Stories from the history of local and foreign legendary sites_10

រឿងព្រេងទាក់ទងនឹងទំនៀមទំលាប់ចោះត្រចៀកកូនស្រី

ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ រឿងព្រេងទាក់ទងនឹងទំនៀមទំលាប់ចោះត្រចៀកកូនស្រី មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖

តាមទំនៀមពីបុរាណកាលមកក្មេងស្រីៗសុទ្ធតែចោះត្រចៀកគ្រប់ៗគ្នាទាំងអស់។ រហូតមកដល់សម័យបច្ចុប្បន្ននេះ ក៏នៅតែធ្វើចំពោះត្រចៀកដែរ គឺគេចោះត្រចៀកទុកសំរាប់ពាក់គ្រឿងអលង្កាផ្សេងៗ មាន កាវ កបិត ទំហូ ជាដើម។ ឯក្មេងប្រុសៗមិនមានចោះត្រចៀកទេ។ រឿងនេះខ្ញុំបានដឹងពីសំណាក់ដូនចាស់ម្នាក់ ឈ្មោះ មាស នៅភូមិពោធិដូតអស់ គាត់បានស្លាប់ប្រហែល ១៨ឆ្នាំហើយ (២)។ ដើមឡើយខ្ញុំសួរគាត់ថា “យាយ! ហេតុដូចមេ្តចក៏ប្រហោងត្រចៀកយាយធំម្លេះ? តើយាយពាក់កាវ ប៉ុន្មានទៅ? ” យាយមាសឆ្លើយតបវិញថា “ចៅឯងមិនទាន់ដឹងទេ ចាស់ៗជំនាន់យាយ គេមិនសូវពាក់កាវទេ គឺគេពាក់តែត្រសាល់ ឯត្រសាល់នោះ បើអ្នក មានទ្រព្យសម្បត្ដិច្រើនគេធ្វើដោយមាសប្រាក់ ឬភ្លុក។ ឯអ្នកក្រសម្បត្ដិទ្រព្យគេធ្វើដោយឈើពាក់សោះតែទំនេរ ត្រចៀកណ៎ាចៅ!។ អាស្រ័យការពាក់ ត្រសាល់នេះ ទើបបានជាត្រចៀកយាយយារធ្លាក់ចុះ ហើយមានប្រហោងធំ ដូច្នេះឯង។ ត្រសាល់នេះរាងប៉ុនមេដៃ មានសណ្ឋានប្រហែលនិងត្រសាល់អំបោះសព្វថ្ងៃនេះដែរ តែល្អជាង ព្រោះ មានឆ្លាក់ក្បូរក្បាច់នៅត្រង់កញ្ចាំង (មុខ)។ ព្រោះហេតុតែមានរាងរៅដូចគ្នានិងត្រសាល់អំបោះ ទើបគេហៅ វាថា “ត្រសាល់” ដែរ។ តែក្មេងស្រីៗជំនាន់ដើម គេពាក់គ្រឿងអលង្កាម្យ៉ាងហៅថា “កន្ទួត”។ កន្ទួតមាន កញ្ចាំងដូចជា “កាវទងត្រង់” សព្វថ្ងៃនេះដែរ តែឥតមានត្បូងទេ។ នៅត្រង់កន្លែងដាក់ត្បូង គេធ្វើរាងដូចផ្លែកន្ទួត ហើយធ្វើក្រវិលមូលមួយសំរាប់ដោតក្នុងរន្ធត្រចៀកចោះ។ កន្ទួតនោះគេធ្វើដោយមាស ឬទង់ហ្វ៊ា។ ទំនៀម ចោះត្រចៀកនេះ មានរឿងព្រេងមួយដំណាលថា : កាលពីកន្លងទៅយូរយារណាស់មកហើយ មានកុដុម្ពីក៏ម្នាក់ ជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ មានខ្ញុំកំដរស្រីប្រុសជាច្រើន មានមាសប្រាក់កែវកងពិទូរ្យសូរ្យកាន សព្វបែប យ៉ាង។ កុដុម្ពីក៏នោះក៏មានចិត្ដក្បត់ និងភរិយារបស់ខ្លួន ហើយទៅសហាយស្មន់និងខ្ញុំបំរើស្រីម្នាក់។ លុះយូរទៅ ប្រពន្ធដើមដឹងរឿង តែមិនដឹងធ្វើម៉េចនិងធ្វើបាបខ្ញុំបំរើស្រីនោះបាន។ ថ្ងៃមួយកុដុម្ពីក៏ មានដំណើរទៅស្រុកក្រៅ ពេញមួយថ្ងៃ ប្រពន្ធដើមបានឱកាសក៏នាំទាសីដទៃទៀតរបស់ខ្លួន ទៅចាប់នាងស្រីជាសហាយរបស់ប្ដីនោះ មកធ្វើបាប វាយដំច្រំធាក់ និងជេរបញ្ចោរច្រាសឆ្អេះយ៉ាងអស្ចារ្យ រួចយកដែកគោលមកបោះត្រង់ចុងស្លឹកត្រចៀក ទាំងពីររបស់នាងនោះ ហើយទុកចោលនៅលើផ្ទះនោះទៅ។ លុះវេលាល្ងាច កុដុម្ពីក៏ ត្រលប់មកពីស្រុកក្រៅវិញ ឃើញដូច្នេះក៏សួរទៅនាងសហាយនោះថា “យ៉ាងម៉េច! បានជាគេយកដែកគោលបោះស្លឹកត្រចៀកដូច្នេះ?”។ នាងក៏ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់។ ប្ដីក៏ដកដែក គោលចេញរកថ្នាំលាបស្រួលបួលហើយ ឲ្យទៅនៅផ្ទះមួយ ឆ្ងាយពីគ្នា។ ចាប់តាំងពីថ្ងៃនោះមក នាងសហាយនោះមានសេចក្ដីអៀនខ្មាស់គេជាច្រើន ព្រោះត្រចៀកខ្លួនមាន ស្នាមប្រហោង។ នាងចេះតែនិយាយនិងប្ដីថា ឲ្យជួយធ្វើយ៉ាងណាដើម្បីឲ្យបាត់ស្នាមប្រហោងត្រចៀកនាង។ កុដុម្ពីក៏ធានារាប់រងថា នឹងរកមធ្យោបាយធ្វើឲ្យបាត់ស្នាម ហើយឲ្យបានល្អទៀតផង។ នៅយប់មួយ កុដុម្ពី ក៏ដេកសញ្ជឹងគិតឃើញថា បើអញយកមាសទៅឲ្យជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដូចដែកគោល ហើយ យកមកឲ្យនាងពាក់បិទត្រង់រន្ធស្នាមនោះ ប្រហែលនិងបានល្អ។ លុះគិតហើយ ទើបកុដុម្ពីក៏ចាត់ឲ្យជាងធ្វើបានដូច បំណង ដោយបង្គាប់ឲ្យធ្វើមានកញ្ចាំងដាំត្បូងពេជ្រ រំលេចដោយក្បាច់រចនាផ្សេងៗ យ៉ាងល្អវិចិត្រគួរឲ្យចង់បាន។ នាងសហាយក្រោយដែលបានពាក់ដែកគោលមាសដាំត្បូងពេជ្រ ក៏ឃើញមាន លម្អប្លែក នាំឲ្យនាងមានចិត្ដរីករាយ យ៉ាងក្រៃលែង។ លុះថ្ងៃក្រោយមក នាងប្រពន្ធដើមបានឃើញត្រចៀកនាងសហាយដែលខ្លួនបោះដែកគោលនោះ មានពន្លឺភ្លឺផ្លេកៗគួរឲ្យស្រលាញ់ក៏សួរនាងនោះថា “នាងបានអ្វីមកពាក់នៅត្រចៀកនោះក៏ល្អម្លេះ?”។ នាងសហាយ ឆ្លើយថា “ខ្ញុំពាក់ដែកគោលដាំត្បូងពេជ្រ ជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុននោះ”។ នាងប្រពន្ធ ដើមបានដឹងហើយ ក៏រកមធ្យោបាយចោះត្រចៀកខ្លួន ហើយឲ្យជាងធ្វើដែកគោលដាំត្បូងពេជ្រពាក់ ដូចនាងប្រពន្ធ ចុងដែរ។

ចាប់តាំងពីសម័យនោះមក ស្រីៗឯទៀតក៏នាំគ្នាចោះត្រចៀកកូនស្រី តាំងពីនៅក្មេងតូចៗទុកសំរាប់ ពាក់គ្រឿងអលង្កាផ្សេងៗ ជាប់រហូតមកដល់សព្វថ្ងៃនេះ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដកស្រង់ដោយ : កំប៉្រុក (ភ្នំ)

ប្រភពដកស្រង់ : ប្រជុំរឿងព្រេងខ្មែរ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា