១. ព្យញ្ជនៈ “រ”
“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រុក្ខ” ដូចខាងក្រោម៖
-ពាក្យ “រុក្ខ” ( អានថា រុក-ខៈ ) ( ន. ) (បា. ; សំ. វ្ឫក្ស) ឈើ ។ ប្រើជាបទសមាស, ដូចជា : រុក្ខចេតិយ ដើមឈើដែលមានគេគោរពរាប់អានថាជារបស់ស័ក្តិសិទ្ធិ ។ រុក្ខច្ឆាយា ម្លប់ឈើ ។ រុក្ខជាតិ ជាតិឈើ, ឈើគ្រប់យ៉ាង ។ រុក្ខទេវតា ទេវតាដែលអាស្រ័យនៅនាដើមឈើ ។ រុក្ខប្បទេស (រុក-ខ័ប-ប៉ៈ-) ព្រៃ, ដងព្រៃ ។ រុក្ខផល ផ្លែឈើ ។ រុក្ខផលាផល ផ្លែឈើតូចធំ ។ រុក្ខមូល ទីប្របដើមឈើ ។ រុក្ខមូលិក អ្នកកាន់ធុតង្គមួយប្រភេទ តមមិននៅក្នុងទីប្រក់ទីបាំង ត្រូវនៅអាស្រ័យតែក្នុងម្លប់ឈើ (ព. ពុ.) ។ រុក្ខវិថី ថ្នល់ទូលាយក្នុងទីក្រុងដែលមានដើមឈើរៀងជាជួរហូរហែអមតាមចិញ្ចើមផ្លូវ (ប៉ុន្តែទីទៃពីមហាវិថីនិងវិថីឯទៀត) ។ រុក្ខសាខា មែកឈើ ។ រុក្ខាវយវៈ (បា. < រុក្ខ+អវយវ) អវយវៈរបស់ឈើ (មានមែក, សន្លឹកជាដើម) ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ