ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ រុក្ខជាតិតំណាងឲ្យប្រទេសនៅក្នុងតំបន់អាស៊ី មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖
១-ប្រទេសកម្ពុជា
ផ្ការំដួល (Rumduol) ជាផ្កាតំណាងជាតិនៃប្រទេសកម្ពុជា ដែលជាគ្រឿងមង្គលដ៏ល្អផូរផង់បំផុតមួយតាំងពីបុរាណកាលមកម្ល៉េះ។ រុក្ខបុប្ផាប្រភេទនេះ គឺមានដុះស្ទើរតែពាសពេញប្រទេសកម្ពុជាទាំងនៅក្នុងតំបន់ព្រៃ និងនៅក្នុងភូមិដ្ឋានប្រជាជន។ ផ្ការបស់វាមានពណ៌លឿង ត្របកផ្កាក្រាស់ រំលេចក្បូរក្បាច់គន់គាប់នេត្រា បើនិយាយអំពីក្លិនបុប្ផាវិញនោះ គឺក្រអូបឈ្ងុយឈ្ងប់ដិតជាប់អារម្មណ៍ ប្រៀបបាននឹងគ្រឿងរតនៈ។

ប្រជាពលរដ្ឋខ្មែរយើងបានចាត់ទុកផ្ការំដួលប្រៀបប្រដូចទៅនឹងខេមរនារី (ស្ត្រីខ្មែរ) ដែលមានចរិយាមាយាទល្អ ទន់ភ្លន់ សុភាពរាបសា មានរូបសម្ផសល្អស្រស់សោភា។ ប្រជាជនខ្មែរទាំងនៅក្នុងប្រទេស និងនៅប្រទេសក្បែរខាងច្រើននិយមប្រើប្រាស់ផ្កានេះក្នុងពិធីមង្គលសួស្ដី ឬពិធីកម្មសាសនារបស់ខ្លួនដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីក្រុងពាលី ពិធីបួងសួង ក៏ដូចជាពិធីបង្កក់សិរីផ្សេងៗ។
ផ្ការំដួលនេះទៀតសោត ក៏បានផ្សារភ្ជាប់យ៉ាងសំខាន់ទៅនឹងសោភ័ណភាព ក្បូរក្បាច់រចនា វប្បធម៌ សិល្បៈ ចម្រៀង ស្ថាបត្យកម្មនៃប្រជាជនខ្មែរផងដែរ តួយ៉ាងគេសង្កេតឃើញមានក្បាច់ផ្ការំដួលជាមួយសិល្បៈគំនូរ និងក្បាច់ចម្លាក់នៅតាមប្រាសាទដូចជានៅប្រាសាទបន្ទាយស្រី ចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។
បច្ចុប្បន្ន នៅតាមទីសួនសាធារណៈ តំបន់បេតិកភណ្ឌអង្គរនៅតាមទីស្ដីការក្រសួងស្ថាប័ន ទីស្នាក់ការមួយចំនួនក៏បាននិយមដាំដើមផ្ការំដួលនេះយ៉ាងផុសផុលផងដែរ។
២-ប្រទេសថៃ
ផ្ការាជព្រឹក្ស (Golden Shower) គឺជាផ្កាដែលបានសម្រេចជ្រើសរើសនៅអំឡុងខែតុលា ឆ្នាំ២០០១។ ប្រជាជនថៃមួយចំនួនហៅផ្កានេះថា ផ្ការាជវង្ស រីឯប្រជាជនខ្មែរយើងអ្នកខ្លះហៅថា ផ្ការាជព្រឹក អ្នកខ្លះទៀតក៏ហៅថា ផ្កាលឿងរាជ ឬ ផ្ការាជឆ្ពឹសក៏មាន។ វាជាប្រភេទរុក្ខជាតិដែលមានអាយុវែង និងងាយស្រួលក្នុងការដាំដុះ រីឯផ្ការបស់វាគឺមានពណ៌លឿងស្រស់។ ផ្កាមង្គលប្រភេទនេះ ត្រូវបានប្រជាជនថៃនិយមប្រើប្រាស់ក្នុងពិធីកម្មផ្សេងៗ ខណៈផ្កាពណ៌លឿងប្រភេទនេះ គឺមានអត្ថន័យតំណាងព្រះពុទ្ធសាសនានៅប្រទេសថៃ និងតំណាងឲ្យព្រះមហាក្សត្រថៃ ពិសេសគឺព្រះបាទសម្ដេច ភូមិបុលអតុល្យតេជៈរាមាទី៩ (ថ្ងៃដែលស្ដេចរាមាទី៩ប្រសូត្រនោះ គឺចំថ្ងៃដែលតំណាងដោយពណ៌លឿង)។

៣-ប្រទេសហ្វីលីពីន
ផ្កាម្លិះ (Jasmine) ដែលត្រូវបានជ្រើសរើសតាំងពីឆ្នាំ1934មកម្ល៉េះ។ ជនជាតិហ្វីលីពីនហៅផ្កាម្លិះថា Sampaguita ដោយពួកគាត់ចាត់ទុកផ្កាប្រភេទនេះតំណាងឲ្យមិត្តភាព និងសោភ័ណភាព។ ស្ត្រីដែលសុភាពរាបសា ស្រស់សោភា ត្រូវបានគេប្រៀបប្រដូចទៅនឹងផ្កាម្លិះនេះ។

៤-ប្រទេសម៉ាឡេស៊ី
ផ្ការំយោល (Red Hibiscus) គឺជាផ្កាដែលត្រូវបានជ្រើសរើសតាំងពីឆ្នាំ1960។ អ្នកស្រុកម៉ាឡេចាត់ទុកពណ៌ក្រហមតំណាងឲ្យសេចក្ដីក្លាហាន ដែលជាពណ៌នៅលើផ្កានេះ។ ផ្ការំយោលក៏មានដុះពាសពេញប្រទេសម៉ាឡេស៊ីផងដែរ។

៥-ប្រទេសសិង្ហបុរី
ផ្កាវណ្ដាមីសចាកឃ្វីម (Vanda Miss Joaquim) ផ្កានេះដោយដាក់ឈ្មោះតាម Agnes Joaquim អ្នកដែលរកឃើញផ្កានេះដំបូង។ រដ្ឋាភិបាលសិង្ហបុរីបានជ្រើសរើសផ្កានេះជាផ្កាតំណាងជាតិខ្លួន នៅថ្ងៃទី15 ខែមេសា ឆ្នាំ1981។ ផ្កាវណ្ដាមីសចាកឃ្វីម មានផ្ការីកពេញមួយឆ្នាំ ដែលបង្ហាញពីមានភាពរឹងមាំ ភាពរីកចម្រើន និងភាពសម្បូរបែបសម្រាប់ផ្នត់គំនិតរបស់ជនជាតិសិង្ហបុរី។

៦-ប្រទេសឥណ្ឌូណេស៊ី
ផ្កាកេសរកូលរាត្រី (Moon Orchid) ផ្កាកេសរកូលរាត្រី រួមជាមួយផ្កាម្លិះ និងផ្ការ៉ាហ្វហ្វលសៀ (Rafflesia) គឺជាផ្កាតំណាងជាតិឥណ្ឌូណេស៊ី ដែលត្រូវបានប្រកាសជ្រើសរើសនៅថ្ងៃទី05 ខែមិថុនា ឆ្នាំ1990 ចំថ្ងៃទិវាបស្ថានអន្តរជាតិ។ ផ្កាកេសរកូលនេះ បើតាមភាសាបច្ចេកទេស គេហៅថា ផ្កាអ័រគីដេ ដូច្នេះផ្កាកេសរកូលរាត្រី យើងក៏អាចហៅថា ផ្កាអ័រគីដេរាត្រីក៏បានដែរ។

៧-ប្រទេសព្រុយណេ
ផ្កាស៊ីមព័រ (Simpor) ថ្វីដ្បិតប្រទេសព្រុយណេមិនទាន់ប្រកាសជ្រើសរើសផ្កាតំណាងជាតិជាផ្កូវការក៏ដោយ ប៉ុន្តែផ្កាស៊ីមព័រត្រូវបានរដ្ឋាភិបាលប្រទេសដែនកោះមួយនេះ ដាក់បញ្ចូលក្នុងក្រដាសប្រាក់១ដុល្លារព្រុយណេរួចទៅហើយ ពីព្រោះតែវាក៏ជាអត្តសញ្ញាណដ៏សំខាន់មួយរបស់ប្រជាជនព្រុយណេផងដែរ។

៨-ប្រទេសវៀតណាម
ផ្កាឈូក (Pink Lotus) ដូចយើងដឹងស្រាប់ហើយថា ផ្កាឈូក មានដល់ទៅពីរពណ៌ឯណោះ គឺផ្កាពណ៌ស និង ផ្កាពណ៌ស៊ីជម្ពូ ក្នុងនោះប្រភេទផ្កាពណ៌ស៊ីជម្ពូ គឺតំណាងជាតិវៀតណាម។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានរៀបចំឲ្យប្រជាជនខ្លួនចូលរួមបោះឆ្នោតជ្រើសរើសផ្កាតំណាងជាតិនៅឆ្នាំ2010 ក្នុងនោះផ្កាឈូកពណ៌ស៊ីជម្ពូត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសច្រើនជាងគេ។ នៅក្នុងវប្បធម៌វៀតណាម ផ្កាឈូកគឺតំណាងឲ្យគុណធម៌ និងភាពបរិសុទ្ធ។

៩-ប្រទេមីយ៉ាន់ម៉ា
ផ្កាគ្រញូង (Padauk) គឺជាផ្កាតំណាងជាតិមីយ៉ាន់ម៉ា-ភូមា ដែលមានក្លិនក្រអូបប្រហើរ មានពណ៌មាស ដោយច្រើនចេញផ្កានៅដើមខែមេសា ពោលគឺនៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីភូមា។ ប្រជាជនមីយ៉ាន់ម៉ាហៅផ្កានេះថា ផាដោក (Padauk)។ ផ្កានេះតំណាងឲ្យភាពរឹងមាំ ភាពអត់ធ្មត់ និងសេចក្ដីស្នេហានៅក្នុងវប្បធម៌ភូមា។ ប្រជាជនមីយ៉ាន់ម៉ាក៏និយមប្រើផ្កាគ្រញូងក្នុងពិធីបុណ្យជាតិ ពិធីសាសនារបស់ខ្លួនផងដែរ។

១០-ប្រទេសឡាវ
ផ្កាចំប៉ី (Plumeria) ជាផ្កាតំណាងជាតិឡាវ។ ថ្វីដ្បិតប្រជាជនខ្មែរយើងហៅផ្កានេះថាផ្កាចំប៉ីក៏ដោយ ប៉ុន្តែប្រជាជនឡាវហៅថា ផ្កាចម្ប៉ា (Dok Champa) ទៅវិញ។ ផ្កាចំប៉ីខ្មែរឬចម្ប៉ាឡាវនេះមានដុះស្ទើរពាសពេញប្រទេសចាប់ពីភាគខាងជើងរហូតដល់ភាគខាងត្បូង។ សម្រាប់ប្រជាជនឡាវ ពួកគេចាត់ទុកផ្កាចម្ប៉ាឡាវតំណាងឲ្យភាពរីករាយ ភាពស្មោះត្រង់ និងការតស៊ូ ពីព្រោះវាជានិម្មិតរូបនៃការតស៊ូប្រឆាំងនឹងអាណានិគមបារាំង។ គេបាននិពន្ធបទចម្រៀងស្នេហាជាតិក្នុងពេលតស៊ូទាមទារឯករាជ្យ ដោយបទចម្រៀងនោះមានចំណងជើងថាដួងចំប៉ា។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)