សូមប្រិយមិត្តទទួលយកចំណេះដឹងមួយចំនួនពី APEC (The Asia-Pacific Economic Cooperation) ដូចខាងក្រោម ៖

+សំណួរទី១ : តើ APEC អ្វីជា? តើមានពាក្យពេញដូចម្តេច? បង្កើតឡើងនៅឆ្នាំណា?
-ចម្លើយទី១ : APEC ជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬជាភាសាអង់គ្លេស Asia-Pacific Economic Cooperation (APEC) គឺអង្គការដែលស្វែងរកការលើកកម្ពស់ពាណិជ្ជកម្មសេរី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
APEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1989 ដែលសមាជិកស្ថាបនិករួមមានអូស្ត្រាលី, ព្រុយណេ, កាណាដា, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េ, ម៉ាឡេស៊ី, នូវែលសេឡង់, ហ្វីលីពីន, សិង្ហបុរី, ថៃ, និងអាម៉េរិក។
+សំណួរទី២ : តើមូលហេតុអ្វីបានជាគេបង្កើត APEC ឡើង?
-ចម្លើយទី២ : APEC ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការពឹងផ្អែកគ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងការកកើតនៃប្លុកសេដ្ឋកិច្ចជាច្រើនដូចជាសហភាពអឺរ៉ុប និងតំបន់ពាណិជ្ជកម្មសេរីអាម៉េរិកខាងជើង នៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក។ APEC ធ្វើការដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកម្រិតអប់រំតាមរយៈនិរន្តរភាព កំណើនសេដ្ឋកិច្ច និងការឱ្យតម្លៃនៃផលប្រយោជន៍រួមក្នុងចំណោមបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក។
+សំណួរទី៣ : តើអ្វីគោលបំណងរបស់ APEC?
-ចម្លើយទី៣ : ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អោយកាន់តែស៊ីជម្រៅតាមរយៈការបើកចំហប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម ដោយអនុវត្តនូវរបបអនុគ្រោះពន្ធ ពង្រឹងបទដ្ឋានគតិយុត្តិ ព្រមទាំងធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌពាណិជ្ជកម្មអន្តរប្រទេស តាមរយៈការបង្កើតយន្តការដោះស្រាយជម្លោះពាណិជ្ជកម្ម និងការបង្កើតក្របខ័ណ្ឌរួមក្នុងការការពារកម្មសិទ្ធិបញ្ញាជាដើម។
+សំណួរទី៤ : សព្វថ្ងៃ APEC មានប៉ុន្មានប្រទេស? អ្វីខ្លះ?
-ចម្លើយទី៤ : សព្វថ្ងៃ APEC មានសមាជិកចំនួន 21ប្រទេសដូចខាងក្រោម ៖
- ឆ្នាំ1989 : អូស្ត្រាលី, ព្រុយណេ, កាណាដា, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េ, ម៉ាឡេស៊ី, នូវែលសេឡង់, ហ្វីលីពីន, សិង្ហបុរី, ថៃ, និងអាម៉េរិក។
- ឆ្នាំ1991 : ប្រទេសចិន, ហុងកុង និងចិនតៃប៉ិ
- ឆ្នាំ1993 : ប្រទេសម៉ិកស៊ិក និងប្រទេសប៉ាពួញូហ្គីណេ
- ឆ្នាំ1994 : ប្រទេសឈីលី
- ឆ្នាំ1998 : ប្រទេសប៉េរូ; រុស្ស៊ី និងប្រទេសវៀតណាម

+សំណួរទី៥ : តើ APEC មានអ្នកសង្កេតការណ៍ផ្លូវការចំនួនប៉ុន្មាន? អ្វីខ្លះ?
-ចម្លើយទី៥ : APEC មានអ្នកសង្កេតការណ៍ផ្លូវការចំនួនបី ៖
- លេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
- ក្រុមប្រឹក្សាសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វិក
- លេខាធិការដ្ឋានវេទិកាប្រជុំកោះប៉ាស៊ីហ្វិក។
+សំណួរទី៦ : តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីបំពេញអាចក្លាយជាសមាជិក APEC បាន?
-ចម្លើយទី៦ : ដើម្បីក្លាយជាសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ប្រទេសដែលស្នើត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖
- ទីតាំងភូមិសាស្ត្រ ៖ ប្រទេសស្នើសុំ ដាក់ពាក្យត្រូវតែមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
- ទំនាក់ទំនងសេដ្ឋកិច្ច ៖ ជាប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសសមាជិក APEC ដែលមានស្រាប់។
- គោលនយោបាយទីផ្សារបើកចំហ ៖ សេដ្ឋកិច្ចប្រទេសអ្នកដាក់ពាក្យគួរតែអនុវត្តគោលនយោបាយទីផ្សារសេដ្ឋកិច្ចបើកចំហ និងជំរុញដោយតម្លៃ។
សមាជិកភាព APEC ផ្តល់អត្ថប្រយោជន៍ជាច្រើន រួមទាំងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការសម្របសម្រួលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើបញ្ហាក្នុងតំបន់។
+សំណួរទី៧ : តើ APEC ធ្វើអ្វីខ្លះ?
-ចម្លើយទី៧ : កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឈរលើសសរស្ដម្ភចំនួនបីជាមូលដ្ឋានគឺ
- សសរស្ដម្ភទី១ : សេរីភាពផ្នែកពាណិជ្ជកម្ម និងវិនិយោគ។ បណ្ដាប្រទេសសមាជិក APEC នីមួយៗយល់ព្រមធ្វើសេរីភាវូបនីយកម្មក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទុនដែលទាក់ទងទៅនឹងការលើកកម្ពស់កម្មសិទ្ធិបញ្ញា ការគោរពតាមគោលនយោបាយប្រកួតប្រជែងដោយស្មើភាព និងការដោះស្រាយជម្លោះ ពាណិជ្ជកម្ម ដោយសន្តិវិធីជាដើម។
- សសរស្ដម្ភទី២ : សម្របសម្រួលពាណិជ្ជកម្ម។ ប្រទេសសមាជិកទាំងអស់ត្រូវបានលើកទឹកចិត្តអោយមានការធ្វើកំណែទម្រង់លើវិស័យពន្ធគយវិស័យថាមពល ទូរគមនាគមន៍ និងជាពិសេសការធ្វើអោយមានតម្លាភាពក្នុងពាណិជ្ជកម្ម ដោយផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគទុន និងអ្នកជំនួញធ្វើយ៉ាងណាអោយទទួលបាននូវព័ត៌មានច្បាស់លាស់លើបទបញ្ញត្តិ និងលក្ខខណ្ឌវិនិយោគក្នុងបណ្ដាប្រទេស APEC នីមួយៗ។
- សសរស្ដម្ភទី៣ : បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។ មេដឹកនាំ APEC តម្រូវអោយយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍនូវធនធានមនុស្ស ពង្រឹងទីផ្សារមូលធនប្រកបដោយប្រសិទ្ធភាព ពង្រីកនិងកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមជាដើម។

-សូមចុច link ដើម្បីអានអត្ថបទពីវប្បធម៌ទូទៅ និងចំណេះដឹងទូទៅ ផ្សេងៗទៀត :
https://phkaslapartner.com/learn/generalknowledgeculture/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដកស្រង់ដោយ ៖ កំប៉្រុក (ភ្នំ)
