១. ព្យញ្ជនៈ “ឡ”
“ឡ” ជាព្យញ្ជនៈទី៧ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ឡាយ” ដូចខាងក្រោម៖
-ពាក្យ “ឡាយ” ( កិ. ) (រ. ស.) ចុះព្រះបរមនាមឬចុះព្រះនាម (ស៊ីញេ) : ព្រះករុណាជាម្ចាស់ជីវិត ទ្រង់ឡាយលើចុតហ្មាយ ដែលបណ្តារាស្រ្តក្រាបបង្គំទូលសូម… ។ ន. ព្រះបរមនាមឬព្រះនាម ដែលក្សត្រិយ៍ទ្រង់ចុះដោយព្រះហស្តព្រះអង្គ : ធ្វើចុតហ្មាយក្រាបបង្គំទូលសូមឡាយ ។ ច្រើនប្រើពាក្យ ឡាយព្រះហស្ត, ឡាយព្រះហស្តលេខា (ម. ព. ហត្ថ និង ហស្ត ផង; គួរកុំច្រឡំសរសេរ ឡាយព្រះហស្ថ ឬ ឡាយព្រះហស្ថលេខា ព្រោះ បា. ហត្ថ, សំ. ហស្ត) ។
-ពាក្យ “ឡាយ” ( គុ. ) ដែលមានព័ណ៌ឆ្នូតៗ វែងៗ : ឈើសាច់ឡាយ ។ ន. សាច់ឆ្នូតៗ វែងៗ : ពងធ្នង់មានឡាយ (បើឈើស្រឡៅហៅ អង្កាញ់ ថា : ស្រឡៅអង្កាញ់) ។
-ពាក្យ “ឡាយ” ( គុ. ឬ កិ. វិ. ) រយាល, ដែលចេះតែឃ្លាតៗ វេលា : ចេះតែឡាយៗទៅមិនបានទៅមករកគ្នា (ប្រើជា ហ្លាយ ក៏បាន) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ