-អំពីទង់ព្រលឹង
នៅគ្រប់ស្រុកប្រទេសកម្ពុជា គេតែងនិយមប្រើទង់ក្រពើ និងទង់ព្រលឹងនៅពេលដែលមានបុគ្គលណាម្នាក់ស្លាប់។ កាលណាអ្នកជំងឺមានកម្លាំងតិចជិតនឹងអស់ខ្យល់ អស្សាសៈ បស្សាសៈ ហើយលោកអាចារ្យតែងយកសំពត់សប្រវែង៤ហត្ថ បត់ជាពីរ យកឈើ ឬបន្ទះឬស្សីពីរកំណាត់ដាក់ខ្វែងគ្នា គឺមួយជាដង មួយជាឈើឆ្កាង រួចស៊កក្នុងផ្នត់សំពត់ រួចចងបង្រួមក្រសោបក្រោយសម្រាប់កាន់ ដោយមានឆ្នាំងបាយថ្មីមួយចងបន្តោងភ្ជាប់នឹងដងទង់ហ្នឹង ហើយអាចារ្យសរសេរបាលីនៅផ្ទៃថា : ឥមំ ធជ បជាកំ តាវតឹសេ ភវនេ ចេតិយស្ស ឧយ្យោជេមិ ឥមិនា និស្សន្ទេន។ ឬសរសេរថា : អាទាយ វត ឥទំ អយំ តុសិតភវនំ អាគច្ឆន្តិ អសាមិកំ សុញ្ញំគណ្ហាមិ។
ហើយអាចារ្យលើកទង់នោះទៅដាក់នៅលើក្បាល់ដំណេកបុគ្គលដែលស្លាប់ រួចផ្ដាំបុគ្គល (ខ្មោច) នោះថា “ទង់ព្រលឹង” នេះជាសំបុត្រដើរផ្លូវរបស់អ្នកហើយ ចូរអ្នកកាន់ឲ្យជាប់ដើម្បីធ្វើដំណើរទៅថ្វាយបង្គំព្រះចូឡាមណីចេតិយព្រោះអ្នកទៅតែម្នាក់ឯងគ្មានអ្នកណានាំផ្លូវទេ។
-ប្រវត្តិទង់ព្រលឹង
កាលពីអតីតកាលដ៏យូរលង់ មានបុសម្នាក់មានកូនប្រុសមួយ (ចៅមាណព) ជាទីស្រឡាញ់ ចៅមាណពបានសុំឪពុកទៅរៀនសិល្ប៍សាស្រ្តឯនគរ តក្កសិលា លុះរៀនចប់ក៏សុំអាចារ្យទៅរៀនគ្រូផ្សេងទៀត ដើម្បីរៀនយកចំណេះវិជ្ជាថ្មីបន្ថែម។ លុះដើរទៅបានជួបនឹងព្រះបច្ចេកពុទ្ធមួយអង្គ ( ព្រះបច្ចេកពុទ្ធ ជាព្រះដែលត្រាស់ដឹងតែឯកឯង ប៉ុន្តែព្រះអង្គមិនអាចសម្ដែងធម៌ទេសនាប្រៀនប្រដៅអ្នកដទៃបានឡើយ ក្រៅពីការបដិបត្តិល្អធ្វើជាគម្រូដល់ជនទាំងឡាយ ) ឃើញលោកប្រព្រឹត្តល្អ តាមរបៀបសមណៈ មាណពនោះមានចិត្តស្រឡាញ់ជ្រះថ្លា ក៏ចូលទៅសុំរៀនក្នុងសំណាក់ព្រះបច្ចេកពុទ្ធ ហើយព្រះអង្គលោកក៏បានអនុញ្ញាតឲ្យរៀន ប៉ុន្តែលោកតម្រូវឲ្យចៅនោះបួសសិន…។ (មាណពបួសរួចហើយលោកបង្រៀនធម៌វិបស្សនាកម្មដ្ឋាន)។
នៅរៀងយូរៗទៅ មាណពនោះ បានសម្រេចពោធិញ្ញាណជា ព្រះបច្ចេកពុទ្ធមួយអង្គ ដូចជាព្រះបច្ចេកពុទ្ធជាបរមគ្រូនោះដែរ។ មិនយូរប៉ុន្មាន ព្រះអង្គបច្ចេកពុទ្ធ (ចៅមាណព) ក៏ចូលបរិនិព្វានទៅទាំងវ័យក្មេង គួរឲ្យស្រណោះ និងសោកស្ដាយបំផុតសម្រាប់បុគ្គលជាបុថុជ្ជនទាំងឡាយ។ កាលគ្រានោះ ដោយមានចិត្តគោរពស្រឡាញ់ ព្រះអង្គបច្ចេកពុទ្ធ (ចៅមាណព) អ្នកស្រុកភូមិនៅក្បែនោះនាំគ្នាមូលមីរៀបចំធ្វើពិធីបុណ្យបូជាសពជូនព្រះអង្គ ហើយបានក៏សាងចេតិយមួយបញ្ចុះអដ្ឋិធាតុព្រះបច្ចេកពុទ្ធអង្គនោះត្រង់ផ្លូវបំបែកដើមភូមិ។
និយាយពីបុរសជាឪពុក ដោយបានបាត់ដំណឺងកូនយូរពេក លោកឪពុកក៏សម្រេចចិត្តចេញទៅតាមរកកូនជាទីស្រឡាញ់របស់ខ្លួន រហូតធ្វើដំណើរដល់ស្រុកនោះហើយក៏ស្វះស្វែងស៊ើបសូររកកូន… អ្នកស្រុកក៏បានរៀបរាប់ប្រាប់តាមដំណើររឿងថា : កូនរបស់អ្នក (ឪពុកចៅមាណព) បានសម្រេចជាព្រះបច្ចេកពុទ្ធមួយអង្គ ហើយចូលបរិនិព្វានបាត់ទៅហើយ។ បុរសជាឪពុកបានឮដំណឹងនេះហើយ មានអារម្មណ៍តក់ស្លុតក្តុកក្តួល ក៏បានស្រែកយំសោកស្ដាយអាឡោះអាល័យកូនពេកក្រៃ…។ បន្ទាប់មកឪពុកក៏បានទៅមើលចេតិយ និងដងទឹកស្រោចស្រពទ្រនាប់ខ្សាច់ចេតិយ រួចយកក្រមាបង់ក ចងធ្វើជាទង់ ដោយឧទិ្ទសថ្វាយនៅមុខចិតេយរបស់កូន ហើយថ្វាយបង្គំលាវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយក្តីសោកសង្រែងពន់ពេក ត្បិតខ្លួនមិនបានជួបមុខកូនជាចុងក្រោយ ហើយបែរខ្លួនជាឪពុកចាស់ជរា ជាអ្នកជូនដំណើរ និងគោរពសពកូនជាទីស្រឡាញ់ទៅវិញ។
ដោយមើលឃើញពីការស្រឡាញ់ និងគោរពរបស់ឪពុកចៅមាណព (ព្រះបច្ចេកពុទ្ធ) ដូច្នោះ អ្នកស្រុកនៅជិតនោះក៏យកតម្រាប់តាម។ លុះចំណេរកាលតមកទៀត ក៏ក្លាយទៅជាទំនៀមទម្លាប់របស់អ្នកស្រុកអ្នកភូមិ គឺពេលដែលហែរ (សព) ខ្មោច អាចារ្យលោកតែងលីទង់ព្រលឹងដើរមុខរហូតដល់ទីប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឦសាន ជាសញ្ញាឲ្យខ្មោចនោះដឹងថា ខ្លួនត្រូវចេញដំណើរទៅតាមទិសឦសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡាមណីចេតិយ…៕
-សូមចុច link ដើម្បីអានអត្ថបទប្រវត្តិទង់ក្រពើ : https://phkaslapartner.com/learn/general-culture-tung-kro-per/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅ “លំនាំអានទំនៀមខ្មែរបុរាណ” ដោយ ៖ ស្រូវ
