១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សម្លោក” ដូចខាងក្រោម៖
-ពាក្យ “សម្លោក” ( អានថា សំ-ល៉ោក ) ( ន. ) ( សំ. ឝ្លោក; បា. សិលោក “គាថា, កាព្យ; ពាក្យសរសើរ”) ពាក្យស្លោក ។ ខ្មែរប្រើពាក្យស្លោកនេះផ្សេងពីសំស្ត្រឹតនិងបាលី គឺខ្មែរប្រើចំពោះតែពាក្យរៀលចួនរណ្តំ ច្រើនតែទាយលក្ខណៈមនុស្សឬសត្វពាហនៈ គឺគោ, ក្របី, ដំរី, សេះ និងបសុសត្វមានឆ្កែ, ឆ្មាជាដើម, ដូចជាសម្លោកមនុស្សថា មុខខ្លា ចង្កាហុីង ពោះទ្រពីង ច្រមុះទាល ទាយថា មនុស្សមានលក្ខណៈបែបនេះ ច្រើនអង់អាចរលុះរលាញ មានសម្ដីថ្វីមាត់ក្អេងក្អាង… ។ បើគោបម្រើមានសម្លោកថា : ខ្នងកោង ក្រចកញី កន្ទុយខ្លី ភ្នែកលៀន ទំនាយថា គោនេះខ្លាំងរួសស្រណុកប្រើមិនស្ពឹក ។ ចងសម្លោក ឬ និពន្ធសម្លោក តែងជាពាក្យស្លោក : ចាស់ៗ បានពិនិត្យលក្ខណៈហ្មត់ចត់ហើយ ទើបនិពន្ធសម្លោកទុក ។ (ម. ព. ស្លោក ទៀតផង) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ