20240404_162703 (2)

សត្វតំណាងប្រទេសកម្ពុជា?

+សំណួរទី៣៤៣

សត្វតំណាងប្រទេសកម្ពុជា?

-ចម្លើយទី៣៤៣

១-គោព្រៃ

គោព្រៃ​ជា​ប្រភេទ​គោ​សាទិស​មាន​រូបរាង​ស្រដៀង​ទន្សោង។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ គេ​អាច​សម្គាល់​វា​បាន​ច្បាស់​តាម​លក្ខណៈ ​មាន​បួរ​វែង​ធា្ល​ក់​ចុះ​ដល់​ជង្គង់និង​ស្ទើរតែ​ដល់​ដី​នៅពេល​វាចា​ស់។ ស្នែង​គោព្រៃ​ឈ្មោល និង​ញី​មាន​លក្ខណៈ​ខុសគ្នាដោយសារ​ស្នែង​ឈ្មោល​ធំ​ជាង​ស្នែង​ញី។ វា​ដុះ​ចេញមកក្រៅ​កោង​ទៅមុខ​រួច​ងើប​ឡើងលើនិង​មាន​បែក​ចុង​ស្នែង នៅពេល​វា​មាន​អាយុប្រមាណ 3ឆ្នាំ។ ស្នែង​ញី​ដុះ​មក​មុខ​រាង​ងើប​បន្តិច រួច​រមួល​ឡើងលើ។ ជើង​ក្រោម​ជង្គង់​ទាំង​បួន​មាន​ពណ៌​ស ឬ​ប្រផេះ និង​នៅ​ផ្ទៃ​ខាងក្រោយ​នៃ​គូទ​ពុំមាន​ដាង​ពណ៌​ស​ដូច​ទន្សោង​ទេ។ សម្បុរ​គោព្រៃ​អាច​ប្រែប្រួល នៅពេល​ក្មេង​មាន​សម្បុរ​ត្នោតដល់​ជំទង់​មាន​សម្បុរ​ប្រផេះ និង​ប្រផេះ​ចាស់​នៅពេល​វាចា​ស់។គោព្រៃ​ឈ្មោល​ពេញវ័យ​មាន​កម្ពស់​រហូតដល់1,81ម៉ែត្រ។

២-សត្វត្រយ៉ង

ឈ្មោះជាភាសាជាតិហៅ ត្រយ៉ង ឬ ក្ងយក្ស ឬ ឪលើក ឈ្មោះវិទ្យាសាស្រ្ត  Pseudibis giganea និងជាភាសាអង់គ្លេស Giant Ibis ។ បក្សីប្រភេទនេះមានពណ៌សម្បុរប្រផេះក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ជំពុះរាងកោងខុបចុះ និងមានប្រវែងដងខ្លួន104សង់ទីម៉ែត្រ។ សត្វប្រភេទនេះបច្ចុប្បន្នសម្បូរនៅតែក្នុងភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ត្រយ៉ងស៊ីសត្វឥតឆ្អឹងកងរស់នៅក្នុងភក់ រួមមានជន្លេន ខ្យង ខ្ចៅ និងក្ដាម។ ពួកវាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួត ដែលមានដីសើមច្រើនរួមមានត្រពាំង បឹង និងទន្លេ។ ពិភពលោក ក៏បានចាត់ទុកត្រយ៉ងជាប្រភេទជិតផុតពូជបំផុត ដោយបានចុះបញ្ជីសៀវភៅក្រហមIUCN។

៣-សត្វអណ្ដើកហ្លួង

ឈ្មោះជាភាសាជាតិហៅ អណ្ដើកសរសៃ ឬអណ្ដើកហ្លួង ឈ្មោះវិទ្យាសាស្រ្ត Batagr baska  និងភាសាអង់គ្លេស Royal Turtle ។ លក្ខណៈសម្គាល់របស់វាមានភ្នែកពណ៌ស និងច្រមុះបះឡើង ស្នូករបស់វាមានប្រវែងរហូតដល់60សង់ទីម៉ែត្រ។ វាមានពណ៌ប្រផេះ ឬខ្មៅទាំងអស់។ លក្ខណៈពិសេសអណ្ដើកនេះមានម្រាមជើងមុខធំមានស្បែកពាសជាប់គ្នាដូចបាតជើងទា មានក្រញាំតែបួនគឺខុសប្លែកជាងអណ្ដែកផ្សេងទៀតដែលមានក្រញាំប្រាំ។ វាចូលចិត្តរស់នៅតាមតំបន់ពាមសមុទ្រ ដែលមានព្រែកតូចៗព្រៃកោងកាងឬមានរុក្ខជាតិផ្សេងទៀតដុះតាមមាត់ទឹក។​ 

៤-ត្រីគល់រាំង

ឈ្មោះភាសាជាតិគេហៅត្រីហោ ត្រីក្បាលឡាន ឬត្រីគល់រាំង ចំណែកឯឈ្មោះវិទ្យាសាស្ត្រ Cattlocarpio siamensis  និងឈ្មោះជាភាសាអង់គ្លេស Giant Mekong Barb។ ត្រីគល់រាំងជាប្រភេទត្រីដែលមានទំហំធំជាងគេនៅក្នុងប្រទេសកម្ពុជា ដោយមានទម្ងន់របស់វាចន្លោះពី150 ដល់ 300គីឡូក្រាម។ វាអាចប្រវែងចន្លោះពី2 ទៅ 3ម៉ែត្រ។ លក្ខណៈសម្គាល់ត្រីប្រភេទនេះគឺពណ៌សម្បុរនៅលើដងខ្លួនរបស់វា  មានពីរពណ៌ដាច់ដោយឡែកពីគ្នា។ ចំណែកឯ ស្រការបស់វានៅខាងលើមានខ្សែឆ្នូត ឯខ្លួនមានពណ៌ក្រម៉ៅថ្លា។  ដោយឡែកស្រកាឋិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។ ត្រីប្រភេទនេះ រស់នៅតាមដងទន្លេមេគង្គជាពិសេសសម្បូរជាងគេនៅក្នុងទន្លេសាប។ 

៥-ចេកពងមាន់

ឈ្មោះជាភាសាជាតិហៅចេកពងមាន់ រីឯឈ្មោះវិទ្យាសាស្រ្ត Musa aromatica  ជាភាសាអង់គ្លេស Chicken Egg Banana ​។ ចេកប្រភេទនេះត្រូវបានប្រជាពលរដ្ឋនិយមបរិភោគទូទៅ និងត្រូវបានគេដាំនៅតាមដីសណ្ដទន្លេមេគង្គជាពិសេសនៅតាមតំបន់កោះដុះថ្មី។ គេអាចយកគល់របស់វាជាប្រភពជាតិម្សៅសម្បូរដោយជាតិអាមីដុងដែលអាចជំនួសជាចំណីសត្វពាហនៈ ។ 

៧-ផ្ការំដួល

ផ្ការំដួល ឈ្មោះជាភាសាជាតិហៅថា រំដួល ឈ្មោះវិទ្យសាស្រ្ត  Mitrella mesnyi។ ផ្ការំដួលមានពណ៌លឿង-សមានក្លិនក្រអូប សាយបានឆ្ងាយ វាចោលក្លិននៅពេលរសៀល និងពេលព្រលប់។ ផ្លែរបស់វាជាចង្កោមពេលទុំមានពណ៌ក្រហមក្រម៉ៅ និងអាចបរិភោគបាន។ រសជាតិរបស់វាប្រហាក់ប្រហែលផ្លែព្រីង។ផ្ការបស់វា ត្រូវបានគេច្នៃធ្វើជាគ្រឿងលម្អកាយរបស់ស្រ្តី និងអាចធ្វើជាក្រមួនលាបមាត់បានផងដែរ។ 

៦-ដើមត្នោត

ជាប្រភេទរុក្ខជាតិដែលសម្បូរអាចប្រើជាប្រយោជន៍បានច្រើនយ៉ាងទាំងដើម ស្លឹក ផ្កា ផ្លែ ខ្ចី ចាស់ និងទុំ។ នៅក្នុងប្រទេសកម្ពុជាដើមត្នោតមានដុះស្ទើរពាស់ពេញផ្ទៃប្រទេស។ ពលរដ្ឋភាគច្រើនស្គាល់  និងដឹងពីអត្ថប្រយោជន៍របស់រុក្ខជាតិមួយប្រភេទនេះ។ លក្ខណៈពិសេសរបស់រុក្ខជាតិប្រភេទនេះ គឺធននឹងអាកាសធាតុ និងអាចរស់នៅបានទាំងក្នុងទឹកនិងលើគោក។ 

សូមបញ្ជាក់ថា ការកំណត់ប្រភេទសត្វ និងរុក្ខជាតិ ស​ម្រាប់ជានិមិត្តរូបនៃប្រទេសកម្ពុជាចេញដោយព្រះរាជក្រឹត្យលេខ នស/រកត ២៣០៥/ ១៤៩ ចុះថ្ងៃទី21 ខែមីនា ឆ្នាំ2005។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា