Untitled Design_18

តើស្ថាប័នរបស់សហរដ្ឋអាមេរិកមានតួនាទី និងអំណាចអ្វីខ្លះ?

ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ តើស្ថាប័នសំខាន់ៗរបស់សហរដ្ឋអាមេរិកមានតួនាទី និងអំណាចអ្វីខ្លះ? មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖

១-ស្ថាប័ននីតិបញ្ញត្តិ

នីតិបញ្ញត្តិ មានតួនាទីសំខាន់គឺការតាក់តែងច្បាប់ ព្រមទាំងមើលការខុសត្រូវទៅលើការប្រតិបត្តិច្បាប់ និងត្រួតពិនិត្យដែនអំណាចរបស់អង្គនីតិប្រតិបត្តិ និងតុលាការ។ ស្ថាប័ននីតិបញ្ញត្តិអាមេរិកមានលក្ខណៈជាទ្វេសភា ត្រូវបានបែងចែកជាពីរគឺសភាដំណាងរាស្ត្រ ឬសភាជាន់ទាប (House of Representative) និងសភាជាន់ខ្ពស់ (Senate)។

  • សភាដំណាងរាស្ត្រ (House of Representative)

ជាសភាជាន់ទាប បច្ចុប្បន្នមានសមាជិកចំនួន 435រូប។ រដ្ឋទាំង50 របស់សហរដ្ឋអាមេរិកសុទ្ធតែមានដំណាងរាស្ត្រមួយរូប ឬច្រើនជាងនេះ អាស្រ័យទៅលើចំនួនប្រជាពលរដ្ឋក្នុងរដ្ឋនីមួយៗ។ តាមរយៈរបាយការណ៍ឆ្នាំ2010 បានបង្ហាញថា ដំណាងរាស្ត្រសម្រាប់រដ្ឋ California មានចំនួនច្រើនជាងគេរហូតដល់ 53រូប ដោយសារចំនួនប្រជាពលរដ្ឋច្រើន។ រដ្ឋនីមួយៗចាំបាច់ត្រូវមានដំណាងរាស្ត្រយ៉ាងហោចណាស់មួយរូប។

20240807 153017

ដោយឡែកនៅរដ្ឋធានីវ៉ាស៊ីនតោន DC និងដែនដីមួយចំនួនរបស់សហរដ្ឋអាមេរិកក៏ត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតជ្រើសរើសដំណាងរបស់ខ្លួនដើម្បីធ្វើជាអ្នកដំណាងរាស្ត្រក្នុងសភាផងដែរ។ ប៉ុន្តែដំណាងរាស្ត្រនៃដែនដីតូចៗទាំងនោះ ត្រូវបានអនុញ្ញាតឲ្យចូលរួមត្រឹមតែក្នុងកិច្ចពិភាក្សា និងបោះឆ្នោតក្នុងគណកម្មាធិការប៉ុណ្ណោះមិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតក្នុងព្រឹត្តិការណ៍សភាពេញអង្គនោះទេ។ គ្រប់សមាជិកនៃអ្នកដំណាងរាស្ត្រទាំងអស់ ត្រូវបានបោះឆ្នោតជ្រើសរើសសម្រាប់កាន់អាណត្តិជារៀងរាល់ពីរឆ្នាំម្តង។ ចំពោះប្រធានដំណាងរាស្ត្រ ត្រូវបានបោះឆ្នោតដោយសមាជិកផ្ទាល់តែម្តង។

សភាដំណាងរាស្ត្រឬសភាជាន់ទាប មានតួនាទីក្នុងការអនុម័តច្បាប់បន្ទាប់ពីសម្រេចយល់ព្រមដោយសភាជាន់ខ្ពស់ (Senate) និងត្រូវបានបញ្ជូនទៅកាន់ប្រធានាធិបតីដើម្បីធ្វើការពិចារណា។ បន្ថែមពីលើអំណាចជាមូលដ្ឋាននេះ សភាដំណាងរាស្ត្រមានអំណាចផ្តាច់មុខមួយច្បាស់លាស់គឺផ្តួចផ្តើមគំនិតក្នុងការបង្កើតច្បាប់ទាំងអស់ដែលពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់រដ្ឋ និងធ្វើបទចោទប្រកាន់ទៅលើមន្ត្រីសហព័ន្ធណាមួយប្រព្រឹត្តបទល្មើសខុសច្បាប់។

ម្យ៉ាងវិញទៀត ក្នុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងករណីដែលគ្មានបេក្ខជនប្រធានាធិបតីណាមួយ ទទួលសម្លេងគាំទ្រពីអង្គបោះឆ្នោតច្រើនលុបលើបេក្ខជនផ្សេងទៀត នោះកិច្ចការនេះនឹងធ្លាក់ទៅលើសភាដំណាងរាស្ត្រជាអ្នកជ្រើសរើសបេក្ខជនប្រធានាធិបតីលំដាប់ខ្ពស់ជាងគេ 3រូបមកធ្វើការបោះឆ្នោតជ្រើសរើស។ បន្ទាប់ពីការបោះឆ្នោតហើយ បេក្ខជនទទួលបានសំឡេងបោះឆ្នោតខ្ពស់ជាងគេទទួលបានដំណែងជាប្រធានាធិបតី និងបេក្ខជនមានសម្លេងគាំទ្រខ្ពស់បន្ទាប់ ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតី។

  • សភា (Senate)

ជាសភាជាន់ខ្ពស់ នៃស្ថាប័ននីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិក និងមានសមាជិកចំនួន 100រូបដែលមានចំនួនតិចជាងសភាដំណាងរាស្ត្រ។ រដ្ឋនីមួយសុទ្ធតែត្រូវជ្រើសរើសសមាជិកសភាពីររូបស្មើៗគ្នាគ្រប់រដ្ឋទាំងអស់ ដោយចំនួននៃសមាជិកសភាមិនមិនអាស្រ័យទៅលើចំនួនប្រជាពលរដ្ឋក្នុងរដ្ឋនោះឡើយ។

រដ្ឋធម្មនុញ្ញដើមឡើយ បានបញ្ជាក់ថាសភាត្រូវបានជ្រើសរើសដោយអង្គនីតិបញ្ញត្តិទាំងមូលតែបន្ទាប់ពីមាត្រា17 ត្រូវបានចូលជាធរមានក្នុងឆ្នាំ1913 សមាជិកសភាត្រូវបានជ្រើសរើសដោយផ្ទាល់ដោយប្រជាពលរដ្ឋនៃរដ្ឋនីមួយៗទៅវិញ។ សមាជិកសភា ត្រូវបានបោះឆ្នោតជ្រើសរើសកាន់អំណាចក្នុងរយៈពេល6ឆ្នាំម្តង ដោយរាល់លើក មានសមាជិកសភាត្រឹមតែ1ភាគ3ប៉ុណ្ណោះ ដែលត្រូវបានឈរឈ្មោះសម្រាប់ការបោះឆ្នោតជម្រុះ និងតែងតាំងជាថ្មី។ សភាមានបំណងចង់ក្លាយជាអង្គដែលមានស្ថិរភាព និងរឹងមាំដើម្បីអាចឆ្លើយតបឆន្ទៈរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរ។

20240807 152908 1

ក្នុងនាមជាសភាជាន់ខ្ពស់មានអំណាចមួយចំនួនដូចជា ធ្វើជាទីប្រឹក្សាព្រមទាំងធ្វើសេចក្តីសម្រេចលើច្បាប់ និងបញ្ហានានា ផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញា សម្រេចយល់ព្រមក្នុងការតែងតំាងគណរដ្ឋមន្ត្រី តែងតាំងចៅក្រមនៃតុលាការកំពូល ចៅក្រមសហព័ន្ធ មន្ត្រីប្រតិបត្តិ មេបញ្ជាការទ័ពជើងទឹក មន្ត្រីនិយតករ អគ្គរដ្ឋទូត និងមន្ត្រីឯកសណ្ឋាននានាផ្សេងទៀត។

សភា ត្រូវបានគេចាត់ទុកថា ជាអង្គភាពដែលមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ និងមានកិត្យានុភាពខ្ពស់ជាងសភាដំណាងរាស្ត្រ ដោយសារមានអាណត្តិយូរជាង មានទំហំតូចជាង ចំណែកភាពបក្សពួកនិយមក៏មានតិចតួចប៉ុណ្ណោះ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានគេតែងតាំងជាប្រធានរបស់សភាជាន់ខ្ពស់។ ក្នុងករណីដែលគ្មានវត្ថមានអនុប្រធានាធបិតី គេនឹងជ្រើសរើសសមាជិកជាន់ខ្ពស់ជាងគេមួយរូបក្នុងបក្សដើម្បីកាន់តួនាទីជា President Pro Tempore ជំនួសអនុប្រធានាធិបតីដើម្បីដឹកនាំសភា ប៉ុន្តែភាគច្រើនសមាជិកសភាដែលមកពីបក្សដែលមានអាសនៈច្រើននឹងក្លាយជាអ្នកដឹកនាំសភាក្នុងអំឡុងពេលបណ្តោះអាសន្ន ឬរយៈពេលខ្លីណាមួយ។

២-ស្ថាប័ននីតិប្រតិបត្តិ

ប្រធានាធិបតី អនុប្រធានាធិបតី និងមន្ត្រីផ្សេងទៀត បង្កើតបានជាអង្គនីតិប្រតិបត្តិ។ តួនាទីសំខាន់របស់ស្ថាប័ននេះគឺប្រតិបត្តិច្បាប់ ដែលតាក់តែងឡើងដោយសភា។ ប្រធានាធិបតី និងអនុប្រធានាធិបតី ត្រូវបានជ្រើសរើសដោយអង្គបោះឆ្នោត ។

ប្រធានាធិបតី តែងតាំងមន្ត្រីមួយចំនួន ដើម្បីដឹកនាំក្រសួងក្រោមដំបូលរបស់អង្គនីតិប្រតិបត្តិ ជាឧទាហរណ៍មានដូចជា ក្រសួងការបរទេសជាដើម។ រដ្ឋមន្ត្រីមួយចំនួន មានតួនាទីជាទីប្រឹក្សារបស់ប្រធានាធិបតី និងជាថ្នាក់ដឹកនាំក្រសួងរបស់ខ្លួន។ មន្ត្រីទាំងអស់ដែលជាទីប្រឹក្សានោះ ត្រូវបានស្គាល់ថាជាគណរដ្ឋមន្ត្រីរបស់ប្រធានាធិបតី។ ប្រធានាធិបតីតែងតាំងគណរដ្ឋមន្ត្រី និងមន្ត្រីសហព័ន្ធសំខាន់ៗផ្សេងទៀត តែត្រូវបានអ្នកផ្តល់ប្រឹក្សា និងជាអ្នកសម្រេចយល់ព្រមដោយសភា។

៣-ស្ថាប័នតុលាការ

តុលាការរដ្ឋាភិបាលសហព័ន្ធត្រូវបានតែងតាំងដោយប្រធានាធិបតី ដោយទទួលការប្រឹក្សា និងសម្រេចយល់ព្រមដោយសភា។ ចៅក្រម និងរចនាសម្ព័ន្ធពិតប្រាកដររបស់តុលាការ ត្រូវបានកំណត់ដោយច្បាប់ មិនមែនដោយរដ្ឋធម្មនុញ្ញនោះទេ។

20240807 152938

តុលាការអាមេរិកមានលក្ខណៈប្លែកគួរចាប់អារម្មណ៍មួយគឺ ក្រៅពីតួនាទីស្នូល តុលាការសហរដ្ឋអាមេរិកក៏មានតួនាទីត្រួតពិនិត្យច្បាប់ផងដែរ។ ក្នុងពេលត្រួតពិនិត្យនេះ ក្នុងករណីតុលាការអាចរកឃើញថា មានច្បាប់ណាមួយប្រាសចាកពីរដ្ឋធម្មនុញ្ញនោះ តុលាការអាចមានសិទ្ធប្រកាសថា ច្បាប់នោះគ្មានធម្មនុញ្ញភាព ដែលមានន័យថាតុលាការក៏មានតួនាទីក្នុងការកំណត់ច្បាប់ផងដែរ។ អាស្រ័យហេតុនេះហើយ បានជាកន្លងទៅថ្មីៗនេះការចេញច្បាប់ថ្មីរបស់លោក ដូណាល់ត្រាំ ហាមឃាត់ ប្រទេសទាំងប្រាំពីរ រួមមានប្រទេស អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ហ្ស៊កដានី និងយ៉េមែន មិនឲ្យធ្វើដំណើរទៅកាន់ដែនដីសហរដ្ឋអាមេរិក ត្រូវបានតុលាការកំពូលអាមេរិកប្រកាសបដិសេធ។

ក្នុងសេចក្តីពន្យល់អំពីអំណាចរបស់តុលាការកំពូលនោះ ប្រធានមន្ត្រីយុត្តិធម៌ លោក John Marshall បានបញ្ជាក់ថា តុលាការកំពូលមានសិទ្ធក្នុងការតួ្រតពិនិត្យ ដើម្បីបញ្ជាក់ថាតើច្បាប់នីមួយៗគឺជាច្បាប់អ្វី មានលក្ខណៈបែបណា។ វាជាតួនាទីរបស់តុលាការ ក្នុងការអាន និងគោរពតាមរដ្ឋធម្មនុញ្ញ។ ការពិតទៅ ពីដើមឡើយ អំណាចរបស់តុលាការ ក្នុងការបដិសេធច្បាប់ ឬការប្រតិបត្តិច្បាប់ មិនមែនជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ឬរដ្ឋធម្មនុញ្ញឡើយ ដែលអំណាចបែបនេះទើបតែកើតឡើងក្រោយមកតែប៉ុណ្ណោះ។ ច្បាប់អាមេរិកធ្លាប់បានកំណត់ថា តុលាការមានតួនាទីត្រូវគោរពរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋាននៃច្បាប់។

ផ្ទុយទៅវិញ តុលាការកំពូល ក៏មិនអាចអនុវត្តសេចក្តីសម្រេចរបស់ខ្លួនដោយឯកឯងបានឡើយ ដោយសេចក្តីសម្រេចរបស់តុលាការត្រូវមានមូលដ្ឋានអាស្រ័យទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដើម្បីប្រកាន់ខ្ជាប់នូវការវិនិច្ឆ័យទោសណាមួយស្របតាមផ្លូវច្បាប់។

អាស្រ័យដោយហេតុផលខាងលើ បានបញ្ជាក់ថា អង្គទាំងបីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក មានអំណាចដាច់ដោយឡែកពីគ្នា ប៉ុន្តែនៅតែមានទំនាក់ទំនងគ្នាទៅវិញទៅមក។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ប្រភព : https://m.freshnewsasia.com/

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា