ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ អាហារនីមួយៗ តំណាងឲ្យប្រទេសអាស៊ាន មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖
១-ប្រទេសកម្ពុជា
ហហ្មុកតែងតែត្រូវបានប្រជាពលរដ្ឋខ្មែរយើងហៅឈ្មោះច្រឡំថាអាម៉ុក ឬអាម៉ុង ដែលគួរកុំច្រឡំហៅព្រោះជាសម្ដីពុំគួរសោះឡើយ។ ហហ្មុក ជាម្ហូបអាហារមួយប្រភេទ ធ្វើដោយត្រីស្រស់ផ្សំគ្រឿងមានការពិក និងខ្ទិះដូងជាដើម ខ្ចប់ចំហុយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ចុងភៅខ្មែរបានផ្សែផ្សំជាមួយគ្រឿងឆ្ងាញ់ៗបន្ថែមទៀត ដើម្បីបង្កើនក្លិនឈ្ងុយ និងរសជាតិឲ្យកាន់តែឆ្ងាញ់ពិសា និងរំលេចនូវសោភ័ណភាពឲ្យកាន់តែទាក់ទាញ។ សម្រាប់ម្ហូបតំណាងកម្ពុជា មួយនេះកំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវទេសចរដែលបានមកទស្សនាកម្ពុជា។

២-ប្រទេសឡាវ
ឡាបសាច់គោជាអាហារដែលតំណាងឲ្យប្រទេសឡាវ ដោយអាហារមួយប្រភេទនេះ មានការពេញនិយមខ្លាំងបំផុតក្នុងចំណោមប្រជាជនឡាវនិយមបិរភោគជាមួយនឹងបាយ ក៏ដូចជាស្រាបៀរក្នុងស្រុករបស់ខ្លួន។ បន្ថែមពីនេះឡាបសាច់គោក៏ប្រជាជនឡាវនិយមបរិភោគជាមួយនឹងបាយតំណើប ដែលជាអាហារតំណាងប្រទេសមួយនេះផងដែរ។

៣-ប្រទេសមីយ៉ាន់ម៉ា
ម៉ូហ៊ីនហ្កា (Mohinga) ជាអាហារពេលព្រឹកដ៏ពេញនិយមបំផុតរបស់ប្រជាជនមីយ៉ាន់ម៉ាដោយសារងាយស្រួលរក និងមានតម្លៃសមរម្យ។ ម៉ូហ៊ីនហ្កា ជាអាហារប្រភេទស៊ុបដែលត្រូវបានគេធ្វើពីម្សៅអង្គរផលិតចេញជាសរសៃមី ប្រហែលហ្នឹងសរសៃនំបញ្ចុកខ្មែរ។

៤-ប្រទេសថៃ
តុមយុំា ជាម្ហូបប្រភេទ ហឹរ ជូរ និងជាម្ហូបប្រពៃណីតំណាងឲ្យប្រទេសថៃ មានការពេញនិយមសម្រាប់អ្នកទេសចរបរទេស។ តុមយុំាជាអាហារមួយប្រភេទដែលមានគ្រឿងផ្សំច្រើន និងប្រើសាច់បានច្រើនប្រភេទ និងប្រើពេលយូរគួរសមក្នុងការចម្អិន។ ដោយឡែកនៅពេលចូលដល់ប្រទេសថៃ គេអាចរកម្ហូបប្រភេទនេះបានដោយងាយ ដោយសារអាហារប្រភេទនេះមានលក់ស្ទើរគ្រប់កន្លែង មិនថាអាហារដ្ឋានតូច ឬធំនោះឡើយ។

៥-ប្រទេសឥណ្ឌូនេស៊ី
ណាស៊ី ហ្គូរែង (Nasi Goreng ) ជាប្រភេទបាយឆាលាយសាច់ដែលស្រដៀងនឹងបាយឆានៅកម្ពុជាយើង ដែលត្រូវបានប្រជាជននៅក្នុងប្រទេសឥណ្ឌូណេស៊ីពេញនិយមបរិភោគ។ ពេលទៅដល់ឥណ្ឌូណេស៊ី គេអាចរកអាហារតំណាងឥណ្ឌូណេស៊ីមួយប្រភេទនេះយ៉ាងងាយស្រួសពាសពេញប្រជុំកោះ ចាប់ពីភោជនីយដ្ឋានអាហារធំៗ រហូតដល់អ្នកលក់អាហារតាមចិញ្ចើមផ្លូវ។

៦-ប្រទេសវៀតណាម
ហ្វឺ គឺជាម្ហូបតំណាងជាតិដ៏ពេញនិយមរបស់វៀតណាម និងជាមុខម្ហូបដ៏ល្បីបំផុតមួយរបស់អាស៊ីផងដែរ។ ប្រហាក់ប្រហែលទៅនឹង ម៉ូហ៊ីនហ្កា និងគុយទាវភ្នំពេញរបស់កម្ពុជា ហ្វឺជាប្រភេទអាហារដែលធ្វើឡើងពីសរសៃមី លាយឡំជាមួយគ្រឿងទេស ចំណិតសាច់មាន់ ឬសាច់គោ និងគុយទាវ និងអមដោយបន្លែស្រស់ ទឹកត្រី សណ្តែកបណ្តុះ ម្ទេស និងជី ទៅតាមតម្រូវការរបស់អ្នកបរិភោគ។

៧-ប្រទេសម៉ាឡេស៊ី
ណាស៊ីឡេម៉ាក់ ឬបាយខ្ចប់បែបម៉ាឡេ (Nasi lemak Rice) ជាអាហារពេញនិយមរបស់ពលរដ្ឋនៅក្នុងប្រទេសម៉ាឡេស៊ី។ អាហារតំណាងម៉ាឡេស៊ីមួយប្រភេទនេះមានបាយអប់ជាមួយខ្ទិះដូង ដាក់សាច់មាន់ចៀន ឬគ្រឿងសមុទ្រ បន្លែស្រស់ ត្រីដូរីបំពង សណ្ដែកដីលីង និងមានស៊ុតស្ងោរ និងទឹកជ្រលក់បែបម៉ាឡេ។

៨-ប្រទេសសិង្ហបុរី
ប្រហាក់ប្រហែលទៅនឹងឥណ្ឌូណេស៊ី សិង្ហបុរីក៏មានអាហារប្រភេទបាយតំណាងជាតិរបស់ខ្លួន។ បាយមាន់ស្ងោរជាអាហារប្រពៃណីពិសេសរបស់ប្រជាជននៅសិង្ហបុរី ដែលបាយប្រភេទនេះ រួមមាន សាច់មាន់ស្ងោរ ទឹកស៊ុប បន្លែ រួមជាមួយទឹកជ្រលក់។

៩-ប្រទេសហ្វីលីពីន
ហ្វីលីពីនអាដូបូ (Adobo) គឺជាមុខម្ហូបដ៏ពេញនិយមក្នុងចំណោមប្រជាជនហ្វីលីពីន។ អាដូបូត្រូវចម្អិនដោយការរង្ងាស់សាច់មាន់ ឬសាច់ជ្រូករហូតដល់ដាច់ទឹក និងបូករួមជាមួយនឹងគ្រឿងផ្សំពិសេសរបស់អាដូបូ គឺទឹកខ្មេះ និងទឹកស៊ីអ៊ីវ។

១០-ប្រទេសព្រុយណេ
អាមប៊ូយ៉ាត់ ( AMBUYAT) គឺជាមុខម្ហូបជាតិរបស់ប្រទេសប្រ៊ុយណេ ដែលត្រូវបានគេចាត់ទុកជាម្ហូបដែលឆ្ញាញ់បំផុតនៅប្រទេសព្រុយណេ។ អាមប៊ូយ៉ាត់ គឺជាអាហារមួយប្រភេទដែលគេយកម្សៅមួយប្រភេទមានឈ្មោះថា AMBULONG ទៅលាយជាមួយទឹកក្តៅរួចបន្តកូរឲ្យឆ្អិនស្មើសាច់ រហូតដល់ស្អិតជាប់គ្នា ទើបគេយកទៅបរិភោគជាមួយនឹងគ្រឿងផ្សំផ្សេងៗ។ ជាធម្មតាវាត្រូវបានបរិភោគសម្រាប់អាហារថ្ងៃត្រង់ជាមួយនឹងទឹកជ្រលក់ជូរដែលមានជាតិ fermented និងបន្លែជាច្រើន។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
