ឈ្វេងយល់អំពីប្រទេសជាសមាជិកអាស៊ាន “ប្រទេសឡាវ”
- ឈ្មោះប្រទេស សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ (Laos People ‘s Democratic Republic)។
- ក្រឡាផ្ទៃ 236,880 គីឡូម៉ែត្រការ៉េ។
- រដ្ឋធានី វៀងចន្ទ។
- ចំនួនប្រជាជន 6,2 លាននាក់។
- ប្រាក់ចំណូលប្រចាំឆ្នាំក្នុងម្នាក់ 835 ដុល្លារអាមេរិក។
- ប្រាក់ខែគោល 37 ដុល្លារ។
- រូបិយវត្ថុ គីប។
- សាសនា ពុទ្ធសាសនានិកាយថេរវាទ 75%ជឿលើជំនឿទៅតាមតំបន់ 16%-17% គ្រិស្តសាសនា 8%។
- ភាសាជាតិ ឡាវ។
- ភាសាផ្លូវការ ឡាវ។
- ថ្ងៃបុណ្យជាតិ ថ្ងៃទី2 ខែធ្នូ។
- ថ្ងៃដែលចូលជាសមាជិកអាស៊ាន ថ្ងៃទី23 ខែកក្កដា ឆ្នាំ1997។
- អ្នកដឹកនាំបច្ចុប្បន្ន ចូមម៉ាលី សៃញៈសន។
- របបគ្រប់គ្រង របបសង្គមនិយមមានប្រធានប្រទេសជាអ្នកដឹកនាំ។
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ មានទីតាំងភូមិសាស្ត្រភាគច្រើនជាភ្នំខ្ពស់ៗ មានវាលទំនាបនៅតាមទន្លេមេគង្គនិងទន្លេដទៃទៀត។ ប្រជាជនឡាវមានជនជាតិភាគតិច49 ជនជាតិដែលរស់នៅពាសពេញផ្ទៃប្រទេស។ ប្រទេសឡាវជាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា បើទោះបីជាធ្លាប់ជាប្រទេសស្ថិតនៅក្រោមអាណានិគមបារាំងក៏ដោយ ក៏ប្រទេសឡាវនៅតែរក្សាទំនៀមទម្លាប់ប្រពៃណីនិងសិល្បៈវប្បធម៌របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួនដែរ។
ទង់ជាតិ
ទង់ជាតិឡាវបច្ចុប្បន្ន ចាប់ផ្តើមប្រកាសឱ្យប្រើចាប់ពីថ្ងៃទី2 ខែធ្នូ ឆ្នាំ1975 មានឈ្មោះថា «ទង់ដួងខែ» ដែលមានទទឹង 2 ភាគ 3 នៃបណ្តោយមានរង្វង់មូលពណ៌សនៅលើផ្នែកពណ៌ខៀវដែលនៅចំកណ្ដាល និងមានពណ៌ក្រហមនៅគែមផ្នែកខាងលើនិងខាងក្រោម។
- រង្វង់មូលដែលនៅចំកណ្ដាល តំណាងឲ្យដួងចន្ទដែលបញ្ចេញពន្លឺនៅពីលើទន្លេមេគង្គ
- ផ្នែកពណ៌ខៀវ តំណាងឲ្យភាពមានបាននិងភាពសម្បូរហូរហៀររបស់ប្រទេស
- ពណ៌ក្រហម តំណាងឲ្យប្រជាជនដែលបានស្លាប់នៅក្នុងសង្គ្រាមដើម្បីសេរីភាព
កាលពីសម័យអាណាចក្រឡានឆាង (ដំរីមួយលាន) ទង់ជាតិឡាវគឺជាទង់ដែលមានផ្ទៃពណ៌ក្រហម នៅចំកណ្តាលមានរូបដំរី អេរ៉ាវ៉ាន់ ដែលមានក្បាល 3 ប៉ុន្ដែត្រូវបានគេប្តូរក្រោយពីផ្លាស់ប្តូររបបគ្រប់គ្រងដែលគ្មានព្រះមហាក្សត្រជាប្រមុខតទៅទៀត។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅ “ឈ្វេងយល់អំពីប្រទេសជាសមាជិកអាស៊ាន” ដោយ ៖ ស្រូវ