20240404_162603 (2)

តើផ្កាអ្វីតំណាងប្រទេកម្ពុជា?

+សំណួរទី៣៤១

តើផ្កាអ្វីតំណាងប្រទេកម្ពុជា?

-ចម្លើយទី៣៤១

ប្រទេសកម្ពុជាបានកំណត់យករំដួលធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិ តាមព្រះរាជក្រិត្យចុះថ្ងៃទី21 ខែមីនា ឆ្នាំ2005។ ការសម្រេចយករំដួលជាផ្កានិមិត្តរូបសម្រាប់ប្រជាជាតិរបស់ខ្លួននោះ ក៏ដោយសារតែផ្ការំដួលមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ និងផ្តល់នូវអត្ថប្រយោជន៍ច្រើនផងដែរនៅក្នុងសង្គមខ្មែរ។ ខ្មែរយើងពីបុរាណកាលបាននិយមប្រើប្រាស់ផ្ការំដួល ធ្វើជាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី ដោយសារតែក្លិនរបស់វាមានលក្ខណៈក្រអូបឈ្ងុយខុសប្លែកពីផ្កាដទៃ។ ទន្ទឹមនោះ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណក្នុងការកែរោគដូចជា សំបកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួន ផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់អាការៈវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម។ កេសររបស់រំដួលអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ និងខ្យល់គរ។

ក្រៅពីនេះដើមរបស់រំដួលអាចធ្វើការកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងធ្វើជាអុសសម្រាប់ដុត។ មិនតែប៉ុណ្ណោះនៅរដូវផ្លែរំដួលទុំ ប្រជាជនដែលរស់នៅក្បែរព្រៃតែងតែបេះផ្លែរំដួលយកមកលក់ នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនផងដែរ។

លក្ខណៈរូប ចំណាត់ថ្នាក់ជីវសាស្ត្ររបស់រំដួល គឺស្ថិតក្នុងលំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និងឋិតក្នុងប្រភេទ M.mesnyi។ រំដួល គឺជារុក្ខជាតិដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ ផ្ការំដួល មានពណ៌លឿង ស ក្រហម មានក្លិនសាយឆ្ងាយ ដែលចាស់បុរាណតែងប្រៀបទៅនឹងក្លិនស្រីក្រមុំ។

ផ្ការំដួល ដុះចេញពីខ្នែងមែកមានពីរស្រទាប់ និង ៦ត្របក រៀបគ្នាជាពីរស្រទាប់ មានបីត្របក មានក្លិនក្រអូបឈ្ងុយឈ្ងប់រីកនៅពេលល្ងាច និងសាយក្លិនក្រអូបតាមខ្យល់បានឆ្ងាយ។ ផ្ការំដួល មានដើមឈរ បែកមែកសាខាមានកម្ពស់ពី3 ទៅ 15ម៉ែត្រ។

សំបកដើមពណ៌ត្នោត រលោងរាបស្មើតែមែកគ្រើមៗ មានស្លឹកទោលរៀងរលោងស្រួចចុង និងពណ៌បៃតងចាស់។ ស្លឹកផ្នែកខាងក្រោម មានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌លឿងក្លិនក្រអូប។ រំដួល ចាប់ផ្តើមផ្កាពីខែធ្នូ ដល់ខែមីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោងមានគ្រាប់1 ឬ 2គ្រាប់ ផ្លែជាកញ្ចុំពេលទុំមានពណ៌ខ្មៅ មានរសជាតិជូរអែម។

រំដួលគឺជារុក្ខជាតិដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាដោយរុក្ខជាតិមួយនេះចាប់ផ្តើមផ្កាពីខែធ្នូ-មីនា។ រំដួល ត្រូវបានប្រជាជនខ្មែរយើងនិយមយកមកដាំលំអរនៅតាមគេហដ្ឋាន និងសួនសាធារណៈ។

សូរនៃពាក្យរំដួល ពីបុរាណមកខ្មែរយើងតែងប្រៀបប្រដូច ស្រីក្រមុំ ទៅនឹងផ្ការំដួល ក៏ព្រោះតែផ្ការំដួលមានសម្រស់ស្អាត និងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់គួរជាទីទាក់ទាញពីសាធារណៈជនទូទៅ។

ក្រៅពីប្រដូចផ្ការំដួលទៅនឹងនារីខ្មែរតាមរយៈក្លិនក្រអូបនោះ ផ្ការំដួលក៏ត្រូវក្រុមអ្នកកវីនិពន្ធខ្មែរ លើកយកទៅធ្វើអត្ថាធិប្បាយរៀបរាប់ពីរូបសម្រស់ តួអង្គដែលល្អគន់ធៀបនឹងសម្រស់ផ្ការំដួល នៅក្នុងអត្ថន័យនៃបទចម្រៀង កំណាព្យ និងប្រលោមលោក។

ក្នុងវិស័យកសិកម្ម ពូជស្រូវផ្ការំដួល គឺជាពូជស្រូវក្រអូប ដែលមានអង្ករវែងរលូន បាយទន់មានរសជាតិក្រអូបឆ្ងាញ់ និងចាត់ទុកជាប្រភេទ ស្រូវក្រអូបលេខ១ សម្រាប់បម្រើការនាំចេញផង។ ពូជស្រូវនេះ ត្រូវបានផ្សព្វផ្សាយជំរុញឲ្យកសិករខ្មែរប្រើប្រាស់ ដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជារបស់ក្រសួងកសិកម្មតាំងតែឆ្នាំ1999។

បច្ចុប្បន្ន ពូជផ្ការំដួលបាននិងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

ក្រឡេកមកបុរាណកាលម្តង ពាក្យរំដួលមានឃើញនៅតាមសិលាចារឹកមួយចំនួន ដែលសរសេរជារំត្វល ជួនកាលសំដៅលើដើម ឬក្រុមដើមរំដួលគឺ តេំរំត្វល (ដើមរំដួល) វ្រៃរំត្វល (ព្រៃរំដួល) ជួនកាលជាឈ្មោះស្រីម្នាក់ តេងរំត្វល (នាងរំដួល)។

ប្រការដែលគេយកមកដាក់ជាឈ្មោះមនុស្សនេះសឲ្យឃើញថា គេនិយមនិងឲ្យតម្លៃលើផ្ការំដួលនេះទៅហើយ។ ម្យ៉ាងទៀតយើងឃើញគេឆ្លាក់រូបស្រីស្នំដែលយកផ្ការំដួលមកចងសក់ជាលំអទៀតផង។ ឃើញថា ការយកផ្ការំដួលមកចងសក់នៅសម័យថ្មីនេះ គឺគ្រាន់តែជាទម្លាប់ដែលមានតាំងពីបុរាណកាលតែប៉ុណ្ណោះ។ ពុំគ្រាន់តែដូច្នេះឡើយ ក្បាច់លំអនៅតាមប្រាសាទបុរាណខ្លះមានចម្លាក់រូបផ្ការំដួលជាជួរៗ ដូចជានៅតាមសសរ និងតាមខឿនជាដើម។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា