១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រណោត” ដូចខាងក្រោម៖
-ពាក្យ “ត្រណោត” ( ន. ) វល្លិ, ចម្រៀកផ្ដៅ, ដើមរពាក់ឬខ្សែជាដើម សម្រាប់ដោតអ្វីៗដែលគូរដោតបាន : ត្រណោតត្រី, ត្រីមួយត្រណោត ។ កាសមួយត្រណោត គឺកាសចំនួន ១០ តៀន, ក្នុងមួយតៀនមាន ៦០ កាស, មួយត្រណោតត្រូវជា ៦ រយកាស, ដប់ត្រណោតហៅថា មួយបាច់ មាន ៦ ពាន់កាស (មានប្រើតែក្នុងសម័យចាយកាស) ។ ហៅ ហ្រ្វង្សចាស់ (ancien franc) ប្រទេសបារាំងថា ត្រណោតដែរ ហៅដោយធៀបនឹងកាសមួយត្រណោត; ក្នុងសម័យនោះមានសំដីថា ត្រណោតខ្មែរ, ត្រណោតបារាំង ។ ជាប់មួយត្រណោត ឬ ជាប់ទោសមួយត្រណោត (ព. ប្រ.) គឺជាប់ទោសទាំងមួយពួកឬទាំងមួយក្រុមរួមក្នុងពន្ធនាគារជាមួយគ្នា ។ ចាប់បានមួយត្រណោត (ព. ប្រ.) គឺចាប់ចោរបានទាំងមួយពួក ហើយដាក់ឃ្នាងឬដាក់ខ្នោះដៃចងភ្ជាប់គ្នាបណ្ដើរទៅកាន់ទីឃុំឃាំង ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ
