Stories from the history of local and foreign legendary sites_15

ដើមកំណើតក្រុងភ្នំពេញ

ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ ដើមកំណើតក្រុងភ្នំពេញ មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖

ភ្នំដែលសន្មត់ជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា : ក្នុងកាលកន្លងទៅហើយ (គ.ស១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ (ពេញ) ជាអ្នក មានភោគសម្បត្ដិបរិបូណ៍ មានទីលំនៅនៅក្បែរមាត់ច្រាំងទន្លេបួនមុខ។ ផ្ទះគាត់សង់នៅលើទីទួលមួយ ខាងកើត ភ្នំតូចមួយ។ ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែ ឃើញដើមគគីរមួយធំអណ្ដែតមកច្រាំងហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ។ ដូនពេញឃើញដូច្នោះគាត់ប្រញាប់រត់ទៅអំពាវនាវហៅអ្ឋ្នកជិតខាងឲ្យមកជួយទាញយក ដើមគគីរនោះ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចងហើយអូសរំកិលបន្ដិចម្ដងទាល់តែមកដល់លើមាត់ច្រាំង។ ពេលដែល ដូនពេញយកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូបបួន អង្គតូចៗធ្វើអំពីសម្រិត និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្ដម្ខាងទ្រង់ដំបង ព្រះហស្ដម្ខាង ទៀតទ្រង់ស័ង្ខ ព្រះកេសាបួង។ ដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ដោយរើសបានរបស់ ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ។ ដូនពេញចាត់ការសង់ខ្ទមតូចមួយតំកល់ជាបណ្ដោះ អាសន្ន។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយ លើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅជាភ្នំ មែនទែន។ បន្ទាប់ពីនោះគាត់ឲ្យគេអារឈើគគីរនោះ ធ្វើជាសសរវិហារ ដែលគាត់បំរុងនិងសង់លើភ្នំនោះ។ ក្នុងគ.ស១៣៧២ ដូនពេញនិងអ្នកស្រុកច្រើននាក់ស្រុះស្រួលបបួលគ្នាសង់វិហារមួយខ្នង ប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់ ដង្ហែរព្រះពុទ្ធរូបសំរិទ្ធទាំងបួនអង្គទៅដំកល់ទុកក្នុងវិហារនោះ។ ចំណែកទេវរូបថ្មមួយអង្គគាត់ដង្ហែទោ ដំកល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើត ហើយគាត់យល់ថាទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកលាវ និងមាន មាឌបែបភាពដូចលាវគាត់ក៏សន្មត់ថា “អ្នកតាព្រះចៅ។ នាមនោះ ជាប់មកដល់សព្វថ្ងៃនេះ។ កាលសាងវិហាររួចហើយ គាត់និមន្ដព្រះសង្ឃមកគង់លើជើងភ្នំនោះ ក្នុងទិសខាងលិចទើបកើតមានឈ្មោះថា “វត្ដភ្នំដូនពេញ” ដែលសព្វថ្ងៃហៅ កាត់ខ្លីថា “វត្ដភ្នំ” តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។ ឯព្រះពុទ្ធរូបទាំងបួន ព្រះអង្គនិងអ្នកតាព្រះចៅនោះបាន បញ្ចេញឥទ្ធិឫទ្ធិឲ្យឃើញពូកែសក្ដិសិទ្ធណាស់ អ្នកណាបន់ស្រន់ក៏បានសំរេចបំណងពិត(នេះជាជំនឿរបស់អ្នកស្រុក)។ នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង៦០ឆ្នាំបានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភ។

ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី១

ព្រះរាជពង្សាវតារបស់ប្រទេសកម្ពុជាចែងថា ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់គ្រប់គ្រងព្រះរាជសម្បត្ដិគង់នៅក្នុងព្រះរាជវាំងមហានគរ (នគរធំ) បាន១៥ឆ្នាំលុះមកដល់គំរប់១៦ឆ្នាំនៃរជ្ជកាលរបស់ព្រះអង្គ ទើបទ្រង់មានព្រះយោបល់ថានឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបាន ក៏មានព្រះបញ្ជាឲ្យកសាងព្រះរាជវាំងថ្មី នៅទួលបាសាណ ក្នុងខេត្ដស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម។ នៅថ្ងៃ១៣រោច ខែមិគសិរ ឆ្នាំជូតចត្វាស័ក ព.ស១៩៧៦ ច.ស៧៩៤ គ.ស១៤៣។ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់ស្ដេចយាងចេញចាកមហានគរមួយអន្លើរ ដោយរាជាសេវកាមាត្រ នាម៉ឺនសព្វមុខមន្ដ្រីជាដើម ដោយព្រះទីនាំង តាមជលមាគ៌ាមក លុះដល់ថ្ងៃ១៥កើត ខែបុស្ស ឆ្នាំជូត ចត្វាស័ក នុះស្ដេចយាងដល់ទួលបាសាណ ស្ដេចគង់នៅជាសុខ សំរាន្ដក្នុងព្រះរាជវាំងបាសាណនោះ បានត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ ដោយទឹកទន្លេចេះតែឡើងលិចទីនោះរាល់ឆ្នាំទើបព្រះអង្គមានព្រះរាជបញ្ជាឲ្យសម្ដេចពញាកែ និងឧកញ៉ាហោរ៉ាធិបតី ខៀវ ព្រមដោយមន្ដ្រីឯទៀតខ្លះផងដែលស្គាល់ទីដី មានជយភូមិ ឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញ ឃើញថាទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញជយភូមិល្អ ព្រះអង្គក៏ មានព្រះរាជបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅទីត្រង់នោះ។ នៅថ្ងៃទី៩កើត ខែពិសាខ ឆ្នាំខាល ឆស័ក ព.ស១៩៧៨ ច.ស៧៩៦ គ.ស១៤៣៤ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ស្ដេចយាងចាកចេញពីរាជវាំងបាសាណ ថ្ងៃ១៥កើត ខែពិសាខ ចូលគង់រាជវាំងថ្មីនាទិសអាគ្នេយ៍ ភ្នំដូនពេញ។ នៅថ្ងៃ១១រោច ខែពិសាខ ឆ្នាំម្សាញ់ ន.ពស័ក ព.ស១៩៨១ ច.ស៩៧៩ គ.ស១៤៣៧ ព្រះអង្គប្រទាន នាមក្រុងថ្មីនោះថា ក្រុងចតុមុខមង្គល ឯទន្លេបួនមុខដែលគេ ធ្លាប់ហៅថា ទន្លេច្រាបឈាមមកយូរហើយនោះ ទ្រង់ប្រទានឈ្មោះថា ទន្លេចតុមុខបូព៌ាវិញ។

ព្រះអង្គព្រះរាជបញ្ជាឲ្យឧកញ៉ាតេជោស្រីចៅហ្វាយស្រុកសំរោង ជាអ្នកកាន់ការលើកដីចាក់លុបបំពេញទីក្រុងថ្មី ឲ្យយកដីចាក់បំពេញ ភ្នំដូនពេញឲ្យរីកធំខ្ពស់ឡើងទៀតផង។ ទីក្រហូងជ្រៅដែលកើតពីការជីកយកដីនោះ ជាប់មានឈ្មោះថាបឹងតេជោ រៀងមកគឺទីដីត្រង់ផ្សារថ្មីសព្វ ថ្ងៃនេះ។ល។ ទ្រង់មានព្រះរាជបញ្ជាឲ្យឧកញ៉ាផ្លុង ចៅហ្វាយស្រុកបាទីកាន់ការជីព្រែក មួយនៅខាងត្បូងភ្នំដូនពេញដែលជាប់មានឈ្មោះថា ព្រែកឲ្យកញ៉ាផ្លុង ហៅចំណេរកាលតមកហៅថា ព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹម នៅខាងកើតព្រះសក្យមុនីចេតិយ្យសព្វថ្ងៃនេះ។ល។ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវិហារលើទឹកដីខ្ពស់ ដែលចាក់ថែមថ្មីត្រង់កន្លែងវិហារចាស់របស់ដូនពេញ ឲ្យកសាងព្រះចេតិយ្យធំ២ខាងក្រោយព្រះវិហារ។ល។ ទ្រង់បញ្ញតិឲ្យហៅ វត្ដភ្នំដូនពេញ វត្ដព្រះចេតិយ្យបពិត្រ ដូច្នេះវិញ (លុះចំណេរកាលតមក មហាជនបែរជាហៅវត្ដនេះថា វត្ដភ្នំដូនពេញ, អ្នកខ្លះហៅថា វត្ដភ្នំពេញ, ឬថា វត្ដភ្នំ ជាប់រៀងមក)។ ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវត្ដ៦ ផ្សេងទៀតគឺ ៖

១-វត្ដកោះ នៅត្រង់ទិសខាងកើត ឈាងអាគ្នេយ៍ ភ្នំដូនពេញ។

២-វត្ដលង្ការ នៅទិសខាងកើតឈាងឥសានភ្នំពេញ

៣-វត្ដព្រះពុទ្ធឃោសានៅត្រង់ទិសខាងត្បូងព្រែក ចិនដំដែក នាទិសខាងជើងភ្នំដូនពេញ (បានជាព្រះរាជទាន នាមវត្ដទាំងបីដូច្នេះដើម្បីឲ្យសមនឹងដំណើររឿងដែលថា ព្រះពុទ្ធឃោសាចារ្យទៅចំលងគម្ពីរពីកោះលង្ការ)។

៤-វត្ដពាមផ្លុង នៅត្រង់ទិសអាគ្នេយ៍ភ្នំដូនពេញ ជិតជាប់និងមាត់ ព្រែកឧកញ៉ាផ្លុង ឆ្ងាយបន្ដិចពីវត្ដកោះ។ ព្រះពុទ្ធរូបអង្គធំដែលដំកល់ទុកក្នុងព្រះវិហារវត្ដពាមផ្លុងនោះមានព្រះនាមថា ព្រះស្រការលេញ ព្រោះគេបិទមាសរំលេចមាន សណ្ឋានស្រដៀងនិងស្រការត្រីលេញ។

៥-វត្ដឧណ្ណាលោមដែលមាននាមនេះស្រេចស្រាប់ពីយូរណាស់មកហើយ ជានាមនៃព្រះចេតិយ្យដែលបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) នៃព្រះអស្សជិតត្ថេរ នៅចំកណ្ដាលព្រះចេតិយ្យទាំង៥ ខាងលិចវិហារវត្ដឧណ្ណាលោមសព្វថ្ងៃនេះ។

៦-វត្ដខ្ពបតាយ៉ង ដោយនាមតាម្នាក់ឈ្មោះយ៉ង ដែលជាអ្នកជីកខ្ពប លុះចំណេរកាលមក វត្ដខ្ពបតាយ៉ង គឺវត្ដបុទុមវត្ដីសព្វថ្ងៃនេះ។ បន្ទាប់ពីនោះព្រះបរមរាជា (ពញាយ៉ាត) ព្រះអង្គមានព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅ ទិសខាងត្បូងព្រះបរមរាជវាំង ហើយឲ្យលើកកំពែងព័ទ្ធជុំវិញក្រុង។

ព្រែកនៅខាងត្បូងឲ្យឈ្មោះថា ព្រែកតាកែវនៅខាងលិចព្រែកនោះមាន អូរមួយហៅថាអូរគ។ មានព្រែកមួយនៅខាងជើងភ្នំហៅថាព្រែកពុំពាយ ប៉ុន្ដែដោយហេតុត្រង់នោះមានរោងចិនដំដែក ទើបព្រែកពុំពាយនោះ ក្លាយឈ្មោះទៅជាព្រែកចិនដំដែកវិញ។ នៅតាមមាត់ទន្លេបួនមុខព្រះរាជាទ្រង់មានព្រះរាជ បញ្ជាឲ្យលើកដីជាកំពែង ដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុង។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ពួកអ្នករាជការ និងអ្នកស្រុកសង់ផ្ទះសំបែងបានតាមចិត្ដ។ ឯភូមិខាងលិចទីក្រុង សុទ្ធតែជាវាលស្រែ។ បួនឆ្នាំក្រោយមកព្រះនរាយរាជា ជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា (ពញាយ៉ាត) ត្រូវបានតាំងជាព្រះឧបរាជ ហើយទ្រង់ទៅកសាងប្រាសាទគង់ នៅឯជាយរលួស។ ក្នុងពេលជាមួយគ្នានោះ ព្រះស្រីរាជា ជារាជបុត្របន្ទាប់នៃព្រះបរមរាជា (ពញាយ៉ាត) ទ្រង់គង់ នៅទីខាងលិចអូរគ លើទួលមួយដែលជាប់នាមហៅថា ទួលព្រះស្រី នៅខាងជើងវត្ដព្រះពុទ្ធមានបុណ្យ។

ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី២

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ សប្ដស័ក ព.ស២៤០៩ ម.ស.១៧៨៧ ច.ស.១២២៧ គ.ស.១៨៦៥ ម៉ោង៩ព្រឹក ព្រះបាទនរោត្ដម បរមរាមទេវតា (ព្រះសុវណ្ណកោដ្ឋ) ស្ដេចយាងចាកចេញព្រះបរមរាជវាំង ស្រះសរពើយុត្ដ ក្រុងឧត្ដុង្គមានជ័យមកគង់ក្រុងភ្នំពេញ ចតុមុខនគរ។ ការកសាងទីក្រុងភ្នំពេញក្នុរជ្ជកាលព្រះករុណា នរោត្ដមនេះ ជាការសាងលើកទី២ តពីទី១ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) បានប្រកបដោយជោគជ័យ សេរីមង្គលរុងរឿង ចំរើនស្ថិតស្ថេររហូតមកដល់សម័យបច្ចុប្បន្ន។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដកស្រង់ដោយ : កំប៉្រុក (ភ្នំ)

ប្រភពដកស្រង់ : ប្រជុំរឿងព្រេងខ្មែរ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា