១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាមគ្គីភេទ” ដូចខាងក្រោម៖
-ពាក្យ “សាមគ្គីភេទ” ( អានថា សាមុ័ក-គី-ភេត ) ( ន. ) ( បា. ) ការបែកសាមគ្គី; សាមគ្គីភេទកើតពីមានៈ គឺការប្រកាន់រៀងរាល់ខ្លួនជាប្រភពឬជាមូលដ្ឋាន មានត្រឹមតែសេចក្ដីវិនាសជាលទ្ធផលផ្តល់សេចក្ដីទុក្ខឲ្យជាដរាប ។ (ព. កា. ថ្លែងពីទោសនៃសាមគ្គីភេទ) : សាមគ្គីភេទ ជាមូលហេតុ បើកឲ្យសត្រូវ ចូលលុករុករាន អស់ឥតមានផ្លូវ ទោះធ្វើម្ដេចកូវ ក៏កែពុំបាន ។ ដូចរដ្ឋវជ្ជី មានសាមគ្គី តាំងពីបុរាណវស្សការៈ មន្ត្រីឈ្លានពាន ប្រើល្បិចមូលបាន ញុះញង់ខ្ទេចខ្ទី ។ យកបានប្រទេស ដែលគេប្រហែស ឲ្យបែកសាមគ្គី ប្រើខ្សឹបងាយៗ ឥតចាយរូបីយ៍ ថែមទាំងមានល្បី ថាឈ្លាសផងទៀត ។ (រឿងរដ្ឋវជ្ជីមានសាមគ្គីភេទ ព្រោះចាញ់ល្បិចខ្សឹប របស់វស្សការៈ ជាអគ្គសេនាបតីនៃព្រះបាទអជាតសត្រូវ ក្នុងបុរាណសម័យ) ។ ហេតុនេះគួរខ្លាច ប្រយ័ត្នកំណាច លបចូលជ្រៀតបៀត ធ្វើសាមគ្គី ឲ្យខូចបង់សៀត បែកហើយផ្សារទៀត ពុំងាយជិតឡើយ ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ