ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ ប្រទេស និងដែនដីដែលឆ្លងឆ្នាំសកលមុនគេ និងក្រោយ មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖
មូលហេតុដែលធ្វើឲ្យមានការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំក្នុងពេលខុសគ្នាបែបនេះ គឺដោយសារគេបានបង្កើតខ្សែបន្ទាត់អរូបីមួយហៅថា International Date Line (IDL) សម្រាប់កំណត់ព្រំដែនលើផ្ទៃផែនដី ដើម្បីបែងចែករវាង ថ្ងៃថ្មី និង ថ្ងៃចាស់។ ខ្សែបន្ទាត់នេះស្ថិតនៅខ្សែបណ្តោយទី180 ចន្លោះដែនដីរបស់ប្រទេសរុស្ស៊ី និងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក អន្លាយមកដល់កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។ គេចាប់ផ្តើមរាប់ថ្ងៃថ្មីពីខ្សែបន្ទាត់នេះដេញមកខាងឆ្វេងដៃ គឺដូចជាដំណើរនៃផែនដីវិល ខណៈអ្វីៗដែលនៅខាងស្តាំដៃនៃខ្សែបន្ទាត់នោះគឺជាថ្ងៃចាស់។ ឧទាហរណ៍ នៅខាងឆ្វេងចូលដល់ថ្ងៃទី01 ខែមករា ឆ្នាំថ្មីនៅថ្ងៃស្តាំវិញគឺស្ថិតនៅថ្ងៃទី31 ខែធ្នូ ឆ្នាំចាស់នៅឡើយទេ។
ដូច្នេះហើយប្រទេសដែលតែងតែឆ្លងចូលឆ្នាំថ្មីមុនគេ គឺប្រទេសគិរីបាទី (Kiribati) ប្រទេសតុងហ្កា (Tonga) និងប្រទេសសាម័រ (Samoa) ដែលជាក្រុមប្រទេសដីកោះតូចៗនៅឯមហាសមុទ្រប៉ាស៊ីហ្វិក។ ការឆ្លងចូលឆ្នាំថ្មី2024 ប្រជាជាតិទាំងនេះប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល នៅម៉ោង10ព្រឹក ថ្ងៃទី41 ខែធ្នូ ឆ្នាំ2023 (ម៉ោងសកល GMT) ហើយបន្ទាប់មកទៀតគឺនូវែលសេឡង់ ដែលត្រូវសួស្តីឆ្នាំ2024 នៅខ្ទង់ម៉ោង10 : 15នាទីព្រឹកនៃម៉ោង GMT។ ពេលវេលានៃការឆ្លងចូលឆ្នាំថ្មី គឺបន្តដេញមកខាងឆ្វេងដៃរហូតបែបនេះនៅលើផែនទីពិភពលោកទៅតាមរង្វិលរបស់ផែនដី ខណៈទ្វីបអាមេរិកខាងជើង និងខាងត្បូងជាទ្វីបចុងក្រោយគេដែលស្វាគមន៍ឆ្នាំថ្មី។ គួរបញ្ជាក់ថា កន្លែងចុងក្រោយដែលឆ្លងចូលឆ្នាំថ្មីក៏ស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកដែរ ប៉ុន្តែនៅខាងស្តាំដៃខ្សែបន្ទាត់ IDL នោះគឺកោះប៊ែកឃើ (Baker) និងកោះហោលែន (Howland) របស់សហរដ្ឋអាមេរិក ដែលត្រូវចូលឆ្នាំថ្មីនៅម៉ោង 12ថ្ងៃត្រង់ GMT ថ្ងៃទី01 ខែមករា ឆ្នាំ2024 ប៉ុន្តែកោះទាំងពីរគ្មានមនុស្សរស់នៅទេ។ ដូច្នេះហើយកន្លែងមានមនុស្សរស់នៅ ដែលមានរៀបចំពិធីអបអរឱកាសឆ្លងឆ្នាំសកល គឺដែនដីកោះសាម័ររបស់អាមេរិក (American Samoa) ដែលប្រារព្ធការអបអរនៅម៉ោង 11ព្រឹក GMT ថ្ងៃទី01 ខែមករា ឆ្នាំ2024។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
ប្រភព : https://m.freshnewsasia.com/