Stories from the history of local and foreign legendary sites_14

ដំណាលរឿង ឆ្កែមើលឃើញខ្មោច

ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ ដំណាលរឿង ឆ្កែមើលឃើញខ្មោច មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖

ពួក​​ខ្ញុំបាទធ្លាប់បានឮម្ដាយ និងឪពុកគាត់និទានប្រាប់ខ្ញុំថា : បើឮឆ្កែលូ ឬព្រុសនៅពេលកណ្ដាល អធ្រាត្រ​ស្ងាត់​ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិ នោះច្រើនកើតជំងឺពុំសូវបានសេចក្ដីសុខទេ ដ្បិត​ខ្មោច​បិសាច​ វាដើររាតត្បាតធ្វើមនុស្សឲ្យឈឺចាប់ សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។

ដំណើរចាស់ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា : យូរយារណាស់ មកហើយ មានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់ ប៉ុន្ដែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែល មានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន។ លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា : ពូៗផ្ដាំទៅប្រាប់ ប្រពន្ធខ្ញុំឲ្យមកផង។ បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា : ប្រពន្ធឯងនៅឯណា? ខ្មោចឆ្លើយវិញថា : ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ! បុរសឮហើយ សួទៅវិញថា : ចុះឯងឲ្យអញប្រាប់ម៉េចបាន? បើអញមើលប្រពន្ធឯងមិនឃើញនោះ! ក្នុងពេលនោះខ្មោចក៏ឲ្យ ប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឲ្យប្រទាលនោះទៅ ហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផង។ បុរសនោះ កាលបើបានប្រទាលប្រហាងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ គាត់ចេះតែដើរទៅៗ គ្មានភិតភ័យខ្លាចអ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់ឃើញខ្មោចស្រីៗកំពុង ស៊ីពែសំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។ បុរសនោះស្រែកហៅ ទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក ហើយបោយដៃហៅចំពីមុខ និយាយថា : ប្ដីហងឲ្យទៅឲ្យឆាប់ ព្រោះកូនយំខ្លាំងណាស់! ខ្មោចនឹកឆ្ងល់ណាស់ ម៉េចក៏បុរសនេះមើលឃើញអញ ទើបដើរសំដៅហើយសួរថា : ចុះអ្នកឯង ម៉េចក៏មើលអញឃើញ? បុរសនោះក៏ បង្ហាញប្រទាលប្រហាងហើយឆ្លើយថា : នេះប្រទាលដែលប្ដីហងឲ្យអញ បានអញមើលឃើញ។ ខ្មោចនោះគ្រាន់តែ ឃើញប្រទាលភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្ដែបុរសពុំព្រមឲ្យ ក៏មានការប្រវាយប្រតប់គ្នាដណ្ដើម ប្រទាលប្រហោង នោះ។ បុរសចេះតែស្រែកហៅឲ្យគេឯងជួយ ប៉ុន្ដែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែ ស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ លុះប្រតាយ ប្រតប់អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។

ខ្មោចស្ទុះប្រុងមករើសយក តែពេលនោះឆ្កែ ឃើញភ្លាមស្ទុះភ្លែតមក ត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។ ដោយសារមានរឿងនិទាន យ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ។ មួយវិញទៀត មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើម្បីយកមកប្រើការស័ក្ដិសិទ្ធផ្សេងៗ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដកស្រង់ដោយ : កំប៉្រុក (ភ្នំ)

ប្រភពដកស្រង់ : ប្រជុំរឿងព្រេងខ្មែរ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា