20240109_094633

និយមន័យ អក្សរសិល្ប៍ តាមទស្សនៈអ្នកប្រាជ្ញ

+សំណួរទី២១២ :

ចូរឱ្យនិយមន័យ “ អក្សរសិល្ប៍ ” តាមទស្សនៈអ្នកប្រាជ្ញមួយចំនួន ។

-ចម្លើយទី២១២ :

ឲ្យនិយមន័យ “អក្សរសិល្ប៍“ ដូចតទៅ ៖

-តាមជាតិសព្ទ

អក្សរសិល្ប៍ < អក្សរ + សិល្ប៍

មានន័យថា គឺជាអ្វីទាំងឡាយ ដែលមានសម្ផស្សល្អសម្រាប់ទាក់ទាញ និងជាទីគាប់ចិត្តចាប់អារម្មណ៍របស់អ្នកអាន និងអ្នកទស្សនា ។

-តាមក្រសួងអប់រំ យុវជន និងកីឡា

អក្សរសិល្ប៍ គឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវតថភាពសង្គមគ្រប់បែបយ៉ាងតាមរយៈប្រវត្តិសាស្ត្រនៃអក្សរសិល្ប៍ខ្មែរ ។

-បណ្ឌិត ម៉ាក់ស៊ីមគ័រគី

អក្សរសិល្ប៍ គឺជាការសិក្សាពីមនុស្សមានន័យថា យកមនុស្សមកធ្វើជាកម្មវត្ថុនៃការសិក្សាអក្សរសិល្ប៍ ដែលជាកម្មវត្ថុសំខាន់ៗជាងគេក្នុងការបង្កើតអត្ថបទអក្សរសិល្ប៍។

-បណ្ឌិត ហ្សង់ ប៉ូហ្សាត

អក្សរសិល្ប៍ គឺសម្ដៅយកន័យដែលជាផ្គុំពាក្យពេចន៍។

-បណ្ឌិត កេង វ៉ាន់សាក់

អក្សរសិល្ប៍ គឺជាវិទ្យាស្យង់( វិទ្យាសាស្ត្រ ) ដែលចោទនិងដោះស្រាយបញ្ហាមនុស្សតាមសង្គមនីមួយៗ និងតាមសិល្ប៍វិធី ។

ពោលគឺអក្សរសិល្ប៍ សិក្សានូវតថភាពសត្យានុម័តដូចជា តថភាពនៃពិភព តថភាពសង្គមមនុស្ស តថភាពមនុស្ស ដោយប្រើសិល្ប៍វិធីជាសម្បក ឬគ្រឿងអលង្ការនៃឲ្យអ្នកអានជក់អារ្មណ៍ទទួលយកនូវតថភាពដែលអ្នកនិពន្ធផ្តល់ឲ្យពួកគេនោះ ។

-លោក ស្ទែនហាត

អក្សរសិល្ប៍ គឺជាកញ្ចាក់ដែលគេដាក់នៅតាមដងផ្លូវ។

-លោក អែចេនឡា ប្លែននី

អក្សរសិល្ប៍ គឺជាមែកធាងមួយនៃសិល្បៈ ។

-លោក ម៉ាក្ស លេនីននិយម

អក្សរសិល្ប៍ គឺជាមធ្យោបាយដ៏ខ្លាំងក្លាបំផុត ដែលអាចឲ្យមនុស្សនានាស្គាល់នូវតថភាពសង្គម និងជាកត្តាមួយដ៏សំខាន់បំផុតនៃជិវិតសង្គម។

ពោលគឺ អក្សរសិល្ប៍ស្គាល់តថភាពសង្គម គឺស្គាល់បែបផែនផលិតកម្មទំននាក់ទំនងសង្គម ទំនាក់ទំនងនយោបាយ ទំនាក់ទំនងវណ្ណៈ។

-លោក លេនីន

អក្សរសិល្ប៍ គឺជាដំណើររីកចម្រើននៃមនោគមវិជ្ជា ហើយជាផ្នែកមួយនៃការរួមចំណែកបន្លាស់ប្ដូរ (បដិវត្តន៍) សង្គមជាតិ ។

-លោកស្រី ស្កាអែល

អក្សរសិល្ប៍ គឺពុំមែនគ្រាន់តែសិល្បៈប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក្លាយទៅជាអាវុធ សម្រាប់ដាស់ស្មារតីរបស់មនុស្សទៀតផង។

ពោលគឺ នាំមនុស្សឲ្យកើតក្តីរំភើប និងពិចារណារកឃើញនូវពិសេសភាពពី តម្លៃជីវិតមនុស្សឋិតក្នុងសង្គមនីមួយ។

-លោក រ.គ្រូ បេលីនស្គី

អក្សរសិល្ប៍ គឺជាចំណេះដឹងរបស់ប្រជាជន ជាផ្កា នឹងផ្លែនៃជីវភាពខាងផ្នែកស្មារតីនៃចំណះដឹងរបស់ប្រជាជន។

-លោក ន. ហ្គ ឆេវនីស្សេវស្តី

អក្សរសាស្ត្រសង្គ្រោះមនុស្សពីភាពល្ងង់ខ្លៅ ឯអក្សរសិល្ប៍ សង្គ្រោះមនុស្សពីអំពើឬសម្ដី ព្រហើន កំរោល រមាំងរម៉ោក និងគំនិត ឬសម្តីថោកទាប។

-បរិញ្ញា ឈិន សីហា ( ផ្តើមវិភាគ និងបង្កើតទ្រឹស្ដី)

អក្សរសិល្ប៍ គឺជាផ្នែកមួយរបស់អក្សរសាស្ត្រ ដែលសិក្សាអំពីរឿងប្រលោមលោក កំណាព្យ ពាក្យរាយ ដូរ្យតន្ត្រីប្រភេទរឿងជាទេវកថា និទានកថា ប្រឌិតកថា សុភាសិតកថា បណ្តៅកថា នាដ្យកថា នវកថា វីរកថាជាដើម ។ ពោលគឺអក្សរសិល្ប៍ សិក្សាអំពីប្រភេទនៃអត្ថបទ ស្នាដៃ អ្នកនិពន្ធ ចំណែកថ្នាក់រឿងតាមសម័យកាល សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយ យល់និងដឹងអំពីស្នាដៃទាំងអស់នោះៗឲ្យកាន់តែច្បាស់មិនស្រពិចស្រពិល ។

-តាមទស្សនមួយចំនួនទៀត (មិនស្គាល់ឈ្មោះ )

អក្សរសិល្ប៍ គឺជាស្យង់ផង និងជាសិល្បៈផង។

អក្សរសិល្ប៍ គឺជាអត្ថបទរឿងរ៉ាវផ្សេងៗ ដែលតុបតែងប្រកបដោយសិល្ប៍ (សិល្បៈ) ពោលគឺការប៉ិនប្រសប់ ក្នុងការតែងរបស់អ្នកនិពន្ធ ដែលធ្វើឲ្យអ្នកអាន ឬអ្នកស្តាប់ចូលចិត្តចាប់អារ្មណ៍ ឬរំភើបញាប់ញ័រ ទៅតាមបញ្ហារឿង។

អក្សរសិល្ប៍ គឺជារូបរាង អក្សរ ពាក្យ ឃ្លា ជាដើម។

អក្សរសិល្ប៍ គឺត្រូវបានកំណត់ជាមែងធាងនៃសិល្បៈ។

សរុបសេចក្តីមក អក្សរសិល្ប៍គឺជាវិទ្យាសាស្ត្រសង្គម ដែលលើកយកបញ្ហាមកចោទនិងដោះស្រាយដោយសិល្ប៍វិធីទៅតាមសង្គមនីមួយៗ បានសេចក្ដីថាទោះបីជាមានដំណើររឿងនៃស្នាដៃអក្សរសិល្ប៍មួយបានរៀបរាប់ពី ទេវៈ ធម្មជាតិ សត្វ មនុស្សជាដើម។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា