ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ ហេតុអ្វីបានជាបង្អួចយន្តហោះមានស្ទើរជ្រុងស្ទើរមូល? មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖
ការច្នៃបង្អួចយន្តហោះឲ្យមានរាងស្ទើរជ្រុងស្ទើរមូល គឺជាគំនិតច្នៃប្រឌិតដ៏មានសារៈសំខាន់មួយ ដែលការពារយន្តហោះពីការបែកបាក់ អំឡុងពេលហោះហើរ។ អស់ពេលច្រើនឆ្នាំមកហើយ ដែលវិស្វកម្មអវកាស (aerospace engineering) បានបង្កើតភាពច្នៃប្រឌិតយ៉ាងធំធេង នៅក្នុងបច្ចេកវិទ្យាយន្តហោះ មានន័យថា យន្តហោះអាចផ្ទុកអ្នកដំណើរបានកាន់តែច្រើន និងការហោះហើរកាន់តែរហ័សជាងមុន។ យន្តហោះបានផ្លាស់ប្តូររូបរាងរបស់វា ហើយវាកាន់តែមានសុវត្ថិភាពជាងមុន ហើយសូម្បីតែបង្អួចក៏គេប្តូររូបរាងដែរ។

នៅពេលដែលការធ្វើដំណើរតាមផ្លូវអាកាសបែបពាណិជ្ជកម្មបានចាប់ផ្តើម នាពាក់កណ្តាលសតវត្សរ៍ទី20 ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្តើមហោះហើរក្នុងកម្ពស់កាន់តែខ្ពស់ ដើម្បីកាត់បន្ថយការចំណាយប្រាក់ ដោយសារដង់ស៊ីតេខ្យល់ទាប ហើយកម្លាំងកកិតជាមួយបរិយាកាសខ្សោយ។ ទោះបីជាយ៉ាងនេះក្តី ការហោះហើរក្នុងល្បឿនកាន់តែខ្ពស់ ធ្វើឲ្យមានបញ្ហាច្រើនកើតឡើង ជាក់ស្តែង មនុស្សយើងមិនអាចរស់នៅក្នុងរយៈកម្ពស់ 9,144ម៉ែត្របានទេ។ ដើម្បីដោះស្រាយបញ្ហានេះ បន្ទប់យន្តហោះ (Cabin) ត្រូវបានផ្លាស់ប្តូរឲ្យមានរាងជាស៊ីឡាំង ដើម្បីទុកផ្គត់ផ្គង់សម្ពាធខាងក្នុង។ ប៉ុន្តែដំបូងឡើយ អ្នកបង្កើតយន្តហោះធ្វើបង្អួចរាងជាការ៉េ ដែលកាលនោះយន្តហោះជាច្រើនបានជួបនឹងមហន្តរាយ។

ក្រុមហ៊ុនអាកាសចរណ៍ដំបូងបំផុតលើលោកឈ្មោះ ដឺ អាវីឡង់ កូម៉េ (de Havilland Comet) បានចាប់ផ្តើមអាជីវកម្មនៅអំឡុងឆ្នាំ1950។ ជាមួយនឹងបន្ទប់យន្តហោះដែលមានសម្ពាធខ្លាំង វាអាចហោះហើរក្នុងកម្ពស់ខ្ពស់ ហើយលឿនទៀតផង បើប្រៀបធៀបនឹងយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត។ ទោះជាយ៉ាងនេះក្តី នៅឆ្នាំ1953 យន្តហោះដែលមានបង្អួចរាងការ៉េខាងលើចំនួន 3គ្រឿងបានបាក់បែកនៅលើអាកាស ហើយបានសម្លាប់មនុស្សអស់ 43នាក់។

មូលហេតុអ្វី ដែលនាំឲ្យយន្តហោះបាក់បែកបែបនេះ? វាមកពីបង្អួច ឬកន្លែងណាដែលមានជ្រុង កន្លែងនោះមានចំណុចខ្សោយ។ បង្អួចរាងការ៉េមានជ្រុងចំនួន 4 និងមានចំណុចខ្សោយចំនួន 4ផងដែរ ដែលប្រការនេះធ្វើឲ្យបង្អួចនោះងាយនឹងប្រេះក្រោមបញ្ហានានា ដូចជាសម្ពាធខ្យល់ជាដើម។ ដោយសារធ្វើឲ្យបង្អួចកោង បញ្ហាដែលបណ្តាលឲ្យមានការបំបែកជ្រុងនៃបង្អួច ត្រូវបានចែកចាយទៅកាន់កន្លែងនានា ហើយលទ្ធភាពនៃការបំបែករបស់វាត្រូវបានកាត់បន្ថយ។ រាងស្ទើរជ្រុងស្ទើរមូលក៏មានភាពមាំទាំដែរ ដែលទប់ទល់ការខូចទ្រង់ទ្រាយ ដូច្នេះវាអាចការពារយន្តហោះ ទោះក្នុងស្ថានភាពលំបាក និងសម្ពាធផ្សេងៗគ្នា ទាំងក្នុង និងក្រៅយន្តហោះ។ សំណាងល្អ អ្នករចនាបានរកឃើញការរចនាថ្មីយ៉ាងឆាប់រហ័ស។ ឥឡូវនេះ យើងមានយន្តហោះល្អ មានបង្អួចយន្តហោះដែលមានរាងស្ទើរជ្រុងស្ទើរមូល ដែលអាចទប់ទល់សម្ពាធក្នុងពេលហោះហើរបាន។ ប្រការនេះផ្តល់ឲ្យអ្នកដំណើរអាចមើលតាមបង្អួចយន្តហោះទៅកាន់ពិភពលោក ពីកម្ពស់ប្រមាណ 10,668ម៉ែត្របានដោយក្តីរីករាយ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
ប្រភព : https://m.freshnewsasia.com/