១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាប” ដូចខាងក្រោម៖
-ពាក្យ “សាប” ( កិ. ) បាចគ្រាប់ស្រូវពូជដែលត្រាំហើយ ទៅក្នុងទីថ្នាលដើម្បីឲ្យដុះជាសំណាប : ខ្ញុំសាបបានពីរថ្នាលហើយ ។ សាបព្រោះបណ្ដុះដាំ សាបខ្លះព្រោះខ្លះបណ្ដុះខ្លះដាំខ្លះ ។ ព. ប្រ. ទំនុកបម្រុងផ្ចុងផ្តើមឲ្យកើតកាលវាលគុម្ព ។ សាបពូជវិជ្ជា បណ្ដុះវិជ្ជាឲ្យចេះតែដុះលូតលាស់ចម្រើនតៗទៅ ។ សាបពូជសុជីវធម៌ បង្ហាត់បង្រៀនប្រាប់ពន្យល់គ្នាឲ្យចេះ, ឲ្យប្រព្រឹត្តតាមសុជីវធម៌ជាសណ្ដាប់ធ្នាប់ល្អតៗទៅ ។ ព. កា. ថា : កុំសាបពូជពាល ក្រែងនាំឲ្យរាល ពេញទាំងភូមិស្រុក ត្រូវសាបពូជប្រាជ្ញ អាចនាំឲ្យសុខ គ្មានការណ៍អុកឡុក ស្រណុកនិត្យនៅ ។ល។
-ពាក្យ “សាប” ( ន. ) នេសាទុបករណ៍មួយប្រភេទ ត្បាញដោយបន្ទោះមូលតូចៗ សម្រាប់ដាក់ឲ្យត្រូវមច្ឆជាតិល្អិតៗ ។
-ពាក្យ “សាប” ( គុ. ) ដែលឥតរសប្រៃ : ទឹកសាប ។ ដែលមិនសូវប្រៃ, ដែលមានរសប្រៃតិច មិនល្មមដល់ការប្រកប : សម្លសាប ។ ព. ប្រ. ដែលឥតតម្លៃ, ដែលអស់អំណាច, អស់ពូកែ : សម្ដីសាប, សាបអំណាច, មន្តអាគមសាប ។ ដែលចេញអស់រសជាតិដើមហើយ : ផឹកថ្នាំមិនទាន់សាបមួយឆ្នាំងផង ប្រញាប់តែនឹងលែង ! ។ ដែលឥតរសជាតិខ្លាំង : ថ្នាំសាប (សម្រាប់ប្រើចុកស៊ីស្លា) ។ ព. ទ. បុ. ស្លឲ្យសាប បង្គុយឲ្យទាប គំនិតឲ្យវៃ ស្លសាបងាយបង់អំបិលថែម, បង្គុយទាបងាយឡើងទៅទីខ្ពស់, គំនិតវៃមិនដែលភ្លាត់ខូចការ ។ សាបឈឹង សាបឥតរសប្រៃសោះ ។ សាបឈ្លេម សាបប្រហាត ។ សាបមាត់ នឹកចង់បរិភោគអាហារដែលមានរសប្រៃឬជូរ (ច្រើនតែទើបងើបពីឈឺ) ។ ព. ប្រ. នឹកចង់បានរអូចមិនស្រាក : កុំបញ្ចេញរបស់ល្អៗ មកដាក់សម្ងាចឲ្យចោរសាបមាត់ ! ។ សាបរលាប ឥតអំណាច, ឥតតម្លៃ ។ សាបសូន្យ បាត់សូន្យ, វិនាសអស់ ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ