-ប្រវត្តិទង់ក្រពើ (ទី១)
កាលព្រះសម្មាសម្ពុទ្ធ គង់ធរមាននៅឡើយ មានសត្វក្រពើញីឈ្មោល១គូ មានសេចក្តីជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏ចូលទៅសុំព្រះពុទ្ធអង្គបួស តែព្រះពុទ្ធអង្គទ្រង់ពុំព្រមអនុញ្ញាត ព្រោះជាសត្វតិរច្ឆាន។ ក្រពើញីឈ្មោលបានក្រាបទូលព្រះអង្គថា ដោយយើងខ្ញុំព្រះអង្គទាំងពីររូបពុំមាននិស្ស័យនឹងព្រះពុទ្ធសាសនា អាស្រ័យដូចនេះទូលព្រះបង្គុំទាំងពីរសូមធ្វើការសំណូមពរព្រះអង្គមេត្តាប្រោសប្រណីថា “បើយើងខ្ញុំស្លាប់ទៅ សូមឲ្យគេយកស្បែកយើងខ្ញុំទាំងពីរ ទៅដោតធ្វើជាទង់ថ្វាយចំពោះព្រះភ័ក្រ្តព្រះអង្គទុកជាសក្ការៈបូជាកុំបីខានឡើយ” ។ ព្រះពុទ្ធអង្គទ្រង់ទទួលសំណូមពរនោះដោយព្រះមេតា្ត។ លុះក្រពើនោះស្លាប់ទៅ គេក៏យកស្បែកក្រពើទៅដោតថ្វាយតាមសំណូមពរមែន។ លុះកាលបន្តមក ពេលព្រះសម្មាសម្ពុទ្ធ ទ្រង់ចូលបរិនិព្វាន្តទៅ ស្បែកក្រពើនោះក៏ពុករលួយអស់ពុំអាចយកមកធ្វើជាទង់ដោតថ្វាយព្រះអង្គបាន គេក៏នាំគ្នាយកសំពតស ឬក្រដាសមករចនាធ្វើជារាងស្បែកក្រពើដើម្បីជាតំណាងតទៅទៀត។ ដូចយើងតែងឃើញគេដោតទង់ក្រពើនៅគ្រប់កនែ្លងអាសនៈព្រះពុទ្ធរូបស្រាប់។
-ប្រវត្តិទង់ក្រពើ (ទី២)
កាលណាមានមនុស្សស្លាប់ គេតែងយកទង់ក្រពើទៅចងនៅមុខផ្ទះ ឬទីណាមួយដែលញ្ញាតិមិត្តបងងប្អូនជិតឆ្ងាយអាចមើលឃើញបាន។ គេចងទង់ក្រពើមួយ ឬពីរ (មិនកំណត់) ហើយជាទំនៀមទម្លាប់របស់ខ្មែរយើងទូទាំងប្រទេសទៅហើយ។ នៅសម័យដើម ឬសម័យនេះក៏ដោយ បើគ្រួសារខ្មែរយើងខ្លះនៅកាន់ទំនៀមទម្លាប់កប់សាកសពប៉ុណ្ណេះប៉ុណ្ណោះឆ្នាំ ទើបលើកយកឆ្អឹងយកមកបូជា គេតែងចងទង់ក្រពើនៅក្បែរផ្នូរខ្មោច រហូតទាល់តែទង់នោះដាច់ដោយខ្លួនឯង។ ជួនអីបើដល់ថ្ងៃខួបនៃសពដែលទទួលមរណភាពនោះ គេក៏នឹងចងទង់ថ្មីមួយទៀតក៏មាន។
-ការនិយមចងទង់ក្រពើនេះមានប្រវត្តិដូចតទៅនេះ
ក្នុងរាជស្ដេចអង្គចន្ទ័ទី២ (រាជធានីនៅឧដុង្គមានជ័យ) ស្ដេចមានបុត្រីមួយព្រះអង្គ ប្រកបដោយរូបឆោមឡោមពណ៌ល្អ ព្រះនាមព្រះអង្គម្ចាស់ក្សត្រី ក្រពុំឈូក ប៉ុន្តែកាលទ្រង់ព្រះជន្មាបាន ១៦ព្រះវស្សា ក៏ត្រូវក្រពើមួយដ៏ធំឈ្មោះ អាធន់ ដែលក្លាយខ្លួនមកពីលោកនេនមួយអង្គឈ្មោះ នេនធន់ បានចាប់លេបព្រះនាងទាំងរស់។ ព្រះអង្គជាបិតា ទ្រង់មានភាពរំជួលចិត្តសោកសង្រែង និងសោកស្ដាយជាពន់ពេកក្រៃ ទើបទ្រង់បានចាត់រៀបពិធីការផ្សងកន្ទោងខៀវ ដើម្បីដេញតាមរកក្រពើ នេនធន់ អស់រយៈពេលជាច្រើនថ្ងៃ។ លុះដល់ថ្ងៃទី៧ ក៏ចាប់ក្រពើនោះបាននៅខេត្តក្រចេះ។ ដោយមាតានៃក្សត្រី ក្រពុំឈូក នេះនឹកស្រឡាញ់កូនខ្លាំងពេក ទ្រង់ក៏ឲ្យគេវះពោះក្រពើយកបុត្រចេញភ្លាម ប៉ុន្តែក្សត្រី ក្រពុំឈូក បានសុគតបាត់សង្ខារទៅហើយ។ ព្រះអង្គចន្ទ័ទី២ ជាបិតាបានឲ្យគេសង់វិហារមួយត្រង់កន្លែងវះពោះក្រពើ នេនធន់ នោះ ដោយធ្វើសសរដល់ទៅ ១០០ដើម ហើយនៅមុខវិហារសសរ១០០ (មួយរយ)នោះ ព្រះអង្គបានឲ្យធ្វើចេតិយមួយយ៉ាងធំ និងបានដើរចាប់ស្ត្រីមានផ្ទៃពោះ ២០នាក់ មកសម្លាប់យកក្បាលធ្វើជាគ្រឹះចេតិយ ហើយឲ្យសាងរូបក្សត្រី ក្រពុំឈូក ឈរលើចេតិយ ហើយឲ្យគេយកស្បែកក្រពើ នេនធន់ ទៅពន្លះឆ្កាងទាំងអស់នៅក្បែរចេតិយនោះផង។ តាមសេចក្តីតំណាលរបស់អ្នកស្រុកថា កាលពីជំនាន់ដើមគ្មានអ្នកណាហ៊ានដើរកាត់មុខចេតិយនេះទេ បើស្ត្រីមានផ្ទះពោះដើរកាត់មុខនឹងត្រូវស្លាប់ភ្លាម។
តាមសេចកី្តតំណាលរបស់អ្នកស្រុកថា កាលពីជំនាន់ដើមគា្មនអ្នកណាហ៊ានដើរកាត់មុខចេតិយនេះទេ បើស្រ្តីមានផ្ទៃពោះដើរកាត់មុខនឹងត្រូវស្លាប់ភា្លម។ កាលសេចក្តីតំណាលខាងលើនេះ នាំឲ្យយើងយល់ថា ទង់ក្រពើនេះមានរឿងរ៉ាវ ឬបុព្វហេតុមកពី សេ្តចអង្គចន្ទទី២ បានឲ្យគេវះស្បែកក្រពើនេនធន់ យកមកចងមុខព្រះចេតិយ ព្រះម្ចាស់ក្សត្រីក្រពុំឈូក ជាបុត្រី ដូច្នេះបានជាគេនាំគ្នាហៅទង់នេះថា “ទង់ក្រពើ” នោះឯង។
…ទង់ក្រពើនេះមានរូបរាងដូចជាស្បែកក្រពើ ដែលគេបានពន្លះចងឆ្កាងមានក្បាល ខ្លួន ជើង កន្ទុយ ប៉ុន្តែដោយហេតុថាសិល្បៈខ្មែរប្រភេទណាក៏ដោយ តែងមានការវិវត្តន៍ប្រែប្រួលជានិច្ច ដូច្នេះបានជាទង់ក្រពើនេះជួនអីមាន ជើងដល់ទៅ ៨ និងមានកន្ទុយ២។ ក្នុងពិធីបូជាសពលោកគ្រូចៅអធិការវត្ត ឬ ព្រះឧបជ្ឈាយ៍ ឬក៏លោកសង្ឃអង្គណាមួយដែលមានសមណសក្តិគុណសម្បត្តិខ្ពង់ខ្ពស់ គេតែងធ្វើទង់ក្រពើធំវែងមានក្បាច់ច្រើន ហើយប្រើក្រណាត់សំពត់ច្រើនពណ៌ថែមទៀត។ ប៉ុន្តែតាមធម្មតាគេធ្វើត្រឹម ៥ម៉ែត្រយ៉ាងវែង គេធ្វើដោយសំពត់សតែម្យ៉ាង។ ទង់នេះគេច្រើនប្រើតែពីរប៉ុណ្ណោះ ប៉ុន្តែជាទង់តូចៗដែលគេដោតនៅជុំវិញឈាបនដ្ឋានជាដើម គ្មានកំណត់ថាប៉ុន្មានៗឡើយ៕
-សូមចុច link ដើម្បីអានអត្ថបទប្រវត្តិទង់ព្រលឹង : https://phkaslapartner.com/learn/general-culture-tung-pro-loeng/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅ “លំនាំអានទំនៀមខ្មែរបុរាណ” ដោយ ៖ ស្រូវ

2 Responses