+សំណួរទី១០៩
តើសីលធម៌ប្រាំប្រការ និងគុណធម៌ប្រាំប្រការរបស់ខ្មែរយើងមានអ្វីខ្លះ? ចូរពន្យល់។
-ចម្លើយទី១០៩
សីលធម៌ប្រាំប្រការ និងគុណធម៌ប្រាំប្រការរបស់ខ្មែរមាន
ក-សីលធម៌ : ជាធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើដែលជាកុសល។ រឺជាគន្លងនៃចរិយារបស់មនុស្សដែលរស់ប្រកបដោយគុណធម៌ ដើម្បីរស់នៅសមរម្យក្នុងសង្គម។ រឺជាទ្រឹស្ដីពាក្យទូន្មានទាំងឡាយណាដឹកនាំមនុស្សទៅរកផ្លូវល្អ។
ខ-គុណធម៌ : ជាតម្លៃល្អដែលស្ដែងចេញតាមរយៈកាយ វាចា ចិត្ត និងសកម្មភាពរបស់មនុស្ស។
ក្នុងការរស់នៅ មនុស្សត្រូវមានសីលធម៌ប្រាំយ៉ាងគឺ ៖
១-សីលធម៌ផ្ទាល់ខ្លួន : ដឹងខុសដឹងត្រូវ ល្អអាក្រក់ ក្លាហានហ៊ានទទួលខុសត្រូវលើអំពើរបស់ខ្លួន តាំងជាម្ចាស់នៃចិត្តរបស់ខ្លួន។
២-សីលធម៌ក្នុងគ្រួសារ : ស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនជាឪពុកម្ដាយ ចិញ្ចឹមកូនមិនគិតពីការតបគុណវិញ ធ្វើឲ្យមានភាពសុខដុម។ ហើយស្រឡាញ់ និងឧបត្ថម្ភកូនស្មើៗគ្នា អប់រំកូនឲ្យទៅជាពលរដ្ឋល្អ។
៣-សីលធម៌ក្នុងវិជ្ជាជីវៈ : មានមនសិកាក្នុងការងារ រកសុីតាមសមត្ថភាព និងតាមសម្មាអាជីវោ មិនរំលោភលើអ្នកតូចជាងខ្លួន។ មិនលោភធ្វើការហួសកម្លាំង នាំឲ្យខូចសុខភាព។
៤-សីលធម៌ក្នុងសង្គម : មានសាមគ្គីភាពល្អ មិនបង្កទំនាស់ គោរពសិទ្ធិមនុស្ស ស្រលាញ់យុត្តិធម៌ ស្រឡាញ់មនុស្សទូទៅ ទទួលស្គាល់ទុក្ខវេទនាអ្នកដ៏ទៃ។
៥-សីលធម៌ពិភពលោក : មានទំនាក់ទំនងល្អជាមួយបរទេស និងមិនប្រកាន់ជាតិសាន៍ សាសនា…។
ក្នុងការរស់នៅមនុស្ស មនុស្សត្រូវមានគុណធម៌ប្រាំយ៉ាងមាន ៖
១-គោរពមាតាបិតា ចាស់ទុំ
- ស្គាល់នូវអំពើល្អ និងអំពើអាក្រក់។
- សុចរឹក ស្មោះត្រង់ យុត្តិធម៌។
២-គោរពសិទ្ធិមនុស្ស
- ភាពមិនរើសអើង(ភេទ ពូជសាសន៍…)។
- ការអត់ឱន និងអធ្យាស្រ័យសណ្ដោស។
៣-ព្រហ្មវិហារធម៌ទាំង៤(មេត្តា ករុណា មុទិតា ឧបេក្ខា)។
៤-សីលប្រាំ
- មិនកាប់សម្លាប់
- មិនលួចទ្រព្យអ្នកដ៏ទៃ
- មិនលួចប្រពន្ធ កូនគេ
- មិនភូតភរកុហក
- មិនសេពគ្រឿងស្រវឹង
៥-ទសពិធរាជធម៌ទាំងដប់ (ទាន សីល បរិច្ចាក អាជ្ជវៈ មន្ចវៈ តបៈ អក្កោធនៈ អហិង្សា ខន្តី អវិរោធនៈ)។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ទន្សាយ (ភ្នំ)