១. ព្យញ្ជនៈ “អ”
“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អត់” ដូចខាងក្រោម៖
-ពាក្យ “អត់១” (កិ.) ទ្រាំ, ធន់, ធន់ទ្រាំ, ខំទប់ : អត់កំហឹង, ខំអត់មិនស្ដីតតប ។ អត់ងងុយ ទ្រាំងងុយ ។ អត់ធន់ អត់ទ្រាំ, ប៉ិនធន់, ប៉ិនទ្រាំ ។ អត់ធ្មត់ (ម. ព. ធ្មត់) ។ អត់សង្កត់ ខំទប់ចិត្តមិនឲ្យកម្រើក ។ អត់អាស្រ័យ មិនប្រកាន់ដោយដាច់ខាត, ប្រថុយយក, ប្រថុយប្រើ (ក្លាយមកពី អត់អធ្យាស្រ័យ ) ។ អត់ឱន បន្ទន់ចិត្តអត់ទ្រាំ, ខំទ្រាំអត់មិនប្រកាន់ទោស ។ ព. កា. ថា : អត់ឱនឥតទោស ធ្វើចិត្តសន្តោស បង្កើតជាទ្រព្យ មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្តីពុំគាប់ ជាគន្ធពិដោរ ។ (សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ការ) ។ អត់ឲ្យ ទ្រាំឲ្យ, បណ្តោយឲ្យ : អត់ឲ្យគេថាសិនចុះ! ។ល។ (ព. កា.) : អត់ឲ្យបណ្តោយឲ្យឡើងចាង តែក្នុងរវាងកាលដ៏ខ្លី អត់ឲ្យយូរពេកច្រើនអប្រីយ៍ ស្ដីថាហួសពេកច្រើនបានទោស ។ អត់ឲ្យយ៉ាងច្រើនត្រឹមបីដង កុំឲ្យកន្លងព្រោះសន្តោស ក្រែងនឹងប្រែក្លាយជារឿងថ្លោស នាំឲ្យរឱស្ឋកែលែងកើត ។
-ពាក្យ “អត់២” (និ.) ពាក្យបដិសេធ ប្រាប់សេចក្ដីថា “ឥត, មិន, គ្មាន, មិនមាន”, ប្រើជា កិ. ក៏បាន : អត់ទេ គ្មានទេ, អត់អ្វីឲ្យ គ្មានអ្វីឲ្យ ។ អត់ឃ្លាន ឃ្លានព្រោះគ្មានអ្វីបរិភោគ ។ ស្រុកអត់ឃ្លាន ស្រុកអត់បាយ ។ អត់ឃ្លានមានបើស៊ី គ្មានអ្វីបរិភោគក៏ទ្រាំអត់ មានក៏បរិភោគ : អត់ឃ្លាតមានបើស៊ី សុខទុក្ខជាមួយគ្នា ។ អត់បាយ គ្មានបាយ; មិនបានបរិភោគបាយ ។ ស្រុកអត់បាយ ស្រុកកើតទុរ្ភិក្ស ។ អត់បើ និ. ពុំសមបើ : អត់បើនាំឲ្យរវល់ ។ អត់បើអត់ និ. ម្នៅៗ : អត់បើអត់ ទៅស្ដីថាឲ្យគេ ទាល់តែមានរឿងឈ្លោះប្រកែក! ។ អត់បើអ្វីទេ មិនមានរឿងហេតុអ្វីទេ, ឥតទាស់អ្វីទេ (ព. សា. អត់បើអីទេ) ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)