photo_2024-04-05_08-33-41

ឈ្វេងយល់អំពីអត្ថន័យពាក្យ

+សំណួរទី៣០៣

ចូរឈ្វេងយល់អំពីអត្ថន័យពាក្យ សកលភាវូបនីយកម្ម សមាហរណកម្ម ពិភពលោកពហុជាតិ នគរូបនីយកម្ម ទំនើបភាវូបនីយកម្ម ជាតូបនីយកម្ម និងសញ្ជាតូបនីយកម្ម?

-ចម្លើយទី៣០៣

ឈ្វេងយល់អំពីអត្ថន័យពាក្យ

ក-សកលភាវូបនីយក គឺជាដំណើរការវិវត្តន៍នៅក្នុងចរន្តនៃការបង្កើតនូវប្រព័ន្ធតែមួយនៅលើសកលលោក ។ សព្វថ្ងៃនេះ គឺសម្រាប់អ្នកនយោបាយប្រើមធ្យោបាយដើម្បីកសាងពិភពលោកមួយប្រកបដោយការចុះចម្រុងគ្នា ការយោគយល់គ្នា និងដើម្បីកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះ ឬអាចនិយាយបានថា សកលភាវូបនីយកម្ម ជាដំណើរមួយដែលសេដ្ឋកិច្ច សង្គម វប្បធម៌ តំបន់ និងពិភពលោកបានរលាយចូលគ្នា តាមរយៈបណ្តាញទំនាក់ទំនង និងពាណិជ្ជកម្ម។ ម្យ៉ាងទៀត សកលភាវូបនីយកម្ម (globalization) គឺជានិន្នាការមួយ ដែលសកម្មភាពសេដ្ឋកិច្ច នយោបាយ និងវប្បធម៌នៃប្រទេសផ្សេងៗគ្នាលើសកលលោក បង្កើននូវការជះឥទ្ធិពលលើគ្នាទៅវិញទៅមក និងក្លាយឈានទៅរកការពឹងផ្អែកគ្នាទៅវិញទៅមក ។

ខ-សមាហរណកម្ម ជាការចូលរួមទៅក្នុងក្រុម ឬសង្គមដទៃទៀតដោយសម្របសម្រួលខ្លួនទៅតាមក្រុម ឬសង្គមនោះ។ ការបញ្ចូលខ្លួនទៅក្នុងផ្នែក ឬស្ថាប័នដែលធំជាង ឬអាចនិយាយបានថា សមាហរណកម្ម ជាការច្របាច់ ឬរួមបញ្ចូលគ្នា ដំណើរនៃការរួមបញ្ចូលគ្នា ការចូលរួមជាមួយគ្នា ។

គ-ពិភពលោកពហុជាតិ ឬពិភពលោកពហុសញ្ជាតិ (Multinational world) មានន័យថា ពិភពលោកទាំងមូលនឹងពុំមានព្រំប្រទល់ទេ ពោលគឺក្លាយជាទឹកដីតែមួយហើយរស់នៅជាមួយមហាជនសញ្ជាតិផ្សេងៗគ្នាជាច្រើន នេះជាទិសដៅចុងក្រោយនៃដំណើរវិវត្តសកលភារូបនីយកម្ម ។

ឃ-នគរូបនីយកម្ម (Urbanization) គឺជាដំណើររៀបចំដែនដីកិច្ចអភិវឌ្ឍទីក្រុង និងខេត្តនានាពិសេសការរៀបចំប្លង់សម្រាប់ប្រើប្រាស់ដីធ្លីឲ្យបានសមស្របតាមភាពរីកចម្រើនសង្គមសេដ្ឋកិច្ចជាតិ។ កំណើននគរូបនីយកម្ម គឺជាការរីកសាយនៃការរៀបចំការពង្រីក និងការបង្កបង្កើតទីក្រុង ។

ង-ទំនើបភាវូបនីយកម្ម គឺការធ្វើអ្វីមួយឲ្យកាន់តែទំនើប និងជឿនលឿនឡើងៗ។

ច-ជាតូបនីយកម្ម (Nationalization) ជាការធ្វើអ្វីមួយឲ្យប្រែក្លាយពីកម្មសិទ្ធឯកជន ទៅជាកម្មសិទ្ធិសាធារណៈ ឬកម្មសិទ្ធិរដ្ឋ។ រីឯពាក្យ ឯកជនូបនីយកម្ម (Privatization) មានន័យថា ការប្រែប្រួលទ្រព្យកម្មសិទ្ធិរដ្ឋ ទៅជាទ្រព្យកម្មសិទ្ធិឯកជន។ ឧទាហរណ៍ : មានរោងចក្ររដ្ឋមួយចំនួនត្រូវបានលក់ឲ្យក្រុមហ៊ុនឯកជន តាមរយៈការដាក់ឲ្យដេញថ្លៃ។

ឆ-សញ្ជាតូបនីយកម្ម ជាការធ្វើឲ្យជនបរទេសបានសញ្ជាតិនៃប្រទេសដែលជននោះរស់នៅ ការសុំចូលសញ្ជាតិ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា