូចតទៅ ៖

  • សូមខមាទោស ព្រះមេដែលខ្លួនបានដើរជាន់ បន្ទោរបង់ដាក់ដោយចេតនាក្ដី អចេតនាក្ដី។
  • នឹកដល់គុណព្រះមេ ដែលជួយទ្រទ្រង់ចិញ្ចឹមជីវិតខ្មែរអោយរស់រានរាប់សិបតំណមកហើយ។
  • ជាការបន់ស្រន់ សុំអោយវត្ថុសក្តិសិទ្ធអ្នកតាម្ចាស់ទឹកដី ជួយអោយភោគផលឆ្នាំក្រោយបានបរិបូរផុតពីការរាំងស្ងួត ផុតពីការបំផ្លាញដោយសត្វល្អិតចង្រៃឬគ្រោះធម្មជាតិនានា។

ណ.ពិធីបុណ្យមាឃបូជា

ពិធីនេះប្រារព្ធធ្វើនៅថ្ងៃពេញបូរមី ខែមាឃ រៀងរាល់ឆ្នាំ។

គោលបំណងនៃពិធីបុណ្យ

  • រំលឹកដល់ថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ដាក់អាយុសង្ខារ ហើយទ្រង់ប្រកាសប្រាប់ដល់សាវករបស់ព្រះអង្គទាំងឡាយថា ៣ខែទៅមុខទៀតព្រះអង្គនឹងចូលព្រះបរិនិពា្វនហើយ។

ត.ពិធីត្រសិ្តសង្រ្កាន្ត

ពិធីនេះធ្វើនៅចុងខែផល្គុន គឺនៅពេលជិតចូលឆ្នាំខ្មែខាងទំនៀមរាស្ត្រពុំមានធ្វើទេ គឺមានតែព្រះមហាក្សត្រប៉ុណ្ណោះ។

គោលបំណងនៃពិធីត្រស្តិសង្រ្កាន្ដ

  • ដើម្បីកំចាត់ឧបទ្រពចង្រៃនៃឆ្នាំចាស់ចេញអោយអស់អំពីផ្ទៃព្រះបរមរាជវាំង។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា