១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចំណាន” ដូចខាងក្រោម៖
-ពាក្យ “ចំណាន” (គុ.) ពាក្យក្លាយឃ្លាតសំឡេងពី ឆាំន៉ានៗ ក្លាយសំឡេងពី ជំនាញ ។ កាលពីក្នុងបុរាណសម័យព្រេងនាយសៀមយកពាក្យ ជំនាញ ទៅសរសេរជា ជាំនាញ អានថា ឆាំន៉ាន, ខ្មែរខ្លះក្នុងសម័យនោះទៅនៅឯប្រទេសសៀមយូរឆ្នាំ ធ្លាប់និយាយតាមសៀម ដែលថា ជំនាញ ជា ឆាំន៉ាន, លុះវិលត្រឡប់មកនៅឯប្រទេសកម្ពុជាវិញ ក៏និយាយថា ឆាំន៉ានៗ តាមធ្លាប់មាត់, លុះចំណេរកាលយូរមក ខ្មែរឯទៀតៗ និយាយក្លាយឃ្លាតសំឡេងពី ឆាំន៉ាន មកជា ចំណាន, ពាក្យជំនាញ របស់ខ្មែរក៏ទៅជាក្លាយសំឡេងពីរដងគឺ ជំនាញ ជា ឆាំន៉ាន, ឆាំន៉ាន ជា ចំណាន នេះឯង, ឯន័យរបស់ពាក្យទាំង ៣ សំឡេង : ជំនាញ > ឆាំន៉ាន > ចំណាន នេះគង់នៅតែដដែល គឺមានដំណើរសេចក្ដីថា ប៉ិន, ប្រសប់, ស្ទាត់; ពូកែ; វាងវៃ ដូចគ្នា ។ ជំនាញ ជាសម្ដីរបស់ខ្មែរ, គួរខ្មែរយើងថាឲ្យច្បាស់តាមសម្ដីរបស់ជាតិយើងវិញ ជាការប្រពៃណាស់ ឈ្មោះថាយើងមិនព្រមថាឲ្យឃ្លាតចាកសម្ដីដើមរបស់ខ្លួន, កាលបើយើងនិយាយជាមួយនឹងសៀម សឹមយើងថាឆាំន៉ាន ជាមួយនឹងគេទៅចុះ កុំថា ចំណាន ព្រោះកុំឲ្យសៀមគេថា យើងនិយាយមិនច្បាស់ដូចគេ ។ នេះជាប្រវត្តិនៃពាក្យ ចំណាន (ម. ព. ជំនាញ, ជាញ, ជាញជ័យ, ទិទៀន, ចឹម ទៀតផង) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)