១. ព្យញ្ជនៈ “ល”
“ល” ជាព្យញ្ជនៈទី៣ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “លើក” ដូចខាងក្រោម៖
-ពាក្យ “លើក” (កិ.) យកពីក្រោមឡើងទៅលើ, យកពីទំនាបទៅទីខ្ពស់, យកពីទីមួយទៅទីដទៃ, ជ្រោងឡើង, ទ្រឡើង, ស្ទួយឡើង, គ្រាហ៍ឡើង, ធ្វើឲ្យខ្ពស់, ដាក់បំពេញឬពូនឲ្យខ្ពស់ : លើកអីវ៉ាន់ពីដីដាក់លើផ្ទះ, លើកដៃ, លើកបាយ, លើកមនុស្សឈឺ, លើកដី, លើកថ្នល់, លើកភ្លឺស្រែ ។ លើកកំណាព្យ តែងកាព្យ ។ លើកកម្ពស់ អួតយកកម្ពស់ : និយាយលើកកម្ពស់, មនុស្សលើកកម្ពស់ ។ លើកខ្មោច គាស់ខ្មោច : បុណ្យលើកខ្មោច (ព. សា.), លើកខ្មោចស្រោចឆ្អឹង គាស់ខ្មោចហើយស្រោចទឹកលាងឆ្អឹង (ព. សា.) ។ លើកខ្លួន អួតខ្លួន, តម្កើងខ្លួន : និយាយលើកខ្លួន, មនុស្ស- ។ លើកគ្នា នាំគ្នាច្រើននាក់ ។ លើកចោល បោះចោល, ចោលមិនយកជាការ, ចោលលែងត្រូវការ ។ លើកជើង សរសើរ ឬ បញ្ជោរនាំឲ្យឡើងទឹកចិត្តឬឲ្យបានចិត្ត, ឲ្យលង់ឬឲ្យស៊ុនគំនិត : និយាយលើកជើង ។ លើកដាក់ លើកឲ្យអង្គុយហើយដាក់ផ្តេកទៅវិញ : ឈឺលើកដាក់ (ឈឺធ្ងន់ក្រោកមិនរួច) ។ លើកតម្កើង ធ្វើឲ្យថ្កើង : និយាយលើកកម្កើង ។ លើកទ័ព នាំកងទ័ពចេញទៅឬត្រឡប់មក ។ លើកទុក បញ្ឈប់ទុក, ស្លេះទុក, លើកលែង ។ លើកទោស ពោលទោស ។ លើកទោសចោល លែងប្រកាន់ទោស, បដិសេធទោស ។ លើកបំណន់ តាំងរៀបពិធីឬតាំងរបៀបបន់ស្រន់ ។ លើកមនុស្ស តម្កើងមនុស្ស : ស្រុកលើកមនុស្ស ។ លើកមុខ នាំឲ្យពេញមុខ, ឲ្យមានសេចក្ដីសរសើរ : កូនលើកមុខឪពុកម្តាយ, សិស្សលើកមុខគ្រូ ។ លើកយក នាំយក : លើកយករឿងមកតំណាល ។ លើករាសី (ម. ព. រាសី) ។ លើករឿង តែងរឿងប្រតិដ្ឋចេញពីគំនិតខ្លួន ។ លើកល៉ៈ (< លើក ។ល។) រំលងចោលខ្លះមិនឲ្យសព្វគ្រប់ : និយាយលើកល៉ៈ ។ លើកលែង ឈប់លែង, បដិសេធចោល, វៀរលែង ។ លើកលែងតែ វៀរលែងតែ : លើកលែងតែមនុស្សពិការ ។ លើកសត្វ លើកគ្នាច្រើននាក់ចូលលុកព្រៃបង្អើលសត្វ ដើម្បីបាញ់ឬឲ្យជាប់ដោយនេសាទុបករណ៍ ។ លើកសព (អានថា -សប់) គាស់សព (ព. ខ្ព., ព. សា. លើកខ្មោច) ។ លើកសពសំស្ការ (លើកសពសង្ការ) លើកសពសង្ខារ គឺគាស់សពហើយធ្វើឈាបនកិច្ច (ព. ខ្ព., ព. សា. លើកខ្មោចស្រោចឆ្អឹង) ។ លើកស្លា លើកជំនូនធំជូនមាតាបិតាខាងស្រី ។ល។
-ពាក្យ “លើក” (កិ. ជា ឧ.) ចូរលើក!, ពាក្យបង្គាប់ឲ្យលើកអ្វីៗព្រមគ្នា ឬបង្គាប់សត្វពាហនៈ មានគោក្របីជាដើមឲ្យលើកជើង ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)