១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រី” ដូចខាងក្រោម៖
-ពាក្យ “ត្រី” ( ន. ) សត្វវារិជជាត (សត្វទឹក) ក្នុងពួកសត្វមានទ្រនុងខ្នង ដកដង្ហើមដោយសារស្រកី, ខ្លះមានស្រកា ខ្លះឥតស្រកា មានឈ្មោះផ្សេងៗច្រើនជាអនេក ។
-ពាក្យ “ត្រី” ( ន. ) ឈ្មោះកូនចត្រង្គមួយប្រភេទសម្រាប់តម្រៀបនៅជួរមុខ, ម្ខាងមាន៨ រួមទាំងពីរខាងមាន១៦ ដែលសន្មតទុកជាសេនារេហ៍ពល, វេលាចាប់ផ្ដើមលេងល្បែងនេះ គេតែងដើរ ឬរុញត្រីនេះមុនកូនឯទៀតជាដរាប (ម. ព. ចត្រង្គ ផង) ។
-ពាក្យ “ត្រី” ( ប. សំ. ) (សំ. ត្រិ; បា. តិ) បី (៣) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត ដូចជា ត្រីកូដ (-កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣ : ភ្នំត្រីកូដ ។ ដែលមានកំពូល ៣ : ប្រាសាទត្រីកូដ ។ ត្រីកោណ (-កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣, មានមុំ ៣ ឬមានងៀង ៣ : រាងត្រីកោណ; សណ្ឋានត្រីកោណ, ជាត្រីកោណ ។ វេវ. ត្រិយង្ស ។ ត្រីគុណ (-គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក ៣, ដែលចម្រើនកើនឡើងដោយចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។ ត្រីចក្រយាន (-ច័កក្រៈយាន) ន. (សំ.) ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ ។ ត្រីទស (-ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើនតែប្រើក្នុងកាព្យ) : យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្កិសិទ្ធិឫទ្ធិតេជះ សូមចុះចូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន ។ ត្រីទស (-ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។ ត្រីធា ន. (សំ.) ភាគបី, ខ្ទង់ឬចំណែកបី ។ ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។ ត្រីនេត្រ (-នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្រ្តាសម្រាយកាព្យពាក្យ ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ : សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ ។ ត្រីបថ (-បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (-ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។ ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (-ពិតសំបាត់) សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ ទិព្វសម្បត្តិ, និព្វានសម្បត្តិ ។ ត្រីភាគ ន. (សំ.) ភាគបី, ចំណែកបី ។ ត្រីភាគី គុ. (សំ.) ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម : គូសសញ្ញាត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែបី, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣ : បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។ ត្រីសព្ទ (-ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។ ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី-; បា. តិសូល) ឈ្មោះអាវុធរបស់ឥសូរ គឺអាវុធមានមុខ ៣ ។ គុ. ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ