១. ព្យញ្ជនៈ “យ”
“យ” ជាព្យញ្ជនៈទី១ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “យុគ” ដូចខាងក្រោម៖
-ពាក្យ “យុគ” (អានថា យុក) ( ន. ) (សំ. បា.) នឹម; គូ; អាយុ, អាយុពិភពលោក; កាល, គ្រា, សម័យ ។ ដំណើរ កំណត់កាលរបស់ពិភពលោក; តាមលទ្ធិបុរាណថាយុគមាន ៤ គឺ ទី ១ ក្រឹតយុគ (សំ. កត-) “យុគមាស, អាយុមាស” (ហៅសត្យយុគ “យុគប្រកបដោយពាក្យសត្យ” ក៏បាន) មានកំណត់ត្រឹម ១.៧២៨.០០០ ឆ្នាំមនុស្ស ត្រូវជា ៤.៨០០ ឆ្នាំទិព្យ (ពួកមនុស្សក្នុង យុគនេះមានអាយុវែងៗ មានសេចក្ដីសុខច្រើន); ទី ២ ត្រេតយុគ ឬ ត្រេតាយុគ “យុគប្រាក់, អាយុប្រាក់” មានកំណត់ត្រឹម ១.២៩៦.០០០ ឆ្នាំមនុស្ស ត្រូវជា ៣.៦០០ ឆ្នាំទិព្យ (ពួកមនុស្សក្នុង យុគនេះមានអាយុវែងយ៉ាងមធ្យម ទាំងសេចក្ដីសុខក៏យ៉ាងមធ្យម ដែរ); ទី ៣ ទ្វាបរយុគ “យុគមានចំនួនលេខពីរៗ គឺលេខគត់គូ” មានកំណត់ត្រឹម ៨៦៤. ០០០ ឆ្នាំមនុស្ស ត្រូវជា ២.៤០០ ឆ្នាំទិព្យ (ក្នុងយុគនេះអាយុមនុស្សនិងសេចក្ដីសុខយ៉ាងអន់); ទី ៤ កលិយុគ“ យុគប្រកបដោយទោស, ប្រកបដោយជម្លោះ” មានកំណត់ត្រឹម ៤៣២.០០០ ឆ្នាំមនុស្ស ត្រូវជា ១.២០០ ឆ្នាំទិព្យ (យុគយើងសព្វថ្ងៃ នេះឯង, ពួកមនុស្សមានអាយុនិងសេចក្ដីសុខតិចណាស់); បូករួម កំណត់ឆ្នាំរបស់យុគទាំង ៤ ជាបួនលានបីសែនពីរហ្មឺន (៤.៣២០.០០០) ឆ្នាំមនុស្ស ត្រូវជា ១២.០០០ ឆ្នាំទិព្យហៅថា មហាយុគមួយ ។ យើងសព្វថ្ងៃនៅក្នុងកលិយុគ យើងសព្វថ្ងៃនៅក្នុងយុគទី ៤ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ