១. ព្យញ្ជនៈ “ន”
“ន” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “នព្វ” ដូចខាងក្រោម៖
-ពាក្យ “នព្វ” (អានថា នប់) ប្រាំបួន (៩) ។ (គុ.) ថ្មី (មិនសូវប្រើ) ។
-ពាក្យ “នព្វគុណ” (អានថា នប់ពៈគុន) (ន. ឬ គុ.) (សំ. បា. នវ + គុណ “គុណដោយចំណែកប្រាំបួន”) ឈ្មោះមាសទឹក ៩ : មាសនព្វគុណ ។
-ពាក្យ “នព្វគ្រោះ” (អានថា នប់ពៈ-) (ន.) (សំ. នវ+គ្រហ) ឈ្មោះផ្កាយគ្រោះទាំងប្រាំបួនគឺរាប់ព្រះអាទិត្យ, ព្រះចន្ទ បញ្ចូលផងជាពីរ, និងផ្កាយ អង្គារ, ពុធ, ព្រហស្បតិ៍, សុក្រ, សៅរ៍, រាហុ៍, កេតុ គ្រប់ជា៩ ។
-ពាក្យ “នព្វន្ត” (អានថា នប់-ពន់) (ន.) (បា. នវ + អន្ត > នវន្ត “វិជ្ជាលេខមាន ៩ ជាទីបំផុត”) ឈ្មោះវិជ្ជាបំបែកលេខតាំងពីមួយដល់ប្រាំបួន : ក្បួននព្វន្ត, លេខនព្វន្ត, រៀននព្វន្ត ។
-ពាក្យ “នព្វរ័តន៍ ឬ នព្វរត្ន” (អានថា នប់-ពៈរ័ត) (ន.) (បា. នវ+រតន; សំ. នវ + រត្ន) រតនៈ ៩ ប្រការគឺ មុក្តា, បទុមរាគ (ទទឹម), បុស្សរាគ (ប៊ុត), ពេជ្រ, មរកត, ពៃទូរ្យ, ប្រពាល, កណ្ដៀង, ផលិក ។
-ពាក្យ “នព្វលោកុត្តរ” (អានថា នប់ពៈលោកុត-តៈរ៉ៈ ឬ–កុត-ដ) (ន.) (សំ. បា. នវ–) ធម៌ចម្លងសត្វឲ្យឆ្លងផុតចាកលោក គឺមគ្គ ៤ ផល ៤ និព្វាន ១; ហៅឲ្យពេញថា នព្វលោកុត្តរធម៌ ។
-ពាក្យ “នព្វលោកុត្តរធម៌” (អានថា នប់ពៈលោកុត-តៈរ៉ៈ ធ័រ) (ន.) (ដូចគ្នានឹង (នព្វលោកុត្តរ ដែរ) ។
-ពាក្យ “នព្វស័ក” ន. ឬ គុ. ស័កទី ៩ ក្នុងចំនួន ១០ ឆ្នាំ (ម. ព. ស័ក ផង) ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)