20230823_145720

មានពុទ្ធសុភាសិតមួយឃ្លាពោលថា “កាប់ឈើ៣ រក្សាព្រៃ១០ ផឹកថ្នាំ៥កញ្ចប់ តមត្រណម២”

+សំណួរទី១៩២ :

មានពុទ្ធសុភាសិតមួយឃ្លាពោលថា “កាប់ឈើ៣ រក្សាព្រៃ១០ ផឹកថ្នាំ៥កញ្ចប់ តមត្រណម២”។ តើមានន័យសេចក្តីថាយ៉ាងដូចម្ដេចខ្លះ?

-ចម្លើយទី១៩២ :

បកស្រាយពុទ្ធសុភាសិត ៖

-កាប់ឈើ៣មានន័យថា នៅក្នុងខ្លួនមនុស្សមានអាក្រក់៣សំខាន់ៗ គឺ

  • លោភៈ សេចក្តីជំពាក់ចិត្ត សេចក្តីប្រាថ្នា បំណងចង់បាន។
  • ទោសៈ ការប្រទូស្ត កំហឹង សម្អប់ កំហុស។
  • មោហៈ អវិជ្ជា សេចក្តីវង្វេង សេចក្តីល្ងង់ ឬភ័ន្ត ស្មារតីមិនយល់ការណ៍ពិត, មិនស្គាល់ខុសត្រូវ។

-រក្សាព្រៃ១០ មានន័យថា មនុស្សដែលកើតបានមកជាមនុស្ស គឺបានសន្សំបុណ្យ កុសល យ៉ាងច្រើនសម្រាប់ពេលខាងមុខតទៀត ការរក្សាព្រៃ១០ សម្ដៅលើ ៖

កាយកម្ម៣ ៖

  • មិនសម្លាប់សត្វ មនុស្ស
  • មិនលួចទ្រព្យអ្នកដទៃ
  • មិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។

វចីកម្ម៤ ៖

  • មិននិយាយពាក្យកុហក
  • មិននិយាយពាក្យញុះញង់
  • មិននិយាយពាក្យទ្រគោះ
  • មិននិយាយពាក្យឥតប្រយោជន៍។

មនោកម្ម៣ ៖

  • មិនសម្លឹងរំពៃចង់បានទ្រព្យអ្នកដទៃ
  • មិនគិតបំផ្លាញអ្នកដទ
  • គំនិតយល់ឃើញត្រូវតាមគន្លងធម៌។

-ផឹកថ្នាំ៥កញ្ចប់ មានន័យថា មនុស្សកើតមក ត្រូវចេះរក្សាខ្លួនឲ្យបានត្រឹមត្រូវ ការបើនៅលីវ ឬប្រសិនបើមានគ្រួសារក៏ដោយ ត្រូវចេះមានសីល៥ ជាប្រចាំកាយ ដែលរួមមាន ៖

  • បាណាតិបាតា កិរិយាវៀរចាកការសម្លាប់ជីវិតមនុស្ស សត្វ។
  • អទិន្នាទានា កិរិយាវៀរចាកការលួចទ្រព្យសម្បត្តិអ្នកដទៃ។
  • កាមេសុ កិរិយាវៀរចាកការសេពមេថុនធម្ម កាមតណ្ហា។
  • មុសាវាទា កិរិយាវៀរចាកការពោលពាក្យកុហក មុសា។
  • សុរាមេរ័យ កិរិយាវៀរចាកការផឹកសុរា និងមេរ័យ។

-តមត្រណម២ មានន័យថា មនុស្សកើតមកធំដឹងក្តី តែងតែបានប្រព្រឹត្តនូវអំពើអកុសលកម្មជាដើម។ តែមនុស្សត្រូវចេះតម គឺ ៖

  • អំពើបាប ដែលលាមក ពុំប្រសើរ ចិត្តបាប អំពើបាប។
  • អំពើអកុសល សេចក្តីអាក្រក់ បាប អពមង្គល អកុសលតាមមកផ្តល់ គឺបាបតាមមកផ្តល់ បាបចេញមុខឲ្យផល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា