Untitled Design_32

តើឱសថបុរាណចិនបានដើរតួនាទីអ្វីខ្លះ ចំពោះការអភិវឌ្ឍនៃវិស័យវេជ្ជសាស្ត្ររបស់ពិភពលោក?

ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ តើឱសថបុរាណចិនបានដើរតួនាទីអ្វីខ្លះ ចំពោះការអភិវឌ្ឍនៃវិស័យវេជ្ជសាស្ត្ររបស់ពិភពលោក? មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖

នៅសម័យបុរាណ ទាំងវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៅមានភាពអន់ថយខ្លាំងការព្យាបាលជំងឺគ្មានឧបករណ៍ និងបរិក្ខារទំនើបជឿនលឿន ដូចបច្ចុប្បន្នទេ ពោលគឺត្រូវពឹងអាស្រ័យទៅលើរុក្ខជាតិឱសថ និងជំនាញរបស់គ្រូពេទ្យ។ នៅសម័យដំបូងនៃប្រទេសចិន មានអធិរាជពីរអង្គព្រះនាម យាន និង ហួង ដែលត្រូវប្រជាជនចិនចាត់ទុកជាបុព្វបុរសរបស់ខ្លួន ។ អធិរាជ យាន ដែលត្រូវបានប្រជាជនចិនប្រសិទ្ធនាមថា សិនណុង ដែលមានន័យថា អាទិទេពកសិកម្ម បានភ្លក់រុក្ខជាតិគ្រប់ប្រភេទ ដែលរកឃើញប្រភេទគ្រាប់ធញ្ញជាតិសម្រាប់ធ្វើជាអាហារ និងរុក្ខជាតិសម្រាប់ធ្វើឱសថ នេះជាដើមកំណើតនៃវិស័យកសិកម្មចិននិងពិភពលោក ហើយក៏ជាដើមប្រភពនៃរុក្ខជាតិឱសថចិននិងពិភពលោកផងដែរ ។

20240904 152601

នៅសម័យរជ្ជកាលសុងខាងជើង កាលពីជាងមួយពាន់ឆ្នាំមុន មន្ត្រីម្នាក់ឈ្មោះ សុង ឆឺ ជាអ្នកឯកទេសខាងធ្វើកោសល្យវិច័យសព បាននិពន្ធនូវស្នាដៃសៀវភៅចំណងជើងថា កំណត់ត្រាស្តីពីការលាងជម្រះភាពអយុត្តិធម៌ ដែលជាស្នាដៃសៀវភៅវេជ្ជសាស្ត្រខាងពេទ្យកោសល្យវិច័យដំបូងបង្អស់លើពិភពលោក។ ជាង 3រយឆ្នាំក្រោយមក ទើបមានអ្នកជំនាញផ្នែកវេជ្ជសាស្ត្រជនជាតិអុីតាលីឈ្មោះ Fedeli បាននិពន្ធសៀវភៅវេជ្ជសាស្ត្រខាងពេទ្យកោសល្យវិច័យ ដែលជាស្នាដៃនិពន្ធដំបូងបង្អស់របស់បស្ចិមប្រទេស ។

នៅសម័យរជ្ជកាលម៉េង កាលពីជិត 5រយឆ្នាំមុន លោក លី ស៊ឺចិន អ្នកជំនាញវេជ្ជសាស្ត្រ និងឱសថចិនបុរាណបាននិពន្ធសៀវភៅវេជ្ជសាស្ត្រ ចំណងជើងថា Compendium of Materia Medica ដែលបានបកស្រាយយ៉ាងលម្អិតអំពីរុក្ខជាតិឱសថនិងវត្ថុធាតុដើមផ្សេងៗសម្រាប់ផ្សំធ្វើឱសថ។ សៀវភៅនេះបានក្លាយជាឯកសារយោងដែលមិនអាចខ្វះបាន សម្រាប់ការសិក្សាស្រាវជ្រាវអំពីវេជ្ជសាស្ត្រ និងឱសថបុរាណចិន។

20240904 152547

តាមរយៈការលើកឡើងខាងលើ យើងមិនពិបាកមើលឃើញទេថា វេជ្ជសាស្ត្រនិងឱសថចិនបុរាណបានវិវឌ្ឍតាមយុគសម័យ និងបានត្រូវធ្វើឲ្យមានសុក្រឹតភាពជាបន្តបន្ទាប់។ វេជ្ជសាស្ត្រនិងឱសថបុរាណចិនមានប្រវត្តិសាស្ត្រតាំងពីយុគដំបូងរបស់ចិនមកម៉្លេះ ពោលគឺមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលមិនត្រឹមតែបានកែប្រែជីវភាពរស់នៅរបស់ប្រជាជនចិននាយុគដំបូង ដោយមានថ្នាំព្យាបាលនៅពេលមានជំងឺឈឺថ្កាត់ ដែលអាចជួយពន្យារអាយុកាលរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកមិនអាចកាត់ថ្លៃបាន ចំពោះការវិវឌ្ឍរីកចម្រើននៃវិស័យសុខាភិបាលពិភពលោក ក៏ដូចជាបានសង្គ្រោះអាយុជីវិតរបស់មនុស្សរាប់មិនអស់ក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមកនេះ។

ស្របនឹងការធ្វើសកលភាវូបនីយកម្ម វេជ្ជសាស្ត្រនិងឱសថបុរាណចិន បានដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងវិស័យគាំពារសុខភាពសារធារណៈ។ ជាពិសេស ក្នុងបរិបទដែលមានការផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ-19 គេសង្កេតឃើញថាមិនថានៅប្រទេសចិន ឬប្រទេសដែលនិយមប្រើឱសថបុរាណចិននោះទេ វេជ្ជសាស្ត្រនិងឱសថបុរាណចិនបានរួមចំណែកយ៉ាងខ្លាំង សម្រាប់ការផលិតឱសថព្យាបាលជំងឺកូវីដ-19 ដែលបានជួយឲ្យអ្នកជំងឺរាប់មិនអស់រួចផុតពីក្រញ៉ាំមច្ចុរាជ។

20240904 152615

វេជ្ជសាស្ត្រនិងឱសថបុរាណចិនមិនត្រឹមតែផ្តោតសំខាន់លើការព្យាបាលជំងឺនោះទេ ក៏ផ្តោតសំខាន់លើការថែទាំសុខភាពប្រចាំថ្ងៃផងដែរ ពិសេសសម្រាប់អ្នកជំងឺរ៉ាំរ៉ៃឬអ្នកជំងឺដែលមិនត្រូវការការវះកាត់ ។ ពីព្រោះឱសថបុរាណចិនភាគច្រើនផ្សំឡើងពីរុក្ខជាតិឱសថ ហេតុនេះ ការប្រើឱសថបុរាណចិននឹងទទួលបានប្រសិទ្ធភាពយូរនិងមិនសូវប៉ះពាល់ដល់សុខភាព។

ដោយសារមើលឃើញពីតួនាទីដ៏សំខាន់នៃវេជ្ជសាស្ត្រ និងឱសថបុរាណចិន ហើយប្រទេសចិនក៏រីករាយក្នុងការចែករំលែកនូវបទពិសោធរបស់ខ្លួនជាមួយបណ្តាប្រទេសនានាលើពិភពលោកផងដែរ នេះសមាគមវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងឱសថបុរាណចិន បានផ្តួចផ្តើមឲ្យមានការរៀបចំសមាជពិភពលោក ស្តីពីវេជ្ជសាស្ត្រនិងឱសថបុរាណចិនជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសកលនៃវេជ្ជសាស្ត្រនិងឱសថបុរាណចិន បង្កើនការយល់ដឹងពីគ្នារវាងសមាគមវេជ្ជសាស្ត្រ និងឱសថបុរាណចិននៃប្រទេសនិងតំបន់នានាលើពិភពលោក លើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាលជំងឺដោយវេជ្ជសាស្ត្រនិងឱសថបុរាណចិន ពិសេសជំរុញឲ្យវេជ្ជសាស្ត្រនិងឱសថបុរាណចិន រួមបញ្ចូលជាមួយប្រព័ន្ធសុខាភិបាលនៃប្រទេសនានា។

20240904 152516

កម្ពុជាក៏ជាប្រទេសសម្បូរដោយរុក្ខជាតិឱសថដែរ មិនថាកាលពីសម័យមុនឬសម័យបច្ចុប្បន្ន ឱសថបុរាណខ្មែរបានដើរតួនាទីមិនអាចខ្វះបានក្នុងវិស័យសុខាភិបាលជាតិ ពោលគឺមានប្រជាពលរដ្ឋជាច្រើននិយមប្រើឱសថបុរាណខ្មែរ។ មិនថាឱសថបុរាណចិនឬឱសថបុរាណខ្មែរ សុទ្ធតែមានឧត្តមភាពរៀងៗខ្លួនដែលអាចធ្វើការផ្លាស់ប្តូរ និងរៀនសូធ្យពីគ្នា ដើម្បីអភិរក្សបន្តវេននិងអភិវឌ្ឍវេជ្ជសាស្ត្រនិងឱសថប្រពៃណីឲ្យបានគង់វង្សនិងរីកចម្រើនជានិរន្តរ៍។ ជារួម វេជ្ជសាស្ត្រនិងឱសថបុរាណចិនបានវិវឌ្ឍរីកចម្រើនទៅតាមយុគសម័យ និងធ្វើទំនើបកម្មជាបន្តបន្ទាប់ អាស្រ័យហេតុនេះ មរតកបុព្វបុរសដ៏អស្ចារ្យនេះមិនត្រឹមតែមិនហួសសម័យនោះទេ ផ្ទុយទៅវិញគឺបាននាំមកនូវអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន ក្នុងវិស័យគាំពារសុខភាពសាធារណៈរបស់ចិននិងពិភពលោក ដែលបានសង្គ្រោះអាយុជីវិតរាប់មិនអស់ទោះក្នុងសម័យកាលណាមួយក្តី។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ប្រភព : https://m.freshnewsasia.com/

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា