១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “តបៈ ឬ តបះ” ដូចខាងក្រោម៖
-ពាក្យ “តបៈ ឬ តបះ” (អានថា តៈប៉ៈ ឬ តៈបះ) ( ន. ) (សំ. តបស៑ > តបះ បា. ; តប) ការប្រព្រឹត្តកាន់វត្តយ៉ាងតឹងដើម្បីធ្វើកាយនិងចិត្តឲ្យស្ងប់។ ពាក្យនេះមានន័យច្រើនយ៉ាងទៅទៀតគឺ ការប្រព្រឹត្តរក្សាឧបោសថសីលផតាមកាលកំណត់ ដែលត្រូវរក្សាព្រមទាំងការរក្សាប្រជាជនឲ្យបានសេចក្ដីសុខស្រួល ហៅថា តបះ របស់ក្សត្រិយ៍ជាម្ចាស់ផែនដី; ការប្រព្រឹត្តខំប្រឹងសិក្សាវេទមន្ត ព្រមទាំងកាន់វត្តប្រតិបត្តិតាមសណ្ដាប់របស់ពូជព្រាហ្មណ៍ ហៅថា តបះ របស់ពួកព្រាហ្មណ៍; ការប្រព្រឹត្តធ្វើទានរក្សាសីលតាមកម្លាំងសទ្ធានិងធនធាន ហៅថា តបះ របស់ប្រជាជនទាំងពួង; ការប្រព្រឹត្តបរិភោគតែផ្លែឈើនិងមើមផ្សេងៗ ហៅថា តបះ របស់តាបស, ឥសី; ការប្រព្រឹត្តកាន់វត្តយ៉ាងតឹង ធ្វើខ្លួនឲ្យលំបាកហួសប្រមាណ មានការប្រព្រឹត្តតមមិនស្លៀកដណ្ដប់, មិនដេកលើគ្រឿងក្រាល ដេកផ្ទាល់តែលើផែនដីជាដើម ហៅថា តបះ របស់និគ្រន្ថតិរ្ថិយចំពួកខ្លះ ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ