១. ព្យញ្ជនៈ “វ”
“វ” ជាព្យញ្ជនៈទី៤ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “វន ឬ វ័ន” ដូចខាងក្រោម៖
-ពាក្យ “វន ឬ វ័ន” (អានថា វៈនៈ) (ន.) ព្រៃ ។ ទឹក, ទីនៅ, ទីអាស្រ័យ, ផ្ទះ, ភូមិលំនៅ,… ។ ប្រើផ្សំជាមួយនឹងសព្ទដទៃ : វនកុសុម ផ្កាព្រៃ, ផ្កាដុះក្នុងទឹក ។ វនគជ (អានថា -គច់) ដំរីព្រៃ ។ វនគោចរ ការត្រាច់ស្វែងរកអាហារក្នុងព្រៃ ។ វនចរ, វនចរកៈ, វនេចរ ពនេចរ, ថ្មើរព្រៃ, ព្រានព្រៃ ។ វនជីវិកា ការចិញ្ចឹមជីវិតឬការរស់នៅក្នុងព្រៃ ។ វនទេវតា ទេវតាដែលស្ថិតនៅក្នុងព្រៃ ។ វនន្តរ (អានថា វៈន៉ន់-ដ) ចន្លោះឬលង្វែកព្រៃ ។ វនបាល ឬ វនបាលកៈ អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ (បើស្រ្តីជា វនបាលី ឬ វនបាលិកា) ។ វនបិសាច បិសាចរក្សាព្រៃ, ខ្មោចព្រៃ, ម្រេញគង្វាល ។ វនបុស្ប (អានថា -បុស) ផ្កាព្រៃ ។ វនប្បទេស (អានថា វៈន័ប-ប៉ៈ-) ឬ វនប្រទេស ព្រៃ, ព្រៃទាំងមូល ។ វនប្បវេស (អានថា វៈន័ប-ប៉ៈ-) ការចូលទៅកាន់ព្រៃ ។ ឈ្មោះកណ្ឌទី៤នៃមហាវេស្សន្តរជាតក (ព. ពុ.)។ វនមូលផលាផល (អានថា វនៈមូលៈផៈល៉ាផល់) មើមដំឡូងនិងផ្លែឈើតូចធំក្នុងព្រៃ ។ វនរតិ សេចក្ដីរីករាយក្នុងព្រៃ, ការចូលចិត្តនៅក្នុងព្រៃ ។ វនវប្បកម្ម (អានថា -វ៉ាប់-ប៉ៈ-) ការដាំឈើព្រៃ, វិទ្យាសាស្រ្តខាងការបណ្ដុះនិងការថែរក្សាដើមឈើ ។ វនវប្បករ អ្នកដាំ, បណ្តុះ, ថែរក្សាឈើព្រៃ ។ វនវាស ការនៅក្នុងព្រៃ ។ វនវាសី អរញ្ញវាសី (អ្នកនៅក្នុងព្រៃ), បើស្រ្តីជា វនវាសិនី វនសណ្ឌ (អានថា វៈ នៈ-សន់) ដងព្រៃ ។ វនស្ថាន ឬ វនដ្ឋាន ទីព្រៃ, តួព្រៃ ។ល។ វនាល័យ (ម. ព. ពនាល័យ) ។ វនាលី ជួរព្រៃ, ជាយព្រៃ ។ វនាវាស (សំ. បា. < វន + អាវាស) លំនៅក្នុងព្រៃ ។ វនាស្រម (ម. ព. ពនាស្រម) ។ វនាស្រ័យ (ម. ព. ពនាស្រ័យ) ។ ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)