១. ព្យញ្ជនៈ “អ”
“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អនាទរ” ដូចខាងក្រោម៖
-ពាក្យ “អនាទរ” (អានថា អៈន៉ាទៈរៈ ឬ -ទ) (ន.) សេចក្ដីមិនអើពើ, ការពុំគោរព, ពុំយកចិត្តទុកដាក់, ការមិនប្រុងប្រយ័ត្ន, ការពុំនាំពា, ពុំស្រវាស្រទេញ, ដំណើរតោះតើយ, សោះអង្គើយ, ការមើលងាយ : ទទួលភ្ញៀវដោយអនាទរ ។ ព. វ. ឈ្មោះដំណើរប្រយោគមួយប្រភេទ ប្រើពាក្យថា កាល, កាលដែល, កាលបើ ជាគ្រឿងសម្គាល់ ហៅថា ប្រយោគអនាទរ, ដូចជា កាលដែលខ្ញុំកំពុងនិយាយអំពីរឿងនុះ, ស្រាប់តែគាត់មកឃាត់ខ្ញុំមិនឲ្យនិយាយតទៅទៀត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ាទៈរៈ, ដូចជា អនាទរកថា សម្ដីដែលនិយាយដោយការមិនអើពើ ។ អនាទរទុក្កដ អាបត្តិទុក្កដដែលភិក្ខុត្រូវព្រោះការមិនអើពើ, មិនប្រុងប្រយ័ត្ន (ព. វិ. ពុ.) ។ អនាទរភាព ភាវៈតោះតើយ (ព. ផ្ទ. អាទរភាព) ។ អនាទរមិត្ត ឬ -មិត្រ មិត្រដែលរាប់អានគ្នាដោយការមិនស៊ប់ចិត្ត (ព. ផ្ទ. អាទរមិត្ត, ទឡ្ហមិត្ត) ។ អានាទរាបត្តិ (អានថា -ទៈរា-, បា. < អនាទរ + អាបត្តិ) អាបត្តិដែលភិក្ខុត្រូវព្រោះការមិនអើពើ, មិនប្រុងប្រយ័ត្ន (ព. វិ. ពុ.) ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)