១. ព្យញ្ជនៈ “រ”
“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រាហុ ឬ រាហូ” ដូចខាងក្រោម៖
-ពាក្យ “រាហុ ឬ រាហូ” ( អានថា -ហ៊ុ ឬ -ហ៊ូ ) ( ន. ) ( សំ. បា. រាហុ ) នាមរបស់អសុរម្នាក់ ជាបុត្រនៃវេបចិត្តិអសុរិន្ទនិងនាងសិង្ហិកា, មានខ្លួនដាច់ពាក់អណ្ដាល ដោយត្រូវចក្ររបស់វិស្ណុ (នារាយណ៍) ក្នុងកាលដែល (រាហូ) កាឡាខ្លួនជាទេវតាចូលទៅលួចទឹកអម្រឹតផឹក, តែមិនស្លាប់ (ក្នុងរឿងរាមាយណៈ); ក្នុងហោរាសាស្រ្តរាប់ថាជាទេវតាព្រះគ្រោះទី៨ ក្នុងពួកទេពតានព្វគ្រោះ មានអម្ពរ និងពាហនៈសុទ្ធតែខ្មៅ; ខ្មែរច្រើនហៅថា រាហុ៍, រាហូ ឬ រាហុអសុរិន្ទ ដែលជាសត្រូវតែងគ្របឬបាំង, ចាប់, លេបព្រះអាទិត្យព្រះចន្រ្ទ : រាហុ៍ចាប់ចន្រ្ទ, ថ្ងៃមានរាហុ៍ (ម. ព. គ្រាស ឬគ្រាះ និង ចន្រ្ទគ្រាស, សូរ្យគ្រាស ផង) ។ រាហុគ្រ័ស្ត (-គ្រ័ស) ដែលត្រូវរាហូចាប់ ។ រាហុមុខ មុខឬមាត់នៃរាហូ ។ ព. ប្រ. មានសណ្ឋានស្រដៀងនឹងមុខរាហូដែលជាងគូរឬឆ្លាក់ ។ (ម. ព. មុខរាហុ៍ ក្នុងពាក្យ មុខ ផង) ។ រាហុសត្រូវ (សំ. រាហុឝត្រុ) សត្រូវនៃរាហូ គឺព្រះចន្ទ; វិស្ណុ ។ រាហុអសុរិន្ទ (បា. < រាហុ “រាហូ” + អសុរ “អសុរ” + ឥន្ទ “ដែលជាធំ”) រាហូជាធំលើពួកអសុរ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ