Untitled Design

តើវ៉ាក់សាំងអ្វីដែលត្រូវបានបង្កើតឡើងមុនគេបង្អស់?

ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ តើវ៉ាក់សាំងអ្វីដែលត្រូវបានបង្កើតឡើងមុនគេបង្អស់? មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖

ក-ដើមកំណើតនៃជំងឺអុតធំ

គ្មាននរណាដឹងអំពីដើមកំណើតនៃជំងឺអុតធំនេះនោះឡើយ គ្រាន់តែគេបានកត់សម្គាល់ឃើញថា អ្នកជំងឺមានរោគសញ្ញាដំបូងជាកន្ទោលក្រហមតូចៗលើស្បែក រហូតដល់ថ្ងៃទី7 រោគសញ្ញាលើស្បែកទាំងនោះក៏វិវត្តទៅជាពងទឹកថ្លាៗ លុះដល់ថ្ងៃទី21 ទើបពងទឹកនោះក្លាយទៅជាដំបៅដុំៗនៅលើស្បែកអ្នកជំងឺ មើលទៅគួរឲ្យខ្លាចញញើត។

image 12

មានការអះអាងថា រោគសញ្ញាស្នាមកន្ទួលរបស់ជំងឺអុតធំនេះ មានលក្ខណៈស្រដៀងទៅនឹងស្នាមកន្ទោលនៅលើស្បែកក្រៀមៗរបស់សាកសពម៉ាំមី (Mummy) នៅប្រទេសអេហ្ស៊ីបដែលនាំឲ្យគេសន្មតថា ជំងឺអុតធំនេះបានកើតមានតាំងពី ៣០០០ឆ្នាំមុនមកម្ល៉េះ។

កាលពីអំលុងសតវត្សទី4នៃគ្រិស្តសករាជ នៅប្រទេសចិនសម័យបុរាណក៏ធ្លាប់កើតមានជំងឺមួយស្រដៀងនឹងជំងឺអុតធំនេះដែរ។ លុះដល់អំលុងសតវត្សទី7 ជំងឺនេះក៏បានលេចឡើងនៅប្រទេសឥណ្ឌា ក៏ដូចជានៅតំបន់មជ្ឈិមបូព៌ា និងភាគខាងលិចបំផុតនៃទ្វីបអាស៊ី (Asia Minor or Anatolia) នាសតវត្សទី10 ទៀតផងដែរ។

ខ-កាលរាលដាលជំងឺអុតធំ

ប្រវត្តិវិទូដែលតាមដានការរីករាលដាលជំងឺអុតធំបានអះអាងថា ជំងឺនេះមានការរីករាលដាលដោយសារការរីកចម្រើននៃអារ្យធម៌ និងការរុករកដែនដីថ្មីរបស់ពួកអាណានិគមអឺរ៉ុប។ ម្យ៉ាងទៀត ការពង្រីកនៃការធ្វើពាណិជ្ជកម្មជាច្រើនសតវត្សរ៍មកនោះ ក៏បណ្តាលឲ្យជំងឺអុតធំនេះបន្តរីករាលដាលផងដែរ។

image 13

គេអាចសង្ខេបព្រឹត្តិការណ៍នៃការរីករាលដាលជំងឺអុតធំបានដូចខាងក្រោម៖

  • នៅសតវត្សទី6 តាមរយៈកំណើនពាណិជ្ជកម្មរវាងចិន និងកូរ៉េ ការរីករាលដាលនៃជំងឺអុតធំក៏បានសាយភាយទៅដល់ប្រទេសជប៉ុន។
  • នៅសតវត្សទី7 តាមរយៈការពង្រីកឥទ្ធិពលអារ៉ាប់ បានធ្វើឲ្យជំងឺអុតធំរីករាលដាលទៅកាន់អាហ្វ្រិកខាងជើង អេស្ប៉ាញ និងព័រទុយហ្កាល់។
  • នៅសតវត្សទី11 ដោយសារតែមានជម្លោះសាសនារវាងអ្នកកាន់គ្រិស្តសាសនា និងឥស្លាមសាសនាក៏បានធ្វើឲ្យជំងឺអុតធំនេះរីករាលដាលទៅដល់ទ្វីបអឺរ៉ុបទៀតផងដែរ។
  • នៅសតវត្សទី15 នៅពេលដែលព័រទុយហ្កាលចូលកាន់កាប់អាហ្វ្រិកភាគខាងលិច ពួកអាណានិគមក៏បាននាំជំងឺអុតធំនោះដល់តំបន់នេះទៀតដែរ។
  • នៅសតវត្សទី16 ពួកអាណានិគមអឺរ៉ុបបាននាំចូលជំងឺអុតធំទៅកាន់តំបន់ការីបង់ (Caribbean) អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។
  • នៅសតវត្សទី17 ពួកអាណានិគមអឺរ៉ុប នាំជំងឺអុតធំទៅដល់អាមេរិកខាងជើង។
  • នៅសតវត្សទី18 ក្រុមអ្នករុករកដែនដីដែលចេញពីចក្រភពអង់គ្លេស បាននាំជំងឺអុតធំទៅដល់ប្រទេសអូស្ត្រាលី និងអាស៊ីអាគ្នេយ៍ដែនកោះថែមទៀត។

ការផលិតវ៉ាក់សាំងដំបូងគេមួយ ដែលពិភពលោកមិនធ្លាប់បានស្គាល់ពីមុន

នាអំឡុងសតវត្សទី17 ក្នុងពេលដែលជំងឺអុតធំកំពុងរាតត្បាតនៅពាសពេញទ្វីបអឺរ៉ុបនោះ អ្នកវិទ្យាសាស្ត្របានសាកល្បងព្យាបាលអ្នកកើតជំងឺនេះ តាមរយៈវិធីសាស្ត្រធ្វើឲ្យស្បែករបស់ជនរងគ្រោះរបួស រួចយកក្រម៉ដំបៅរបស់អ្នកជំងឺដែលស្ថិតក្នុងអាការស្រាលៗ មកត្រដុសជាមួយស្នាមរបួសនោះ។ ជាលទ្ធផល វិធីនេះមិនសូវជាមានប្រសិទ្ធភាពខ្ពស់ប៉ុន្មានឡើយ ខណៈមនុស្សរាប់លាននាក់នៅតែបន្តស្លាប់ដោយសារជំងឺអុតធំនេះដដែល ដោយជាមធ្យម មនុស្សបីនាក់ក្នុងចំណោមដប់នាក់ដែលឆ្លងជំងឺនេះ ត្រូវស្លាប់យ៉ាងវេទនា។ សម្រាប់អ្នកដែលបានរស់ក្រោយឆ្លងជំងឺនេះ ភាគច្រើនបន្សល់ទុកនូវស្លាកស្នាមនៅលើស្បែកគួរឲ្យកោតញញើត។

image 9

លុះដល់គ្រិស្ដសករាជ1773 ក៏មានគ្រូពេទ្យជនជាតិអង់គ្លេសម្នាក់បានចាប់ផ្ដើមរកដំណោះស្រាយទប់ស្កាត់ជំងឺអុតធំ ខណៈនៅជំនាន់នោះពិភពលោកមិនទាន់មានវ៉ាក់សាំងបង្ការជំងឺអ្វីមួយនៅឡើយទេ។ គ្រូពេទ្យរូបនោះមានឈ្មោះថា អេដវើដ ជេនណឺរ (Edward Jenner)។ នៅពេលលោក អេដវើដ ទទួលព្យាបាលជំងឺរបស់ប្រជាជនកាន់តែច្រើននោះ លោកបានសង្កេតឃើញថា អ្នកដែលអាចរួចផុតជីវិតពីសេចក្ដីស្លាប់ដោយសារជំងឺអុតធំនេះ ភាគច្រើនគឺស្រ្តីអ្នកយកទឹកដោះគោនៅកសិដ្ឋានចិញ្ចឹម។ ស្ត្រីទាំងនោះសុទ្ធតែធ្លាប់ឆ្លងជំងឺអុតក្នុងទម្រង់ស្រាលៗម្តងរួចមកហើយ ដោយគេហៅវាថា ជំងឺអុតគោ (Cowpox)។ ប្រការនេះបញ្ជាក់ឲ្យ ជេនណឺរ យល់ថា ប្រសិនបើជំងឺអុតគោអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ដូច្នេះទម្រង់ស្រាលនេះ នឹងអាចឲ្យមនុស្សជៀសផុតពីគ្រោះថ្នាក់ដោយសារជំងឺអុតធំបាន។ ដោយរកឃើញសមត្ថកម្មបែបនេះហើយ លោក ជេនណឺរ បានសម្រេចចិត្តសាកល្បងនូវអ្វីដែលលោកបានគិត។

image 10

ដំបូងឡើយ លោកត្រូវការអ្នកស្ម័គ្រចិត្តមួយចំនួនដើម្បីធ្វើពិសោធន៍ ខណៈពេលនោះគាត់ជ្រើសយកអ្នកជំងឺម្នាក់ឈ្មោះ សារ៉ា នែលម៉េស (Sarah Nelmes) ដែលគាត់បានឆ្លងជំងឺអុតគោក្នុងពេលគាត់យកទឹកដោះគោក្នុងកសិដ្ឋាន។ នៅថ្ងៃទី14 ខែឧសភា គ្រិស្ដសករាជ1796 លោក ជេនណឺរ បានប្រមូលយកទឹករងៃពីពងបែករបស់ស្ត្រីនោះ ហើយចម្លងវាទៅលើស្បែករបស់ក្មេងប្រុសម្នាក់ទៀត ឈ្មោះ ជែម ហ្វីប (James Phipps)។ លុះដល់នៅថ្ងៃទី01 ខែកក្កដា ឆ្នាំដដែលទើបក្មេងប្រុស ជែម ហ្វីប នោះឆ្លងជំងឺអុតគោបានសម្រេច។ ការធ្វើបែបនេះ គឺពិតជាប្រថុយប្រថានខ្លាំងណាស់ ប៉ុន្តែជេនណឺរ បានថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិរួចជាស្រេច ហើយលោកជឿជាក់ថាលទ្ធផលប្រាកដជាធ្វើឲ្យក្មេងប្រុសនោះមានភាពសាំនឹងជំងឺ។ ស្របពេលដែលកុមារ ជែម ហ្វីប កំពុងឆ្លងជំងឺអុតគោនោះ លោកគ្រូពេទ្យ ជេនណឺរ ក៏បានផលិតវ៉ាក់សាំងមួយឡើង និងសាកល្បងចាក់វ៉ាក់សាំងនោះទៅក្នុងខ្លួនរបស់ ជែម ហ្វីប។ ទីបំផុត ក្មេងប្រុសម្នាក់នេះក៏បានរួចផុតពីគ្រោះថ្នាក់ ដោយវ៉ាក់សាំងដែលចាក់ទៅក្នុងខ្លួនគេនោះ ពិតជាមានប្រសិទ្ធភាពប្រាកដមែន។ រឿងនេះក៏បានក្លាយទៅជារឿងដំណាលថា ក្មេងប្រុស ជែម ហ្វីប ជាមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងដំបូងគេបង្អស់នៅលើពិភពលោក។

image 11

នៅគ្រិស្ដសករាជ1798 លោក ជេនណឺរ បានសរសេរកូនសៀវភៅមួយណែនាំអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងនេះ តែទោះជាយ៉ាងណា រដ្ឋាភិបាលចក្រភពអង់គ្លេសមិនទាន់មានការជឿជាក់លើវ៉ាក់សាំងរបស់លោកនៅឡើយទេ ដូច្នេះហើយលោកបានចំណាយពេលដល់ទៅ40ឆ្នាំ ទើបអាចពន្យល់រដ្ឋាភិបាលចក្រភពអង់គ្លេស និងអ្នកនយោបាយនានាឲ្យយល់អំពីសារៈប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះបានសម្រេច។ រហូតដល់គ្រិស្ដសករាជ1840 លោកក៏បានធ្វើឲ្យអ្នកនយោបាយទាំងនោះយល់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងជំងឺអុតធំ។ ពីរឆ្នាំក្រោយមក ការចម្លងជំងឺអុតធំនៅចក្រភពអង់គ្លេសក៏ត្រូវបានកម្ចាត់ ហើយក៏បានក្លាយជាកម្មវិធីមួយដ៏ចាំបាច់នៅទូទាំងពិភពលោក។ វ៉ាក់សាំងបង្ការជំងឺអុតធំរបស់លោកគ្រូពេទ្យ អេដវើដ ជេនណឺរ បានបន្ថយអត្រាមរណៈដល់ទៅជិតស្មើមួយភាគបួននៃប្រជាជនលើពិភពលោកឯណោះ។ សូមជម្រាបថា ពាក្យ វ៉ាក់សាំង ឬ Vaccination នេះ មានប្រភពមកពីភាសាឡាតាំងថា វ៉ាក់កា (Vacca) ដែលមានន័យថា សត្វគោ។

តើពិភពលោករួចផុតពីជំងឺអុតធំនៅឆ្នាំណា?

នៅគ្រិស្ដសករាជ1959 អង្គការសុខភាពពិភពលោក (WHO) បានចាប់ផ្តើមគម្រោងលុបបំបាត់ជំងឺអុតធំតែគួរឲ្យស្តាយ យុទ្ធនាការលុបបំបាត់ជំងឺអុតធំជាសកលមិនអាចធ្វើទៅបាន ដោយសារតែកង្វះខាតមូលនិធិ អ្នកស្ម័គ្រចិត្ត និងការតាំងចិត្តចូលរួមពីបណ្តាប្រទេសនានា ក៏ដូចជាកង្ខះខាតនៃការឧបត្ថម្ភវ៉ាក់សាំងផងដែរ។ ថ្វីបើមានការប្រឹងប្រែងរបស់ពួកគេក៏ដោយ ក៏ជំងឺអុតធំនៅតែបន្តរាលដាលរហូតដល់គ្រិស្ដសករាជ1966 ដោយវាបានបន្តរាលដាលនៅទូទាំងអាមេរិកខាងត្បូង អាហ្វ្រិក និងអាស៊ី។

កម្មវិធីលុបបំបាត់ដ៏ធំនៃជំងឺអុតធំបានចាប់ផ្តើមនៅគ្រិស្ដសករាជ1967 ជាមួយនឹងការតាំងចិត្តជាថ្មី។ ទីពិសោធន៍នៅក្នុងប្រទេសជាច្រើនដែលជំងឺអុតធំកើតមាននោះ បានផលិតវ៉ាក់សាំងដែលមានគុណភាពខ្ពស់ និងអាចរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់បាន។ មានប្រការជាច្រើនទៀតដែលរួមចំណែកធ្វើឲ្យកម្មវិធីនេះជោគជ័យ ក្នុងនោះរួមមានក្រុមផលិតម្ជុលវ៉ាក់សាំង ការបង្កើតប្រព័ន្ធពិនិត្យថែទាំអ្នកជំងឺ និងយុទ្ធនាការចាក់វ៉ាក់សាំងខ្នាតធំ។

image 14

នៅមុនកម្មវិធីលុបបំបាត់ជំងឺអុតធំចាប់ផ្តើមនៅគ្រិស្ដសករាជ1967 នោះ ជំងឺអុតធំត្រូវបានលុបបំបាត់រួចហើយនៅក្នុងទីតាំងមួយចំនួន ដូចជានៅទ្វីបអាមេរិកខាងជើង (1952) និងទ្វីបអឺរ៉ុប (1953)។ ករណីឆ្លងនៅតែមានក្នុងទ្វីបអាមេរិកខាងត្បូង អាស៊ី និងអាហ្វ្រិក។ កម្មវិធីនេះ បង្កើតឲ្យមានការលុបបំបាត់ទាំងស្រុងនៃជំងឺអុតធំចេញពីពិភពលោក ដោយនៅមុនឆ្នាំគ្រិស្ដសករាជ1971 ជំងឺនេះត្រូវបានលុបបំបាត់ចេញពីអាមេរិកខាងត្បូង ក្រោយមកនៅទ្វីបអាស៊ីលុបបំបាត់បាននៅគ្រិស្ដសករាជ1975 និងចុងបញ្ចប់នៅទ្វីបអាហ្រ្វិកលុបបំបាត់បានក្នុងឆ្នាំគ្រិស្ដសករាជ1977។ គួររំឭកថា នៅអំឡុងពេលប្រើប្រាស់វ៉ាក់សាំងដំបូង លោកវេជ្ជបណ្ឌិត ជេនណឺរ មានក្ដីសង្ឃឹមថា វ៉ាក់សាំងគាត់ប្រាកដជាអាចកម្ចាត់ជំងឺអុតធំបាន។ លុះដល់ជិតពីរសតវត្សរ៍ក្រោយមក ការខិតខំរបស់ពិភពលោកក៏ទទួលបានជោគជ័យពិតប្រាកដមែន ដោយនៅក្នុងសម័យប្រជុំអង្គការសុខភាពពិភពលោកលើកទី22 ដែលប្រព្រឹត្តទៅនៅថ្ងៃទី8 ខែឧសភា គ្រិស្ដសករាជ1980នោះ អង្គការសុខភាពពិភពលោកបានប្រកាសថា ជំងឺអុតធំលែងមាននៅលើពិភពលោកទៀតហើយ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ប្រភព : https://m.freshnewsasia.com/

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា