+សំណួរទី២៣៦ :
តើអក្សរសិល្ប៍ (សិល្បៈ) ចែកជាប៉ុន្មានទម្រង់ ? ចូរអធិប្បាយ។
-ចម្លើយទី២៣៦ :
អក្សរសិល្ប៍ (សិល្បៈ) ចែកចេញជា៧ទម្រង់រួមមាន ៖
-ទី១. ទម្រង់និម្មាបនកម្ម (ស្ថាបត្យកម្ម) គឺជាសិល្បៈសាងសង់អគារនិងរមណីដ្ឋានកម្សាន្តផ្សេងៗស្របតាមក្រិតក្រម នៃសោភណភាពនៅក្នុងទីកន្លែងសំណង់ទាំងនោះ មនុស្សរស់នៅ និងបញ្ចេញសកម្មភាពរបស់ខ្លួន។
-ទី២. ទម្រង់ចម្លាក់ គឺជាប្រភេទសិល្បៈសូនរូប ដែលរូបារម្មណ៍របស់ខ្លួនត្រូវបានសម្តែងឡើងក្នុងអាកាស និងមាឌ។
-ទី៣. ទម្រង់គំនូរ គឺជាផ្នែកមួយ ក្នុងចំណោមសិល្បៈសូនរូបសំខាន់ៗទាំងឡាយដែលវិសេសភាពរបស់ខ្លួនតំណាងឲ្យវត្ថុ និងបាតុភូតទាំងឡាយនៃតថភាព តាមបែបសិល្បៈ និងស្ថិតនៅលើផ្ទៃវត្ថុមួយតាមរយៈការផាត់ពណ៌។
-ទី៤. ទម្រង់តន្ត្រី គឺជាសិល្បៈ ដែលទម្រង់ និងប្រព័ន្ធរូបារម្មណ៍របស់ខ្លួនកើតឡើង តាមរយៈភាពតំណគ្នា ជាពិសេសនៃសូរសំឡេងប្រកបដោយចង្វាក់លើកដាក់។ សិល្បៈតន្ត្រី អាស្រ័យដោយប្រើប្រាស់ ជាពិសេសនូវមធ្យោបាយសម្តែងមានសក្តិ (សមត្ថភាព “Capability”) ធ្វើសកម្មភាពមួយខ្លាំងក្លា និងផ្ទាល់ទៅលើចិត្តរំភើបរបស់មនុស្ស។
-ទី៥. ទម្រង់របាំ គឺជាសិល្បៈខាងកាយវិការ អនុវត្តទៅតាមចង្វាក់បទភ្លេងដោយមនុស្សមួយនាក់ ពីរនាក់ ឬច្រើននាក់ ដើម្បីឲ្យល្អមើលផង ពីរោះផង និងភ្ជាប់អត្ថន័យផង។
-ទី៦. ទម្រង់អក្សរសិល្ប៍ គឺជាសិល្បៈនៃការតែងនិពន្ធអត្ថបទដោយប្រើប្រាស់អក្សជាមូលដ្ឋាន (មធ្យោបាយ) សម្រាប់បង្កើតបានជារឿប្រលោមលោកក្តី កំណាព្យក្ដី … តាមរយៈសិល្ប៍វិធីធ្វើឲ្យអ្នកអាន អ្នកស្តាប់ អ្នកទស្សនាកើតចេញនូវក្តីរំភើប។
-ទី៧. ទម្រង់ភាពយន្ត (កុន) គឺជាសិល្បៈក្នុងចំណោមសិល្បៈទាំង៧ ដែលស្នាដៃទាំងឡាយត្រូវបានបង្កើតឡើង តាមរយៈការមើលឃើញ និងប្រកបដោយលក្ខណៈ សំយោគឡាយចម្រុះ ទៅដោយសិល្ប៍វិធីនិងទិដ្ឋភាពផ្សេងៗនៃសិល្បៈ ដូចជាអក្សរសិល្ប៍ តន្ត្រី របាំ ចម្រៀង សូនរូប ល្ខោនជាដើម។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ
