ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ រឿងពាក្យសុភាសិតតម្លៃ ៣០តំលឹង (តម្លឹង) មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖
កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ក៏បានយកប្រាក់ ៣០តម្លឹង លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ គេសូធ្យឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់។ តាចាស់សួរថា “ អ្នកឯងទៅណា ដើរមកតែម្នាក់ឯង ស្វះស្វែងរកអ្វី? “។ បុរសនោះឆ្លើយថា “ ឱ! តាអើយ! ខ្ញុំមកនេះ ត្បិតឮគេថានៅទីនេះ មានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមក ក្រែងតាចេះដឹង ប្រដៅចៅផង “។ តាចាស់ឆ្លើយថា តាមានរបៀនបីបទ តម្លៃ ៣០តម្លឹង បើចៅឯងកាន់ជាប់ ចៅឯងមិនច្បុតទេ គង់បានដូចចិត្ត បើមានកិច្ច មានដំណើរអ្វីឲ្យសូធ្យរបៀនតានេះចុះ ពូកែណាស់ “។ បុរសនោះថា “ តាសូធ្យឲ្យខ្ញុំស្ដាប់មើល! បើខ្ញុំចូលចិត្ត ខ្ញុំយក “ តានោះសូធ្យឲ្យស្ដាប់ថា “ រពឹសដៃផ្ទៃឆ្អែត, ដេកយប់កុំនិយាយនឹងស្រី, ឃ្លានកុំអាលស៊ី “។ បុរសនោះស្ដាប់បាន ចូលចិត្ត ក៏ប្រគល់ប្រាក់៣០តម្លឹងឲ្យតានោះ ហើយទន្ទេញរបៀនទាំងបីបទនោះ ចាំស្ទាត់រត់មាត់។ ឯតាចាស់ប្រាប់ថា “ បើចៅកាន់របៀនទាំងបីបទនេះបាន តាឲ្យទទេ មិនយកតម្លៃទេ “។ ហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញ។ បុរសនោះក៏លាតាចាស់នោះ វិលមកស្រុកវិញ។ មាត់បុរសនោះចេះតែទន្ទេញរបៀនបីបទនោះ ចប់តែតាមផ្លូវមក ពុំមានភ្លេច។ លុះដើរឆ្ងាយបន្តិចមក ជួបនឹងសំពៅឈ្មួញមួយ , បុរសនោះ ក៏សុំសំពៅគេដោយសារមកស្រុក, ដង្ខៅសំពៅក៏ព្រមឲ្យដោយសារ។ បុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណា ក៏ចេះតែទន្ទេញរបៀនបីបទនោះ ហើយចេះតែជួយលាង ជួយថែទាំ ជួយជួសជុលសំពៅដូចជារបស់ខ្លួន។ នាយសំពៅនឹកក្នុងចិត្តថា “ អ្នកនេះតាំងតែពីចុះដោយសារសំពៅអញកាលណាមក គាត់ចេះតែធ្វើការដូចជារបស់គាត់ នឹកហើយ ក៏ស្រឡាញ់បុរសនោះ ឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមក។ ឯបុរសនោះពុំខ្ជិលសោះ ចេះតែខំធ្វើការក្នុងសំពៅ ដូចជាកូនឈ្នួលឯទៀតៗ។ នាយសំពៅនឹកតែក្នុងចិត្តថា “ បើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីតទៅ “។ លុះបើកសំពៅមកដល់កណ្ដាលស្រុកមួយ បានឃើញវិហារមួយគេរៀបអណ្ដាប់ពោរពាស សុទ្ធតែចំណី ស្រា បាយ ទុកឲ្យយក្សវាមកស៊ី។
អ្នកសំពៅ កាលដល់វិហារនោះ ក៏ចតសំពៅ ឡើងទៅលេងឃើញចំណីទាំងនោះ ពុំមានមនុស្ស ក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នា ខានតែបុរសម្នាក់នោះ មាត់គាត់ចេះតែទន្ទេញថា “ រពឹសដៃផ្ទៃឆ្អែត ដេកយប់កុំនិយាយនឹងស្រី ឃ្លានកុំអាលស៊ី “ ដោយគិតថា “ ចំណីអស់នេះមានហេតុអ្វីមួយហើយ បានជាគេរៀបទុកនៅទីនេះ, ឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខាន “ គិតដូច្នោះហើយពុំហ៊ានស៊ី ឡើងទៅពួនលើធ្នឹមវិហារ ដោយស្ងៀមស្ងាត់ចាំលបមើល។
លុះដល់ថ្ងៃត្រង់ យក្សមកដល់ ហើយវាខឹងខ្លាំងណាស់ថា “ នរណាហ៊ានមកស៊ីចំណីអស់នេះ “។ យក្សថាហើយ ក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះ ស្លាប់ទាំងអស់ទៅ។ ឯដំបងក៏វិលមកខាងយក្សវិញ ហើយយក្សកាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅ រួចក្រឡេកមើលក្រឡេមក្រឡឺម។ បុរសឃើញយក្សភ័យណាស់ មាត់ចេះតែទន្ទេញរបៀនបីបទ ហើយគិតថា “ បើអញស្រែក ក្រែងយក្សឮវាឃើញអញ ហើយវានឹងស៊ីអញទៀត “ គិតហើយក៏លោតចុះពីលើធ្នឹម ស្រែកវ៉ាសឡើង យក្សភ័យណាស់ រត់ចោលដំបងទៅបាត់ទៅ។ បុរសនោះ បានដំបងវាយឯងហើយ ក៏ដើរត្រឡប់មកស្រុក ចោលសំពៅនៅកំពង់វិហារនោះឯង។
លុះដើរមកដល់ផ្ទះ ក្នុងវេលាយប់ បុរសនោះ យកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើ ហើយឡើងទៅដេកលើផ្ទះ។ ប្រពន្ធសួរ ប្រាប់ប្រពន្ធថា ចាំព្រឹកសឹមនិយាយប្រាប់ “។ ក្រោយពេលដែលប្ដីទៅ ប្រពន្ធនៅផ្ទះ វាមានសាហាយ, វេលាយប់ដែលប្ដីមកដល់ផ្ទះ សាហាយវាសួរថា ដំណើរដូចម្ដេច ក៏ចាំព្រឹកទើបនិយាយបាន?។ ប្រពន្ធចេះតែឱបអង្អែល។ ទ្រាំពុំបានប្ដីក៏និយាយប្រាប់ថា : អញនិយាយនឹងឯងនេះខុសគ្រូហើយ ត្បិតគ្រូផ្ដាំថា “ ដេកយប់កុំនិយាយនឹងស្រី “ ឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយ។ ប្រពន្ធសួរថា “ អ្នកទៅបានរបស់អ្វីមកខ្លះ “។ ប្ដីថា “ បានតែរបៀនបីបទហើយត្រឡប់មកវិញ ដល់ពាក់កណ្ដាលផ្លូវ បានដំបងវាយឯងទៀត “។ ប្រពន្ធសួរថា” ដំបងនោះទុកនៅឯណា ឥឡូវនេះ? ខ្ញុំចង់ឃើញ “។ ប្ដីថា “ អញទុកក្រោមជណ្ដើរ យកថ្មគ្រប “ ថាហើយក៏ដេកលក់ទៅ។សាហាយ លបស្ដាប់ឮហើយ ក៏ទៅក្រោមជណ្ដើរ រើសយកដំបងនោះទៅបាត់ទៅ។ លុះព្រឹកព្រហាមស្រាងៗ ឡើងបុរសនោះ រឭកពីដេក ចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថា “ អញប្រាប់មិនជឿ អញថា ខុសគ្រូហើយ ឯងចេះតែលួងអញ ទាល់តែអញប្រាប់ ឥឡូវនេះ មនុស្សឮ វាលួចយកដំបងបាត់ហើយ “។ ប្រពន្ធឮហើយដឹងថាសាហាយលួច ក៏មិនស្ដី ដណ្ដាំបាយឲ្យប្ដីស៊ីៗរួចហើយ បុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះ នាំទៅប្ដឹងមេស្រុក ឲ្យជំនុំជម្រះរកចោរឲ្យ។ មេស្រុក ពុំដឹងបើជំនុំជម្រះដូចម្ដេច ពីព្រោះថ្មមិនចេះស្ដី គេជេរថា “ អាកំព្រើល! តាំងពីដូនតាមក នរណាដែលឃើញដំបងវាយឯង “ គេគម្រាមហើយគេដេញចេញទៅ។ បុរសនោះចេះតែអូសថ្មទៅប្ដឹង តាំងតែពីមេស្រុក ដល់ទៅលោកយមរាជ អ្នករាជការគ្រប់ក្រសួង គេចេះតែដេញចេញ គេថា មនុស្សឆ្កួត គេមិនឲ្យចូល។ បុរសនោះអូសថ្មទៅថ្វាយស្ដេចៗទ្រង់សួរសព្វគ្រប់ហើយ ទ្រង់មានព្រះបន្ទូលប្រាប់អស់នាម៉ឺនថា “ មែនបានគេថា, មានប្រឡាយបានទឹកវាហូរ, មានសម្រាមបានឆ្កែវាជុះ, អស់នាម៉ឺនកុំថាវាឆ្កួតសេចក្ដីនេះមែនហើយបានជាវាហ៊ានថា ស្ដេចមានបន្ទូលប្រាប់បុរសថា “ ណ្ហើយ វិលទៅផ្ទះចុះ កាលណាអញប្រើឲ្យគេទៅហៅសឹមមក “។ បុរសនោះទទួលថា “ ព្រះករុណាថ្លៃវិសេស “ ហើយក្រាបថ្វាយបង្គំលាទៅវិញ។
ក្រោយពេលបុរសនោះទៅ ស្ដេចទ្រង់ព្រះរាជបញ្ជា ឲ្យប្រាប់បណ្ដារាស្រ្តថា ត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរាំបីថ្ងៃបីយប់ ឲ្យបណ្ដារាស្រ្តមើលតាមចិត្តពុំមានឃាត់ឃាំងឡើយ “ ហើយទ្រង់ឲ្យរៀបលេងល្ខោន។ កាលនោះអស់រាស្រ្តសឹងតែចូលទៅមើលគ្រប់គ្នា។ ស្ដេចទ្រង់យាងចូលទៅ ក្នុងព្រះរាជដំណាក់ ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេច អស់រាស្រ្តនិងនាម៉ឺន ពុំដែលមាន ទ្រង់ប្រើអាមាត្យម្នាក់ យកទៅឲ្យបុរសនោះ ហើយប្រាប់ថា “ ស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯង និងប្រពន្ធអ្នកឯងលាប , ប៉ុន្តែឲ្យអ្នកឯងនៅផ្ទះ កុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយ”។ អាមាត្យអ្នកយកទៅឲ្យប្រាប់សព្វគ្រប់ហើយ វិលទៅក្រាបបង្គំទូលស្ដេចវិញ។ បុរសនោះបានប្រេង ក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថា “ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ព្រះរាជទានប្រេងនេះមក ព្រោះទ្រង់អាណិតស្រឡាញ់យើង ឲ្យយើងលាបទៅមើលល្ខោននឹងគេ , តែឥឡូវនេះអញឈឺក្បាល ឯងយកទៅលាប ហើយទៅមើលល្ខោននឹងគេចុះ។ ឯប្រពន្ធឮប្ដីបើកឲ្យទៅ ហើយឲ្យទាំងប្រេងទៅលាបផងដូច្នោះអរពន់ពេក ដោយពុំបានដឹងកលជាគេចាប់ ក៏យកប្រេងទៅឲ្យសាហាយលាបផង ហើយបណ្ដើរគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នា លុះបន្តិចទៅស្ដេចទ្រង់ធុំក្រអូបប្រេងនោះ ទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់ “ ចូរអ្នកទៅហិតក្លិនអស់បណ្ដារាស្រ្ត ដែលមើលល្ខោនទាំងប៉ុន្មាន បើធុំក្លិនប្រេងក្រអូបយ៉ាងនោះ ប៉ុន្មាននាក់ ចូរអ្នកនាំយកមកឲ្យអញជាឆាប់ “។
នាម៉ឺននោះ ក្រាបថ្វាយបង្គំហើយ ទៅហិតមនុស្សឯទៀត មិនធុំសោះ ធុំតែប្រុសម្នាក់ ស្រីម្នាក់ ដែលឈរទន្ទឹមគ្នា លាបប្រេងក្រអូបទាំងពីរនាក់នោះ ក៏នាំទាំងប្រុសទាំងស្រី យកទៅថ្វាយស្ដេចៗឲ្យលែងរាំទៅ ហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រី មកដល់ហើយទ្រង់សួរថា “ នេះជាប្រពន្ធចៅឯងមែនឬ? បុរសនោះក្រាបទូលថា “មែន”។ទ្រង់មានព្រះបន្ទូលសួរ ទៅប្រុសសាហាយនោះថា ឯងបានទៅលួចដំបងចៅនេះមែនឬ?។ សាហាយនោះក្រាបបង្គំទូលថា “ លួចមែន “។ ទ្រង់ឲ្យទៅយកដំបងនោះមក ឲ្យយកសាហាយទាំងប្រុសស្រីនោះ ទៅដាក់ច្រវាក់ធ្វើទោស។ បុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោស ហើយក៏ប្រគល់ទាំងផ្ទះសម្បែង ទាំងប្រពន្ធឲ្យទៅសាហាយនោះ ទាំងអស់ដោយពុំមានខឹងអ្វីឡើយ។ ប្រុសសាហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញ។
ឯបុរសម្ចាស់ដំបង ថ្វាយដំបងទៅស្ដេច ហើយក្រាបលាទៅទៀតស្ដេចឃាត់ក៏ពុំព្រម ទ្រង់មានព្រះបន្ទូលថា “ ដំបងវាយឯងនេះថ្លៃណាស់ ទ្រង់ព្រះរាជានុញ្ញាតឲ្យបើកឃ្លាំងមាស – ប្រាក់ឲ្យបុរសនោះយកតាមចិត្ត។ បុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អម្បាលនោះទៅ ឃើញកាំបិតបន្ទោះមួយចាស់នៅក្រោមឃ្លាំង ក៏យកកាំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវ ហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេច ដើរចេញទៅទៀត។ ស្ដេចពុំមានព្រះបន្ទូលអ្វីទេ , តែអស់នាហ្មឺន គេត្មះតិះដៀលបុរសនោះ ថាជាមនុស្សឆោត ប្រាក់មាសមិនយកទៅយកឯកាំបិតច្រែះស៊ី។ បុរសនោះ ក៏ដើរចេញអំពីនគរនោះ បានទៅដល់នគរមួយដទៃទៀត។ ជួនជាថ្ងៃនោះ ស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថា “ ព្រឹកស្អែក ទ្រង់នឹងទៅក្រសាលព្រៃ ឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះ ឲ្យឆ្លាក់ក្បាច់លាបលនឲ្យហើយ ឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះ បើធ្វើពុំទាន់ នឹងយកទោសដល់ជីវិត។ រីឯមហាសេដ្ឋីនោះធ្វើពុំទាន់ ហើយពុំធ្វើរទេះ បែរជាធ្វើមឈូសទៅវិញ។
ថ្ងៃនោះ ជួនជាបុរសនោះ ដើរទៅឃើញសេដ្ឋីនោះ កំពុងតែធ្វើបុណ្យក៏សួរថា “ ចុះលោកមានការអ្វី បានជាធ្វើបុណ្យមានក្ដារមឈូសផងដូច្នោះ? “។ គេប្រាប់ថា “ស្ដេចឲ្យធ្វើរទេះមួយ លាបលនយ៉ាងល្អ ឲ្យទាន់ព្រឹកនេះ ស្ដេចក្រសាលព្រៃ បើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិត,ឥឡូវនេះមហាសេដ្ឋីធ្វើពុំ ទាន់ដឹងខ្លួនថាស្លាប់ បានជាធ្វើមឈូសធ្វើបុណ្យវិញ”។
បុរសនោះឆ្លើយថា “ ក្រអីប៉ុណ្ណឹង ឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យៗ ទាន់ព្រឹកនេះ” មហាសេដ្ឋីបានឮដូច្នោះអរណាស់ ហើយក៏ឲ្យរៀបបាយទឹកស៊ីឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះ។ បុរសនោះក៏ធ្វើតែនឹងកាំបិត១ដែលយកពីក្រោមបាតឃ្លាំងមកនោះ បានរួចស្រេចក្នុងយប់នោះ ហើយលាបលនយ៉ាងល្អ ព្រឹកឡើងក៏អូសរទេះទៅថ្វាយស្ដេចៗទ្រង់ទតឃើញទ្រង់ឲ្យរៀប ប្រដាប់ប្រដាទៅក្រសាលព្រៃ។ ឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយ ក៏នឹកក្នុងចិត្តថា “ អ្នកនេះមានគុណធ្ងន់ណាស់ ឥឡូវនេះនឹងរកអ្វីសងឲ្យស្មើគ្មាន មានតែកូនក្រមុំ១ ល្មមឲ្យមានប្ដី ដូច្នោះមានតែអញការឲ្យអ្នកនោះ “ គិតហើយក៏ហៅមកការឲ្យទៅ។ លុះការរួចហើយក្នុងយប់នោះ ពេលផ្សំដំណេក បុរសនោះ គិតល្បងចិត្តប្រពន្ធ ហើយធ្វើជាផឹកស្រាស្រវឹងដេកទៅ លុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់។ កូនសេដ្ឋីឃើញកំអួតប្ដីប្រឡាក់ខ្លួនដូច្នោះ ក៏ស្រែកឡើងក្នុងយប់នោះថា” លោកឪពុករកប្ដីឲ្យខ្ញុំជាមនុស្សប្រមឹក ក្អួតប្រឡាក់ខ្ញុំអស់ហើយ ខ្ញុំទ្រាំមិនបានទេ”។ មហាសេដ្ឋីឮកូនស្រែកដូច្នោះក៏ឃាត់ថា “ កូនដេកទៅ កុំនិយាយ ត្បិតប្ដីកំពុងស្រវឹង ហើយគេមានគុណផង “ ឃាត់ដូចម្ដេច ក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថា “បើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំមិន បានទេ”។
លុះព្រឹកឡើង បុរសនោះរលឹកពីដេក ក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញ ប្រាប់ថា “ មិនព្រមយកទេ “ ហើយថា មិនបានពាល់ដៃជើងឡើយ។ មហាសេដ្ឋីឃាត់សុំទោសឲ្យកូនយ៉ាងណា ក៏បុរសនោះពុំព្រមនៅ ពុំព្រមយក ហើយលាមហាសេដ្ឋីយកតែកាំបិតដើរទៅទៀត។ លុះស្ដេចយាងមកពីព្រៃ ទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ ទ្រង់ឲ្យអស់នាហ្មឺនចាត់សំបុត្ររកគ្រប់ខេត្ត ក៏ពុំឃើញហើយទ្រង់ស្ងៀមទៅ។ បុរសនោះ លាសេដ្ឋីដើរទៅឆ្ងាយ ក៏បានទៅដល់នគរមួយដទៃទៀត។ ស្ដេចនគរនោះ ទ្រង់ឲ្យនាហ្មឺនម្នាក់ៗទៅដេកវេន ចាំយាមនៅចុងព្រះរាជរោងរាល់យប់។ ស្ដេចទ្រង់ចេញកាប់តែរាល់យប់ ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់ជាច្រើន។ នៅថ្ងៃដែលបុរសនោះ ទៅដល់ជួនត្រូវលើវេនចៅហ៊្វា ទៅដេកថ្វាយស្ដេចកាប់ ចៅហ៊្វានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះ។ បុរសនោះទៅដល់សួរគេថា “ លោកមានការអ្វីបានជាធ្វើបុណ្យទាន ហើយហេតុដូចម្ដេចក៏បានជាកូនប្រពន្ធលោកយំរាល់គ្នា ដូច្នេះ”។ គេប្រាប់ថាលោក លោកត្រូវទៅដេកវេន ថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះ បានជាលោកធ្វើបុណ្យមុនស្លាប់ “។ បុរសនោះថា” ឲ្យតែបាយខ្ញុំស៊ីចុះ ខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួស”។គេឮដូច្នោះ ក៏ទៅជម្រាបចៅហ៊្វាឲ្យហៅបុរសនោះទៅ ហើយឲ្យរៀបបាយទឹកឲ្យស៊ី។ រួចហើយសួរថា “ បើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំ ខ្ញុំនឹងធ្វើបុណ្យឲ្យអ្នក”។ បុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចៅហ្វានោះពាក់ យកមកពាក់ រួចហើយ ក៏លីកាំបិតបន្ទោះចូលទៅដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់។ លុះទៅដល់ចុងព្រះរាជរោង បុរសនោះពុំដេកឡើយចាំមើលស្ដេច, ពេលយប់ជ្រៅស្ងាត់ ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័ន យាងចូលមកនិងកាប់បុរសនោះ ឃើញស្ដេចយាងចូលមកជិត ក៏ស្ទុះចូលទៅចាប់ស្ដេចនោះជាប់ ហើយក៏ចាក់នឹងកាំបិតបន្ទោះបង្ខុសពីរបីដង។ ហើយសួរថា “ នរណាចូលមកទាំងយប់នោះ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ”ថាហើយ ក៏ចាក់បង្ខុសទៀត។ ស្ដេចទ្រង់មានព្រះបន្ទូលថា “ ទេអញទេ”។ “នរណាអញទេៗ!។”អញជាស្ដេច”។ “ ស្ដេចអីមកពេលនេះ, អញមិនដឹងទេ! ត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះ”។ សួរដេញដោលដូច្នោះហើយ បុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោស។ ស្ដេចត្រាស់សួរថា”ចៅនៅឯណា!។ បុរសនោះថា “ ខ្ញុំនៅផ្ទះចៅហ៊្វា “។ ស្ដេចទ្រង់ជ្រាប ទ្រង់ញញឹមហើយទ្រង់ចូលទៅវិញ។
លុះព្រឹកឡើង បុរសនោះ លីកាំបិតចេញពីក្នុងវាំងមកផ្ទះចៅហ៊្វា។ អ្នកផងឃើញហើយឆ្ងល់ថា”បុរសនោះទៅដេកវេនថ្វាយស្ដេចកាប់ ម្ដេចក៏មិនស្លាប់ត្រឡប់ជាមកវិញ “។ ចៅហ៊្វាសួរ បុរសនោះក៏ជម្រាបតាមដំណើរ សព្វគ្រប់ហើយជម្រាបថែមថា”ស្ដេចសព្វថ្ងៃនេះមិនមែនជាកាចទេ ត្បិតទ្រង់ពិសោធរកមនុស្សប្រាជ្ញចេះដឹងក្នុងនគរ ដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាម តែអ្នកដែលទៅយាមចេះតែដេកលក់ ទើបស្ដេចទ្រង់កាប់ ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយ យើងដេកលក់នោះ តើនឹងជាយ៉ាងណាទៅ?”។ បុរសនោះនិយាយរឿងប្រាប់សព្វគ្រប់ ទើបភ្ញាក់ខ្លួនគ្រប់គ្នា។
ចៅហ៊្វានោះ មានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះ ដោយគិតថា បុរសនេះមានគុណធ្ងន់ណាស់។ លុះព្រឹកឡើង ស្ដេចទ្រង់ឲ្យហៅបុរសនោះមក ទ្រង់ឲ្យធ្វើជានាហ្មឺនធំរក្សាព្រះនគរ បន្ទាប់ពីព្រះអង្គ។ វេលា ស្ដេចទ្រង់ព្រះជរាទៅ ទ្រង់ពុំមានព្រះរាជបុត្រនឹងសោយរាជ្យស្នង មានតែព្រះរាជធីតាមួយអង្គ ក៏ទ្រង់ព្រះរាជទានព្រះរាជធីតា និងរាជសម្បត្តិឲ្យបុរសនោះសោយរាជ្យជាស្ដេចតទៅ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដកស្រង់ដោយ : កំប៉្រុក (ភ្នំ)
ប្រភពដកស្រង់ : ប្រជុំរឿងព្រេងខ្មែរ