វត្តកៀនស្វាយក្រៅ ស្ថិតនៅក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចម្ងាយផ្លូវសរុបពីភ្នំពេញ ១៩គ.ម។ ដើម្បីទៅដល់វត្តនោះ អ្នកទេសចរត្រូវធ្វើដំណើរតាមជាតិលេខ១ ដោយឆ្លងកាត់ស្ពានព្រះមុនីវង្ស លុះទៅដល់គីឡូម៉ែត្រលេខ១៩ នៅខាងឆ្វេងដៃ ដែលមានក្លោងទ្វារបញ្ជាក់ថា វត្តកៀនស្វាយក្រៅ។
បន្តដំណើរតាមផ្លូវលំនោះ ចម្ងាយប្រហែល ៣០០ម៉ែត្រទៀតនឹងទៅដល់ទីអារាមនោះ។ ក្រៅពីទីអារាម ទីនេះក៏ជារមណីយដ្ឋានទេសចរណ៍មួយដែលទាក់ទាញ ភ្ញៀវទេសចរបានយ៉ាងច្រើន។ រមណីយដ្ឋាននេះមានផ្ទៃដី ១០ហិចតា កើតឡើងនៅក្រោយឆ្នាំ១៩៧៩ ដោយសារទីនេះមានសម្រស់ធម្មជាតិដ៏អស្ចារ្យ លម្អដោយម្លប់ឈើខ្ពស់ៗ តូចធំដ៏ត្រជាក់ត្រឈឹងត្រឈៃ និងមានដំណាំចម្ការ និង ដំណាំហូបផ្លែច្រើនគ្រប់មុខដ៏ស្រស់បំព្រងទៀត។
ក្រៅពីនេះ នៅមានសម្រស់ទន្លេខ្ទបដ៏វិសេសវិសាលមួយទៀត ដែលបែកចេញពីទន្លេមេគង្គហូរកាត់ទឹកដីដ៏សម្បូរជីវជាតិ និង ចម្ការរុក្ខជាតិដ៏ស្ដុកស្ដម។
ទន្លេនេះហាក់ដូចជាប្រគល់ខ្លួនទាំងស្រុងដល់អ្នកស្រុកនៅទីនេះក្នុងការប្រកបរបរ ដាំដុះ និងរស់នៅក្នុងក្តីសង្ឃឹម។
ដើមរុក្ខជាតិហូបផ្លែតូចធំ បានដុះទោរទន់ទៅរកផ្ទៃទឹកប្រប និងឆ្នេរទន្លេខ្ទបហើយបែកមែកត្រសុំត្រសាយចោលម្លប់ដ៏ធំល្វឹងល្វើយ ជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ត។
យើងឃើញថាទន្លេខ្ទបនេះ ជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសឱ្យមកកម្សាន្ត ព្រោះទីនេះមានខ្យល់អាកាសបរិសុទ្ធ និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង។
ទន្ទឹមនឹងនោះ ទន្លេជាមធ្យោបាយចម្លងពីទីនេះទៅកាន់ភូមិក្អម ដែលមានទេសភាពស្រស់ផងដែរ។ ភាគច្រើននៃអ្នកទេសចរ គឺមកពីភ្នំពេញ និង មកពីតំបន់ផ្សេងៗជុំវិញទីនោះ។ ម្យ៉ាងទៀតរមណីយដ្ឋាននេះមានការទាក់ទាញភ្ញៀវផងដែរ ដោយសារមានផ្ទះបណ្តែតទឹក អាហារដ្ឋាន និងល្បែងកម្សាន្តផ្សេងៗ ពីព្រោះនៅទីនោះមានឱជារសដ៏ឈ្ងុយឆ្ងាញ់នៃម្ហូបអាហារដូចជាមាន់ដុត ត្រីអាំង និងដំណាំហូបផ្លែដូចជា ខ្នុរ ល្មុត ស្វាយ ចេក ដូង…។ល។
ដោយអំណោយផលនៃធម្មជាតិ ធ្វើឱ្យតំបន់ទេសចរណ៍កៀនស្វាយនេះមានឥទ្ធិពលទាក់ទាញភ្ញៀវដូចជា ផ្ទះទឹកមានច្រើនតាមមាត់ទន្លេ។ ដូច្នេះមន្ទីរទេសចរណ៍ខេត្ត ក៏ដូចជាអាជ្ញាធរដែនដី និងគណៈកម្មាធិការភូមិរៀបចំអភិវឌ្ឍន៍ និងកែប្រែតំបន់ឱ្យបានកាន់តែប្រសើរដូចជា រៀបចំសណ្តាប់ធ្នាប់ការដាក់កង់ ម៉ូតូ ឡាន ឱ្យបានសមរម្យជៀសវាងភាពរញ៉ែររញ៉ែបាត់សោភ័ណ្ឌភាព។ រៀបចំអនាម័យដាក់ធុងសំរាមជៀសវាងការចោល សំរាមរហេតរហូតរបស់ភ្ញៀវ។ រៀបចំសណ្ដាប់ធ្នាប់លក់ដូររបស់ប្រជាជនឱ្យបានល្អ បង្កើតគោលនយោបាយល្អប្រសើរ និងរក្សាសន្តិសុខជូនភ្ញៀវទេសចរ។

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖
-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/KWjur935pxzTTeay9
-មធ្យោបាយធ្វើដំណើរ : ដើម្បីទៅដល់វត្តនោះ អ្នកទេសចរត្រូវធ្វើដំណើរតាមជាតិលេខ១ ដោយឆ្លងកាត់ស្ពានព្រះមុនីវង្ស លុះទៅដល់គីឡូម៉ែត្រលេខ១៩ នៅខាងឆ្វេងដៃ ដែលមានក្លោងទ្វារបញ្ជាក់ថា វត្តកៀនស្វាយក្រៅ។ បន្តដំណើរតាមផ្លូវលំនោះ ចម្ងាយប្រហែល ៣០០ម៉ែត្រទៀតនឹងទៅដល់ទីអារាមនោះ។
-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A
-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូបតាមរយៈអាហារដ្ឋាន Kien Svay View-សម្រស់កៀនស្វាយ។ ទំនាក់ទំនងតាមរយៈលេខ : 069 808 899
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A
-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តកណ្តាល : https://phkaslapartner.com/business-kamsan/hotel_hospitality/

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :
https://phkaslapartner.com/business-kamsan/travelingcambodia/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)
