១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្ការ” ដូចខាងក្រោម៖
-ពាក្យ “សង្ការ” ( អានថា សង់-កា ) ( ន. ) (សំ. សំស្ការ; បា. សង្ខារ) សង្ខារ; … ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការលើកសពធ្វើឈាបនកិច្ច, ការគាស់ខ្មោចដុត, ការលើកខ្មោចស្រោចឆ្អឹង” និយាយបានតែជាមួយនឹងពាក្យថា “លើកសព” : លើកសពសង្ការ (លើកសពសង្ខារ); បើឲ្យត្រឹមត្រូវ គួរនិយាយថា លើកសពសំស្ការ ។
-ពាក្យ “សង្ការ” ( អានថា សង់-ការ៉ៈ ឬ -កា ) ( ន. ) (បា. ; សំ. សំករ ឬ សង្ការ) សំរាម ។ សង្ការកូដ (សង់ការ៉ៈកូត) គំនរឬពំនូកសំរាម ។ សង្ការច្ឆទ្ទក (សង់ការុ័ច-ឆ័ត-ទៈកៈ ឬ -ទក់) អ្នកចាក់សំរាម, អ្នកស៊ីឈ្នួលចាក់សំរាម; បើស្ត្រីជា សង្ការច្ឆទ្ទិកា ។ សង្ការដ្ឋាន ឬ សង្ការធាន (សង់ការុ័ត-ឋាន ឬ -រ៉ៈធាន) កន្លែងចាក់សំរាម ។ កាព្យធៀបពុទ្ធភាសិតថា : ឧប្បលបទុម ដើមតូចដើមធំ ផ្ការីកក៏មាន ដែលដុះនៅក្នុង សង្ការធាន ផ្កានោះពុំបាន ច្រឡំនឹងគល់ ។ សុមេធកុលបុត្ត មានប្រាជ្ញាមុត ឈ្លាសធ្លុះយង់យល់ កើតក្នុងត្រកូល ងងឹតងងល់ រែងជាបុគ្គល ភ្លឺស្វាងខុសគេ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ