១. ព្យញ្ជនៈ “រ”
“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រ៉ា” ដូចខាងក្រោម៖
-ពាក្យ “រ៉ា” ( កិ. ) អេះ; ហ្ន៎ះ ! ឬណា៎ !; ចុះ; ភ្លាម; … ។ ទៅរ៉ា ទៅអេះ ! : បើមានច្រើនទៅរ៉ា ខ្ញុំនឹងចែកជូនអ្នកខ្លះ ! ។ ពាក្យនេះច្រើនប្រើក្នុងកាព្យឬទំនុកច្រៀង, ដូចជា : ឆាប់រ៉ា ឆាប់ភ្លាម ឬឆាប់ហ្ន៎ះ ! : ហៃកូនមាសម្ដាយមកអាយឆាប់រ៉ា មកបៅហើយបា ដេកទៅកុំយំ ។ មកអាយរ៉ា មកអាយហ្ន៎ះ ! ឬមកអាយភ្លាម : ហៃមាសកែវពិសី ចូរប្អូនស្រីមកអាយរ៉ា បង្អង់យូរដល់ណា ឲ្យបងកើតទុក្ខព្រួយម្នេញ ។ មើលរ៉ា មើលចុះ : ដើមព្រីងដុះអមដើមព្រូស ជិតដើមជន្លូស ប្អូនអើយមើលរ៉ា ។ សិនរ៉ា សិនណា៎ ! ឬ សិនទៅ ! : ហៃប្អូនពិសី សូមឲ្យបងខ្ចី ស្បៃនាងសិនរ៉ា ជាទីរឭក នឹកដល់កនិដ្ឋា ទោះបីម្ដេចម្តា ចូរឲ្យកុំខាន ។ អឺយរ៉ា ពាក្យសម្រាប់កែមស៊ែមពាក្យកាព្យឬទំនុកច្រៀង តាមទំនងដែលគួរប្រកប, ដូចជា : ស្រីអើយអឺយរ៉ាឱប្អូនស្រី ហេតុអ្វីអឺយរ៉ាក៏ស្អប់បង បើទុកអឺយរ៉ាជាមានហ្មង ខុសម្ដងអឺយរ៉ាគួរលើកចោល; … (ហៅថា កាព្យអឺយរ៉ា ឬ ទំនុកអឺយរ៉ាត្រូវដាក់ពាក្យ អឺយរ៉ា ត្រង់កន្លែងបន្ទាប់ពាក្យទី ២ ឲ្យមានរាល់ឃ្លា) ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ